សង្គមអន្តរជាតិ
អន្តរជាតិ
ឆ្នេរអាក្រាតកាយនៅអូស្ត្រាលីប្រឈមនឹងការបិទ ការតវ៉ាប្រឆាំងការហាមប្រាមមិនឲ្យថតស្រាតនៅឆ្នេរ Tyagarah ក្នុងរដ្ឋ New South Wales ក្នុងឆ្នាំ ២០១៨ ។ រូបថត ៖ Mercury
× ឆ្នេរ Tyagarah ជាឆ្នេរដ៏ពេញនិយមសម្រាប់អ្នកចង់អាក្រាតកាយ អាចនឹងត្រូវបិទ បន្ទាប់ពីការបោះឆ្នោតដោយក្រុមប្រឹក្សាតំបន់នៅអូស្ត្រាលី។ ការបិទនេះ ដោយសារ អ្នកអាក្រាតកាយមួយចំនួនបញ្ចេញអាកប្បកិរិយាមិនសមរម្យ ដែលរងការរិះគន់ជាបន្តបន្ទាប់។
ឆ្នេរ Tyagarah ដែលមានប្រវែង ៨០០ម៉ែត្រនៅភាគខាងជើងនៃ Byron Bay របស់អូស្ត្រាលី អាចក្លាយជាកន្លែងដែលតម្រូវឱ្យអ្នកទេសចរស្លៀកឈុតហែលទឹកចាប់ពីថ្ងៃទី៨ ខែមេសា ប្រសិនបើក្រុមប្រឹក្សាតំបន់អនុម័តសម្រេចនៅក្នុងការបោះឆ្នោតនៅថ្ងៃទី ២២ខែកុម្ភៈ ។ យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន ភ្ញៀវទៅដល់ទីនោះអាចជ្រើសរើសស្លៀកឈុតងូតទឹក ឬអាក្រាតកាយ។
Tyagarah ជាឆ្នេរដ៏ល្បីល្បាញសម្រាប់អ្នកស្រឡាញ់អាក្រាតកាយនៅអូស្ត្រាលី និងជុំវិញពិភពលោក។ ឆ្នេរនេះក៏ជាផ្នែកមួយនៃតំបន់អភិរក្សធម្មជាតិដែលគ្រប់គ្រងដោយរដ្ឋាភិបាលរដ្ឋ New South Wales ។ យ៉ាងណាមិញ កាលពីឆ្នាំមុនរដ្ឋាភិបាលរដ្ឋមួយនេះបានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមប្រឹក្សាតំបន់ដោយនិយាយថា ការអាក្រាតកាយសាធារណៈ មិនសមនិងគុណតម្លៃដែលត្រូវបានគ្រប់គ្រង។
របាយការណ៍របស់ឧទ្យានធម្មជាតិ Tyagarah បានមើលឃើញពីអាកប្បកិរិយាអាសអាភាស ឬប្រឆាំងសង្គមដែលពាក់ព័ន្ធនឹងភ្ញៀវមកកម្សាន្តឆ្នេរអាក្រាតកាយមួយចំនួន។ ប៉ូលីសក្នុងតំបន់តែងតែដោះស្រាយពាក្យបណ្តឹងសាធារណៈ ទាក់ទងនឹងឆ្នេរ Tyagarah នេះ។
យ៉ាងណាមិញ មិនមែនគ្រប់គ្នាយល់ស្របនឹងគំនិតនៃការហាមឃាត់ការអាក្រាតកាយនៅឆ្នេរដ៏ល្បីមួយនេះនោះទេ។ Bradley Benham ប្រធានក្រុមអាក្រាតកាយ Byron Naturists បានដាក់ញត្តិតវ៉ាចំពោះការសម្រេចចិត្តនេះទៅប្រធានទីភ្នាក់ងារបរិស្ថានរដ្ឋ។ ញត្តិនេះបានទទួលហត្ថលេខាចំនួន ១១២៥ញត្តិក្នុងការគាំទ្រ។
ញត្តិនោះបានសរសេរថា អាក្រាតកាយជារបៀបរស់នៅស្របច្បាប់។ ទីតាំងផ្សេងដែលស្របច្បាប់សម្រាប់អ្នកអាក្រាតកាយនៅរដ្ឋ New South Wales គឺកម្រណាស់ ហើយឆ្នេរនេះត្រូវបានវាយតម្លៃខ្ពស់។
នេះមិនមែនជាលើកទីមួយទេដែលការស្រាតនៅឆ្នេរ Tyagarah មានហានិភ័យត្រូវបានហាមឃាត់។ នៅឆ្នាំ ២០១៨ ក្រុមប្រឹក្សាតំបន់បានច្រានចោលវិធានការស្រដៀងគ្នានេះ ប៉ុន្តែបានយល់ព្រមដំឡើងកាមេរ៉ាឃ្លាំមើលបន្ថែមទៀតនៅឆ្នេរសមុទ្រ។
«ខ្ញុំបានងូតទឹកអាក្រាតកាយនៅលើឆ្នេរនៃ Byron Bay តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ នៅពេលដែលខ្ញុំនៅក្មេង។ ឥឡូវនេះចំនួនប្រជាជនកាន់តែច្រើន ហើយមនុស្សកាន់តែច្រើនកំពុងប្រើប្រាស់ឆ្នេរនេះដើម្បីកម្សាន្ត។ ដូច្នេះយើងត្រូវការកន្លែងដែលវាស្របច្បាប់ក្នុងការងូតទឹកអាក្រាតកាយ»។ សារព័ត៌មាន CNN បានដកស្រង់ការសរសេររបស់ Benham បែបនេះ។
Tag:
អូស្រ្តាលី
ឆ្នេរសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com