អន្តរជាតិ
លោក Trump ឈ្នះការបោះឆ្នោតបឋមនៅរដ្ឋ South Carolina ហើយលោកស្រី Haley ឆ្ពោះទៅរដ្ឋ Michigan បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនិងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងនៅក្រុង Columbia រដ្ឋ South Carolina នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបថត AP)
× លោក Donald Trump ឈ្នះការបោះឆ្នោតបឋមខាងគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ South Carolina កាលពីថ្ងៃទី២៥ កុម្ភៈ ដោយយកឈ្នះលើអតីតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley នៅក្នុងរដ្ឋកំណើតរបស់លោកស្រី។ ជ័យជម្នះនេះ ជួយត្រួសត្រាយផ្លូវរបស់លោកទៅរកការតែងតាំងជាបេក្ខជនប្រធានាធិបតី ខាងគណបក្សសាធារណរដ្ឋជាលើកទី៣ជាប់ៗគ្នា។
លោក Trump ឥឡូវនេះបានឈ្នះគ្រប់ការប្រកួតដែលរាប់សម្រាប់ប្រតិភូគណបក្សសាធារណរដ្ឋ ដោយឈ្នះនៅរដ្ឋ Iowa រដ្ឋ New Hampshire រដ្ឋ Nevada និងដែនកោះ U.S. Virgin Islands។ ជ័យជម្នះចុងក្រោយរបស់លោកអតីតប្រធានាធិបតី ទំនងនឹងបង្កើនសម្ពាធលើលោកស្រី Haley ដែលធ្លាប់ជាអ្នកតំណាងអង្គការសហប្រជាជាតិឱ្យលោក Trump និងធា្លប់ជាអភិបាលរដ្ឋ South Carolina ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ ឱ្យចាកចេញពីការប្រកួត។
លោកស្រី Haley ប្តេជ្ញាបន្តការប្រកួតដល់យ៉ាងហោចណាស់ ការបោះឆ្នោតបឋមនៅថ្ងៃទី៥ មីនា ដែលគេហៅថាការបោះឆ្នោត Super Tuesday ប៉ុន្តែលោកស្រីមិនអាចយកឈ្នះលោក Trump នៅក្នុងរដ្ឋកំណើតរបស់លោកស្រី បើទោះបីជាលោកស្រីបានធ្វើយុទ្ធនាការច្រើនជាងលោក Trump ឆ្ងាយ ហើយលោកស្រីប្រកែកថារឿងក្តីប្រឆាំងលោក Trump អាចនឹងធ្វើឱ្យលោកពិបាកយកឈ្នះលោកប្រធានាធិបតី Biden នៅក្នុងការបោះឆ្នោតនៅរដូវស្លឹកឈើជ្រុះខាងមុខក៏ដោយ។
ការបោះឆ្នោតដំបូងគេនៅរដ្ឋភាគខាងត្បូងរបស់រដ្ឋ South Carolina ជាប្រវត្តិសាស្ត្រតែងតែតំណាងឱ្យគណបក្សសាធារណរដ្ឋ។ នៅក្នុងការបោះឆ្នោតបឋមទាំងអស់តាំងពីឆ្នាំ១៩៨០មក បេក្ខជនខាងគណបក្សសាធារណរដ្ឋដែលឈ្នះក្នុងរដ្ឋ South Carolina តែងបន្តឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ លើកលែងតែក្នុងករណីលោក Newt Gingrich ក្នុងឆ្នាំ២០១២ តែមួយគត់។
លោកស្រី Haley បានថ្លែងនៅប៉ុន្មានថ្ងៃចុងក្រោយនេះថា លោកស្រីនឹងឆ្ពោះទៅរដ្ឋ Michigan សម្រាប់ការបោះឆ្នោតបឋមចុងក្រោយ មុននឹងដល់ការប្រកួតធំ Super Tuesday។
លោក Trump និងលោក Biden ហាក់ដូចជាបង្ហាញថា ពួកគេរំពឹងនឹងជួបគ្នាក្នុងការប្រកួតតំណែងប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខរួចទៅហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com