ជាតិ
អាជ្ញាធរជាតិអប្សារា បានដំឡើងបង្កាន់ដៃជណ្តើរឈើ៣ទីតាំងនៅអង្គរវត្ត ដើម្បីសម្រួលការឡើង-ចុះដល់ទេសចរ
10, Feb 2024 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ថោង ប្រណី

សៀមរាប៖ អាជ្ញាធរជាតិអប្សារា បានដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួន៣ទីតាំងផ្សេងគ្នានៅប្រាសាទអង្គរ ក្នុងគោលបំណងជួយសម្រួលការឡើងចុះរបស់ភ្ញៀវទេសចរឱ្យភាពងាយស្រួលជាមុន និងមានសុវត្ថិភាព។ បង្កាន់ដៃជណ្ដើរឈើទាំងនោះ មានទីតាំងរួមមាន នៅរួតព្រះពាន់, នៅចំណុចកណ្តាល និងនៅអមសងខាងនៃរួតព្រះពាន់ឡើង-ចុះរួតបាកាណ(កំពូលកណ្ដាល)របស់ប្រាសាទអង្គរវត្ត។ នេះបើយោងតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សារា។



លោក ប៊ូ ផានេត ប្រធានក្រុមការងារពលករនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ រៀបរាប់ពីគោលបំណងនៃការដំឡើងបង្កាន់ដៃជណ្ដើរឈើទាំងនេះ គឺដើម្បីជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរ និងជួយការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលអាចនឹងកើតឡើងដោយថាហេតុណាមួយផង។ 
 
ជាមួយគ្នានេះ ការដំឡើងបង្កាន់ដៃនេះ ក៏ជួយបង្ការកុំឱ្យភ្ញៀវទេសចរចាប់តោង ឬប៉ះផ្ទាល់ទៅនឹងថ្មប្រាសាទ ដែលអាចនាំឱ្យសឹករឹករិលក្បាច់ចម្លាក់។ ជាពិសេស ជួយបង្ការកុំឱ្យរអិលនៅរដូវធ្លាក់ភ្លៀងទៀតផង។
  
រូបភាពពី៖ អាជ្ញាធរជាតិអប្សារា

លោក ផានេត ពន្យល់ថា បង្កាន់ដៃនេះបានប្រើឆ្អឹងដែកស្រោបឈើលើដើម្បីការពារកុំឱ្យច្រេះ និងមិនឱ្យប៉ះពាល់ដល់សោភ័ណភាពនៃប្រាសាទនោះទេ។ ប្រធានក្រុមការងារពលករនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌រូបនេះ បន្តថា ក្រុមទេសចរចម្រុះជាតិសាសន៍ ព្រមទាំងមគ្គទេសក៍ទេសចរជាច្រើន សប្បាយចិត្តនៅពេលឃើញអាជ្ញាធរជាតិអប្សរាដំឡើងបង្កាន់ដៃជណ្ដើរទាំងនេះ។
 
លោក យ៉ែម រ៉ូហ្សា មគ្គទេសក៍ទេសចរភាសាជប៉ុន បានសម្តែងក្តីរំភើប នៅពេលដែលបាននាំភ្ញៀវមកទស្សនាប្រាសាទអង្គរវត្ត ចំពេលដែលក្រុមការងារបានរៀបចំដំឡើងបង្កាន់ដៃជណ្ដើរនេះរួចរាល់។ មគ្គទេសក៍រូបនេះលើកឡើងថា៖ «កាលពីមុនជណ្ដើរទាំងនេះពិបាកឡើងចុះ ហើយនៅកន្លែងខ្លះដែលងងឹតបន្តិចផងនោះ ភ្ញៀវទេសចរដែលមានវ័យចំណាស់មួយចំនួនពិបាកឡើងចុះ។ ប៉ុន្តែពេលនេះ វាពិតមានភាពងាយស្រួលជាងកាលពីមុនឆ្ងាយណាស់»។ លោក រ៉ូហ្សា យល់ថា នេះជាគំនិតល្អ ដែលអាជ្ញាធរជាតិអប្សរាបានគិតគូរដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរជាចម្បង៕
 
រូបភាពពី៖ អាជ្ញាធរជាតិអប្សារា

© រក្សាសិទ្ធិដោយ thmeythmey.com