អន្តរជាតិ
ការវិនិយោគរបស់អាល្លឺម៉ង់នៅចិនកើនឡើងដល់កម្រិតខ្ពស់បំផុត ក្រុង Nanjing ខេត្ត Jiangsu ប្រទេសចិន។ រូបភាព Xinhua
× ទិន្នន័យផ្លូវការរបស់ធនាគារកណ្តាលអាល្លឺម៉ង់ Bundesbank ដែលវិភាគដោយវិទ្យាស្ថាន IW បានបង្ហាញ នៅថ្ងៃទី១៤ ខែកុម្ភៈថា ការវិនិយោគដោយផ្ទាល់របស់អាល្លឺម៉ង់នៅចិនបានកើនឡើង ៤,៣ ភាគរយ ពោលគឺដល់កម្រិតខ្ពស់បំផុត ១២,៧ ពាន់លានដុល្លារកាលពីឆ្នាំ២០២៣។
តាមរបាយការណ៍របស់វិទ្យាស្ថានIW ទិន្នន័យបានបញ្ជាក់ពីការព្រួយបារម្ភថា ក្រុមហ៊ុនអាល្លឺម៉ង់បន្តវិនិយោគយ៉ាង ច្រើននៅចិន បើទោះបីជារដ្ឋាភិបាលបានទទូចឱ្យក្រុមហ៊ុនទាំងនោះកាត់បន្ថយការរកស៊ីនៅចិន និងការ កាត់បន្ថយយ៉ាងខ្លាំងក្នុងការធានាការវិនិយោគនៅចិនក៏ដោយ។ ការវិនិយោគក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ គឺស្ថិតក្នុងកម្រិតខ្ពស់ដូចកាលពីប្រាំមួយឆ្នាំមុន។
ការវិនិយោគរបស់អាល្លឺម៉ង់នៅប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរក្នុងរយៈពេល ៤ ឆ្នាំចុង ក្រោយនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានទាំងស្រុងដោយប្រាក់ចំណេញដែលយកទៅវិនិយោគឡើងវិញ ខណៈក្រុមហ៊ុនមួយចំនួន ក៏បានដកដើមទុនដែរ។
«យើងអាចសន្មត់ថានៅតែមានការខុសប្លែកពីគ្នារវាងក្រុមហ៊ុនធំៗមួយចំនួន និងសហគ្រាសធុនតូច និងមធ្យមភាគច្រើន»។ សេដ្ឋវិទូរបស់ IW លោក Juergen Matthes លើកឡើងនៅក្នុង របាយការណ៍ខាងលើបែបនេះ រួចបន្តថា អាជីវកម្មខ្នាតតូច និងមធ្យមមួយចំនួនកំពុងស្វែងរកដើម្បីកាត់បន្ថយការរកស៊ីនៅចិន ឬចេញពីចិនទាំងស្រុងតែម្តង។
ស្រដៀងគ្នានេះ ការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាឡឺម៉ង់នៅចិនដែលបានចេញផ្សាយនៅខែមុនថា សមាមាត្រនៃក្រុមហ៊ុនអាល្លឺម៉ង់ដែលចាកចេញពីទីផ្សារចិន ឬកំពុងពិចារណាចេញពីចិន បានកើនឡើងទ្វេដងដល់ ៩ភាគរយក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។
ការវិនិយោគ នៅចិនជាចំណែកនៃការវិនិយោគរួមរបស់អាល្លឺម៉ង់នៅបរទេសបានកើន ឡើងកាលពីឆ្នាំមុនដល់ ១០,៣ ភាគរយដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៤ ខណៈ ដែលការវិនិយោគផ្ទាល់របស់អាល្លឺម៉ង់នៅកន្លែងផ្សេងទៀតដូចជានៅអាស៊ី នៅទ្រឹង ដោយមាន
ប្រហែល ៨ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com