ជាតិ
មន្ត្រីឧទ្យានុរក្សខេត្តស្ទឹងត្រែង ប្រទះឃើញវល្លិរមៀតខុសច្បាប់៤តោន វល្លិរមៀត ដែលឧទ្យានុរក្សប្រទេះឃើញ។ រូបពី ក្រសួងបរិស្ថាន
× ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សខេត្តស្ទឹងត្រែង បានចុះល្បាតរកឃើញ វល្លិរមៀត ខុសច្បាប់៤តោន ក្នុងឧទ្យាជាតិវ៉ើនសៃ នៅស្រុកសៀមប៉ាង។ នេះបើតាមការចេញផ្សាយរបស់ក្រសួងបររិស្ថាន។
ក្រសួងបានឱ្យដឹងថា អំឡុងពេលចុះល្បាត ក្រុមន្ត្រីឧទ្យានុរក្សប្រទេះឃើញគំនរវល្លិរមៀត នៅភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង កាលពីថ្ងៃទី ២១កុម្ភៈ។ នៅថ្ងៃបន្ទាប់ មន្ត្រីអនុវត្តច្បាប់ ក៏បានចុះប្រមូលវល្លិរមៀតទាំងនោះ ដែលមានរហូតដល់៦៥ការ៉ុង ស្មើនឹង៤០០០គីឡូក្រាម។
«វល្លិរមៀតទាំងនេះ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកទៅលាក់ទុកក្នុងព្រៃ បម្រុងដឹកជញ្ជូនយកទៅលក់បន្តទៅប្រទេសឡាវ។ ហើយវល្លិរមៀតដែលប្រទេះឃើញ ត្រូវបានអាជ្ញាធរប្រមូលយកទៅរក្សាទុកនៅស្នាក់ការឧទ្យានជាតិវីរៈជ័យ ស្រុកសៀមប៉ាង»។ ក្រសួងបានលើកឡើងបែបនេះ មុនបន្តថា មន្ទីរបរិស្ថានខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងចាត់វិធានការយ៉ាងតឹងរឹង ដើម្បីស្រាវជ្រាវរកជនសង្ស័យ បញ្ជូនទៅតុលាការ។
ការកែច្នៃវល្លិរមៀត គឺជាសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីតំបន់ការការពារធម្មជាតិ ដែលត្រូវចាត់ទុកជាបទល្មើស ធនធានធម្មជាតិថ្នាក់ទី៣ ហើយច្បាប់ស្តីពីព្រៃឈើក៏បានចែងដែរថា ជាបទល្មើសព្រៃឈើ ថ្នាក់ទី១។ កន្លងមករដ្ឋាភិបាល ធ្លាប់ហាមមិនឱ្យកាប់វល្លិ៍រមៀត ដើម្បីនាំចេញទៅលក់ក្រៅប្រទេស៕
Tag:
ធនធានធម្មជាតិ
វល្លិរមៀត
ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com