RFI
ការប្រែប្រួល​អាកាសធាតុដើមឆ្នាំ​២០២៤ កម្តៅ​ក្តៅខ្លាំង​​បំបែក​កំណត់ត្រាឆ្នាំចាស់
10, Feb 2024 , 10:39 am        
រូបភាព
ទិដ្ឋភាពកន្លែងភ្នំភ្លើង Grindavak Iceland ដែលថតម៉ោង៦ព្រឹក ថ្ងៃទី៨ ខែកុម្ភៈ២០២៤។ AP
ទិដ្ឋភាពកន្លែងភ្នំភ្លើង Grindavak Iceland ដែលថតម៉ោង៦ព្រឹក ថ្ងៃទី៨ ខែកុម្ភៈ២០២៤។ AP
ដោយ៖ហេង ឧត្តម
 
បន្ទាប់ពី​កម្តៅ​ក្តៅ​ខ្លាំង​នៅក្នុង​ឆ្នាំ២០២៣ ដើមឆ្នាំ​២០២៤នេះ ក៏​បង្ហាញ​សញ្ញាណ​មិន​ល្អ​ថែម​ទៀត​។ ​ ​ក្នុងខែ​មករាកន្លងទៅនេះ សីតុណ្ហភាព​មានកម្តៅក្តៅ​ជាង​សព្វ​មួយ​ដង​ និង​មិនដែល​ធ្លាប់​ជួប​ក្នុង​ប្រវត្តិសាស្ត្រ​ភព​ផែនដី។ ​​អ្នក​ជំនាញ​អាកាសធាតុអឺរ៉ុប បាន​បញ្ជាក់ក្នុង​របាយការណ៍​ថ្មីចុងក្រោយថា ត្រឹមតែ​១២ខែចុងក្រោយនេះ ​ភព​ផែន​ដែនដីបាន​ឡើង​កម្តៅ​ក្តៅ​ជាង ១,៥អង្សារសេ។ ពោល​គឺ សីតុណ្ហភាពភព​ផែនដី​ ​ក្តៅ​ជាង​ការ​រំពឹង​ទុក​ក្នុង​កិច្ចព្រម​ព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ឆ្នាំ២០១៥។ អ្នកឧតុនិយម​ពិភព​លោក ក៏​ព្យាករថា លទ្ធភាព​៩៩%​ដែល​ថា ឆ្នាំ២០២៤ ឋិតក្នុង​ចំណាត់ថ្នាក់ឆ្នាំ​៥ ក្តៅខ្លាំងបំផុត។​



ចន្លោះពី​​ខែកុម្ភៈឆ្នាំ២០២៣ ដល់​ខែ​មករា​២០២៤ កម្តៅក្នុង​បរិយាកាស​​ពិភពលោក​ មាន​សីតុណ្ហភាព​ក្តៅ​ ១,៥២អង្សារសេ ក្តៅ​ខ្លាំងជាង សម័យ​ឆ្នាំ​១៨៥០-១៩០០។ នេះ​បើ​ក្រុម​​អ្នក​ជំនាញ​អាកាសធាតុអឺរ៉ុប Copernicus ដែល​បាន​ផ្សាយ​របាយការណ៍​ព្យាករ​សីតុណ្ហ​ភាព​កម្តៅ​ផែនដី​ នៅថ្ងៃព្រហស្បតិ៍​ ទី​៨កុម្ភៈ។ ​​
 
អ្នក​ជំនាញ​អាកាសធាតុអឺរ៉ុប ​បញ្ជាក់​ទៀត​ថា ជាមួយ​នឹង​សីតុណ្ហភាពមធ្យម​​១៣,១៤អង្សារសេ បាន​ធ្វើឲ្យ​ខែ​មករា​២០២៤ ជាខែ​ក្តៅ​ជាង​ខែមករា​ផ្សេងទៀត​នៅក្នុង​ប្រវត្តិសាស្ត្រ ហើយ​ប្រការ​នេះ​ក៏​បណ្តាល​​ឲ្យ​មាន​រលកម្តៅ​ក្តៅខ្លាំងនៅ​ប្រទេស អាហ្វ្រិក​ខាង​ត្បូង និង​បង្កការ​ឆេះ​ព្រៃ នៅ​ប្រទេស​ កូឡុំប៊ី និង ឈីលី។ ​​ខែ​មករា​កន្លងទៅនេះ ​ក៏​ជា​ខែទី​៨ ដែល​កម្តៅ​ក្តៅ​ខ្លាំង​ជាប់ៗគ្នា បន្ត​ពីឆ្នាំ២០២៣។ ២០២៣ ជា​ឆ្នាំ​ក្តៅ​ខ្លាំង​មិន​ធ្លាប់ជួប​នៅក្នុង​ប្រវត្តិសាស្ត្រ​ភព​ផែនដី។
 
