ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីឆបោក និងបង្កើតគណនីធនាគារខុសច្បាប់ ស្ត្រីដែលជាជនសង្ស័យប្រមូលទិញគណនីធនាគារ(រូបកណ្ដាល) ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ រូបពី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
× ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីឆបោក និងប្រើប្រាស់អត្តសញ្ញាណបណ្ណបើកគណនីធនាគារខុសច្បាប់ នៅចំណុចភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្ត្រីជនរងគ្រោះម្នាក់ នៅស្រុកទឹកឈូ ខេត្តកំពត បានខាតបង់ប្រាក់ចំនួន៤ពាន់ដុល្លារ ពីការឆបោកនេះ។ តាមការស្រាវជ្រាវ សមត្ថកិច្ចអះអាងថា ក្រុមឆបោកមានគ្នាច្រើននាក់ សម្រាប់ធ្វើសកម្មភាពលួច(Hack) គណនីធនាគារយកទៅប្រើប្រាស់ និងបង្កើតគណនីធនាគារខុសច្បាប់ ដើម្បីផ្ទេរប្រាក់ចេញ។
ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចកំពតកាលថ្ងៃទី២៦កុម្ភៈ ។ ក្រោយទទួលបានបណ្ដឹងនេះ សមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យ ជាស្ត្រីម្នាក់ នៅភ្នំពេញ នាថ្ងៃទី២ មីនា ។
ជនសង្ស័យនោះ មានស្រុកកំណើតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាអ្នកប្រមូលអត្តសញ្ញាបណ្ណពីជនរងគ្រោះ ដើម្បីទៅបង្កើតគណនីធនាគារ សម្រាប់ផ្ទេរប្រាក់ ដែលបានឆបោកពីជនរងគ្រោះ។
ក្រោយចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ច បានស្រាវជ្រាវរកឃើញជនរងគ្រោះចំនួន៨នាក់ ដែលត្រូវបានជនសង្ស័យ លួងលោមយកអត្តសញ្ញាណប័ណ្ណ ទៅបង្កើតគណនី ABA និង Wing សម្រាប់ធ្វើសកម្មភាពបោកប្រាស់អ្នកដទៃឱ្យផ្ទេរប្រាក់។ ជាមួយគ្នានេះ សមត្ថកិច្ចអំពាវនាវដល់ជនរងគ្រោះ ដែលជាម្ចាស់អត្តសញ្ញាណប័ណ្ណ និងម្ចាស់គណនី ABA និង Wing ទៅបិទគណនីធនាគារ ជៀសវាងមានបញ្ហាកើតឡើងដោយមិនដឹងខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ទៅឱ្យស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជាអ្នកកាន់សំណុំរឿង យកទៅសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី៕
© រក្សាសិទ្ធិដោយ thmeythmey.com