​​​ន​យោ​បាយ​ជាតិ​
បោះឆ្នោតព្រឹទ្ធសភា៖ បក្សប្រជាជនបើកការឃោសនាធំជាងគេ ខណៈបក្ស៣ទៀតទ្រង់ទ្រាយតូច
10, Feb 2024 , 5:26 pm        
រូបភាព

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ មុនគេ និងធំជាងគេ នៅថ្ងៃទីថ្ងៃសៅរ៍ ទី១០កុម្ភៈនេះ។ ដោយឡែក គណបក្ស៣ទៀត រួមមាន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស ឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ គ្រោងធ្វើសកម្មភាពចាប់ពីថ្ងៃស្អែកបន្តបន្ទាប់គ្នា ក្នុងទ្រង់ទ្រាយតូច។

 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសបានចាប់ផ្ដើមយុទ្ធនាការឃោសនាហើយនៅថ្ងៃទី១០កុម្ភៈនេះ ដោយមានការជួបជុំ និងក្បួនដង្ហែទ្រង់ទ្រាយធំ។ ចំពោះថ្ងៃបិទបញ្ចប់ការឃោសនាវិញ គណបក្សកាន់អំណាចមួយនេះ គ្រោងធ្វើឡើងនៅថ្ងៃទី២២ ឬ២៣ ខែកុម្ភៈ ក្នុងទ្រង់ទ្រាយធំដូចគ្នា។ 
 
លោក ប្រាប់ដូច្នេះថា៖«គណបក្សប្រជាជន នៅរាជធានី-ខេត្តទូទាំងប្រទេស សុទ្ធតែចាប់ផ្ដើមបើកយុទ្ធនាការឃោសនា ដោយមានការជួបជុំធំ និងស្ដាប់សុន្ទរកថារបស់ សម្ដេច ហ៊ុន សែន ប្រធានគណបក្ស រួចហើយក៏បំបែកគ្នាដង្ហែក្បួនទៅតាមស្រុក ភូមិរៀងៗខ្លួន»។  
 
អ្នកនាំពាក្យរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានឱ្យដឹងដែរ នៅថ្ងៃអាទិត្យស្អែកនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងចាប់ផ្ដើមការឃោសនានៅទ្រង់ទ្រាយតូច នៅភូមិភាគខេត្តកណ្ដាល និងភូមិភាគផ្សេងទៀតជាបន្តបន្ទាប់គ្នា តាមកាលវិភាគរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ ដោយសារការបោះឆ្នោតអសកល ហើយក្រុមប្រឹក្សាក៏មានចំនួនកំណត់ ប៉ុន្តែ លោកសង្ឃឹមថានឹងការគាំទ្រពីអង្គបោះឆ្នោតឃុំ-សង្កាត់ បន្ថែមទៀត។ 
លោក ប្រាប់ដូច្នេះថា៖«ចាប់ពីថ្ងៃស្អែកទៅ ខាងភូមិភាគខេត្តកណ្ដាលនឹងធ្វើលក្ខណៈទ្រង់ទ្រាយតូច និងបន្តបន្ទាប់ទៀត ដោយផ្អែកតាមកាលវិភាគ និងការអនុញ្ញាតពី គ.ជ.ប»។ 
 
ចំណែក លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានបញ្ជាក់ គណបក្សរបស់លោកមានការជួបជុំគ្រប់រាជធានី-ខេត្ត ប៉ុន្តែ ពុំមានការប្រមូលផ្ដុំ ឬឃោសនាទ្រង់ទ្រាយធំនោះទេ។ ការជួបជុំរបស់បក្សនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែកុម្ភៈតទៅ ដោយផ្ដោតសំខាន់តែ ២ភូមិភាគប៉ុណ្ណោះ ដែលរួមមានខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង ព្រះសីហនុ និងកោះកុង កំពង់ធំ ព្រះវិហារ ក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី។ លោក បន្ថែមដូច្នេះថា៖«ដោយការបោះឆ្នោតនេះ ជាការបោះឆ្នោតអសកល ហើយអង្គបោះឆ្នោតមានត្រឹមតែ១១៧៤៧នាក់ ដែលជាសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដូច្នេះ យើងមិនចាំបាច់ធ្វើទ្រង់ទ្រាយធំនោះទេ»។ 
 
ស្រដៀងគ្នាដែរ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានលើកឡើងថា គណបក្សរបស់លោក មិនមានការជួបជុំ ឬក្បួនដង្ហែនោះទេ ដោយគ្រាន់តែបេក្ខជននៅតាមភូមិភាគនីមួយៗ ជួបជាមួយអង្គបោះឆ្នោតតាមឃុំ-សង្កាត់រៀងៗខ្លួនប៉ុណ្ណោះ។ លោក ប្រាប់ដូច្នេះថា៖«យើងពុំមានការជួបជុំជាយុទ្ធនាការ ឬក្បួនដង្ហែអ្វីនោះទេ ដោយយើងជួបតែជាមួយអង្គបោះឆ្នោតរបស់យើងតែប៉ុណ្ណោះ»។
 
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោត១ ក្នុងចំណោមការបោះឆ្នោតទាំង៤ នៅកម្ពុជា។ ការបោះឆ្នោត៣ទៀត គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិថ្មី ទើបនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ២០២២៕

© រក្សាសិទ្ធិដោយ thmeythmey.com