​​ខែមករា រំលង​ផុតទៅនេះ​ ​សីតុណភាពនៅ​ក្នុងទឹក​​សមុទ្រ​វិញ ក៏ក្តៅ​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​។ ជាកំណត់​ត្រា​ថ្មី ដែល​ ទឹក​សមុទ្រ​មាន​កម្តៅក្តៅ​ជា​មធ្យម ២០,៩៧អង្សារសេ។​ ចំនួន​នេះ ត្រូវ​អ្នក​វិទ្យាសាស្ត្រ​កត់​ត្រាថា ជាខែទី២ បន្ទាប់ពី​ខែ​សីហា២០២៣ ដែល​​មាន​កម្តៅ​ទឹកសមុទ្រ ក្តៅដល់ទៅ ២០,៩៨​អង្សារសេ។​
 
បាតុភូត​ប្រែប្រួល​កម្តៅក្តៅ​នេះ ក៏​នាំឲ្យ​អាកាសធាតុ​ត្រជាក់​ក៏ប្រែប្រួល​ខុស​ពី​ទម្លាប់សព្វ​មួយ​​ដែរ តួយ៉ាង​នៅ​បណ្តាល​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង អេស្ប៉ាញ ព្រមទាំង​ផ្នែក​ខ្លះ​របស់​សហរដ្ឋអាមេរិក កាណាដា មជ្ឈិមបូព៌ា ​និង​អាស៊ី​កណ្តាល។  
 
ទិន្នន័យនេះ បង្ហាញ​ឲ្យឃើញច្បាស់ថា សីតុណ្ហ​ភាព​ភព​​ផែនដី​ ​ក្តៅ​ជាង​ការ​រំពឹង​ទុក​ក្នុង​កិច្ចព្រម​ព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ឆ្នាំ២០១៥ ដែល ប្រទេស​ក្នុង​ពិភពលោក​ធ្លាប់​បាន​សន្យា​​ខំព្យាយាម​ពន្យារល្បឿន​ការប្រែប្រួល​អាកាកាស​ធាតុ​​និងបន្ថយ​ផលវិបាក។ លោក រីឆាត បេត នាយកសិក្សា​អំពី​ផល​ប៉ះពាល់​អាកាសធាតុ​ នៅ​ការិយាល័យ​ឧតុនិយមអង់គ្លេស​ បាន​សង្កត់ធ្ងន់ថា របាយការណ៍​ថ្មីរបស់អ្នក​ជំនាញ​អឺរ៉ុប​នេះ ជាការអំពាវនាវ​ដាស់​ស្មារតីជាថ្មី​ឲ្យ​យើង​យក​ចិត្តទុក​ដាក់​ចំពោះ​អាកាសធាតុ​ ហើយ​និង​រក​មធ្យោបាយ​សម្របខ្លួន។ ចំពោះ​លោក ប្រាយអែន ហូស្កីន អ្នកស្រាវជ្រាវ នៃ​ Imperial College London របាយការណ៍​ថ្មីនេះ ជាការ​ព្រមាន​ឲ្យ​ឆាប់​រក​វិធានការ​ដោះស្រាយ​បន្ទាន់​បំផុត​ ដើម្បីទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ។
 
អ្នកស្រី សាមានថាន បួរកេស​ អនុប្រធាន​ផ្នែក​ប្រែប្រួល​អាកាសធាតុ​​​ នៃក្រុម​អ្នក​ជំនាញ​អាកាសធាតុអឺរ៉ុប Copernicus បាន​ផ្តល់​អនុសាសន៍ថា «ការ​កាត់​បន្ថយ​ឲ្យ​បាន​ឆាប់​បំផុត នូវ​ការ​បញ្ចេញ​ផ្សែង​ពុល​ទៅក្នុង​បរិយាកាស​ ជា​មធ្យោបាយ​តែ១គត់​ដែល​បញ្ចប់​ការ​កើនឡើង​សីតុណ្ហ​ភាព​​កម្តៅផែន​ដី​»។​
 
ក្នុង​សប្តាហ៍​នេះ ​គណៈកម្មការសហភាព​អឺរ៉ុប បាន​ស្នើគម្រោង​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ទៅក្នុង​បរិយាកាស ពីពេល​នេះ​ដល់​ឆ្នាំ២០៤០​ ឲ្យ​បាន​៩០% ធៀប​នឹង​ឆ្នាំ១៩៩០។ ដើម្បី​សម្រេច​គោលដៅ​ទប់ទប់​ការប្រែប្រួល​អាកាធាតុ​ សហភាព​អឺរ៉ុប គ្រោង​ចំណាយ​ ១ ៥០០ ពាន់​លាន​ដុល្លារ​ក្នុង​១ឆ្នាំៗ ដើម្បី​​​ដាក់​ចេញ​នយោបាយ​​សម្របសម្រួល​​ឲ្យ​រដ្ឋ​សមាជិក​ ដើរចេញពី​ការ​ផលិត​ថាមពល​​ផូស៊ីល ឬធ្យូងថ្ម​ និងងាកទៅ​ផលិត​ថាមពល​កកើតឡើង​វិញ ​​៕

© រក្សាសិទ្ធិដោយ thmeythmey.com