កីឡាអន្តរជាតិ
អន្តរជាតិ
ភាគហ៊ុនលោក Ratcliffe នៅក្លិបបិសាចក្រហម ទទួលបានការអនុម័តពី Premier League
15, Feb 2024 , 8:29 am        
រូបភាព
ក្រោយលោក Ratcliffe ទិញភាគហ៊ុនក្លិបយក្សអង់គ្លេស Manchester United របស់លោក Sir Jim Ratcliffe ជិត២ខែមក ពេលនេះក្របខណ្ឌ Premier League អនុម័តផ្តល់សច្ចាប័ន ទទួលស្គាល់ហើយ នាថ្ងៃទី១៣ ខែកុម្ភៈ។ មហាសេដ្ឋីអង់គ្លេស ដែលម្ចាស់ក្រុមហ៊ុន INEOS បានឆ្លងកាត់ការធ្វើតេស្តរបស់ម្ចាស់ និងនាយកស្ថាប័នគ្រប់គ្រងលីគកំពូលមួយនេះ។



ភាគហ៊ុន ២៥ភាគរយ តម្លៃ ១,២៥លានដុល្លារ ត្រូវបានលោក Ratcliffe សម្រេចចិត្តទិញ ដើម្បីជួយដោះស្រាយបញ្ហារអាក់រអួលក្នុងក្លិប ។ ម្ចាស់ក្រុមហ៊ុន INEOS រូបនេះ ក៏នឹងបន្ថែមប្រាក់វិនិយោគជាង ៣០០លានដុល្លារ ដើម្បីកែប្រែហេដ្ឋារចនាសម្ព័ន្ធក្លិប។
 
លោក Ratcliffe បច្ចុប្បន្នគឺជាអ្នកគ្រង់គ្រងទៅលើផ្នែកប្រតិបត្តិការកីឡាបាល់ទាត់របស់ក្លិប Man Utd។ យ៉ាងណាក្រោយដឹកនាំជិត ២ខែ  ពេលនេះលោកក៏ទទួលបានការអនុម័តផ្តល់សច្ចាប័ន ពីសំណាក់ស្ថាប័នលីគកំពូល Premier League ចំពោះការក្លាយជាម្ចាស់ភាគហ៊ុនក្លិប Man Utd។
 
«ការទិញភាគហ៊ុន ២៥ភាគរយរបស់លោក Sir Jim Ratcliffe នៅក្លិប Manchester United FC និងការវិនិយោគបន្ថែមចំនួន ៣០០លានដុល្លារនៅក្នុងក្លិបនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សា Premier League បន្ទាប់ពីបញ្ចប់ធ្វើតេស្ត OADT។ ក្រុមប្រឹក្សាភិបាលបានយល់ព្រមលើការផ្លាស់ប្តូររចនាសម្ព័ន្ធកម្មសិទ្ធិរបស់ក្លិប កាលពីសប្តាហ៍មុន ហើយត្រូវបានផ្តល់សច្ចប័នជាផ្លូវការដោយក្រុមត្រួតពិនិត្យឯករាជ្យ និងធម្មនុញ្ញម្ចាស់របស់ Premier League ក៏ត្រូវបានចុះហត្ថលេខាផងដែរ។ ពេលនេះ Premier League កំពុងរង់ចាំការបញ្ជាក់ពីការបញ្ចប់ប្រតិបត្តិការ។»។ នេះបើតាមសេចក្តីប្រកាសរបស់ Premier League។
 
លោក Ratcliffe ដែលជាអ្នកគាំទ្រក្លិបបិសាចក្រហមតាំងពីវ័យកុមារ បានបញ្ចប់ភាពមិនច្បាស់លាស់ជាង ១ឆ្នាំ ពីការស្វែងរកម្ចាស់ថ្មី ដែលនឹងត្រូវទិញភាគហ៊ុនរបស់ក្រុមគ្រួសារ Glazer ដែលជាម្ចាស់ក្លិបចាស់ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ ខែធ្នូ ឆ្នាំ ២០២៣។ 
 
ដំបូងឡើយគ្រួសារ Glazer បានប្រកាសលក់ភាគហ៊ុនក្លិបទាំងមូល ប៉ុន្តែឈានដល់ពាក់កណ្តាលឆ្នាំ ២០២៣ ផែនការលក់ក្លិបត្រូវបានកែប្រែ ដោយគ្រួសារ Glazer ប្រកាសថា សម្លឹងមើលជម្រើសដៃគូយុទ្ធសាស្ត្រ សម្រាប់វិនិយោគមកកាន់ក្លិប ក្រោយគ្រប់គ្រងតាំងពីឆ្នាំ ២០០៥ មក។
 
ក្រុមបិសាចក្រហម ឈ្នះពានរង្វាន់លីគកំពូល Premier League លើកចុងក្រោយបង្អស់នៅឆ្នាំ២០១៣។ ១១ឆ្នាំហើយ ដែលក្លិបល្បីមួយនេះ មិនបានស្គាល់រសជាតិឈ្នះពានរង្វាន់លីគកំពូលនេះម្ដងទៀត ព្រមទាំងពានរង្វាន់ផ្សេងៗ ខណៈក្លិបបានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់។ ក្លិបម្ចាស់ពាន Premier League ២០សម័យ ធ្លាក់ក្នុងវិបត្តិមួយ ដែលធ្វើឱ្យក្រុមគ្រួសារ Glazer រងការរិះគន់ខ្លាំងឡើងៗ រហូតមានការទាមទារឱ្យចាកចេញពីក្លិប៕

Tag:
 Jim Ratcliffe
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com