ជាតិ
វីដេអូ
ការប្រឡងចូលក្រសួងសាធារណការ ផ្ដល់ឱកាសដល់ស្រ្តី និងជនមានពិការភាព
× នៅថ្ងៃទី៤ មីនានេះ ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ។ ការប្រឡងនៅថ្ងៃនេះ មានបេក្ខជនចុះឈ្មោះជាង ១៤០០អង្គ/នាក់ ក្នុងនោះ មានស្រ្តីប្រមាណ ៥០០នាក់។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងតែងយកចិត្តទុកដាក់ និងផ្ដល់ឱកាសដល់ស្រ្តី ជនមានពិការភាព រួមទាំងមន្រ្តីកិច្ចសន្យា ឱ្យចូលប្រឡងក្របខណ្ឌ។ បើតាមរដ្ឋលេខាធិការរូបនេះ ការប្រឡងនេះ ជាការប្រឡងដំបូងរបស់ក្រសួងសាធារណការ ក្នុងនីតិកាលទី៧។
ចំពោះការរៀបចំការប្រឡងនេះ លោក ប៉ាល់ ចន្ទតារា មើលឃើញថាប្រព្រឹត្តទៅដោយល្អឈរលើគុណាធិបតេយ្យ តម្លាភាព និងប្រសិទ្ធភាព។ ការប្រឡងនារសៀលនេះ ជ្រើសរើសយកបេក្ខជនតែ៩៩នាក់ប៉ុណ្ណោះ។ លោក ប៉ាល់ ចន្ទតារា បន្តថា បេក្ខជនដែលចេះ នឹងជាប់ ដោយជាប់ដោយមោទន ហើយអ្នកធ្លាក់ ធ្លាក់ដោយអស់ចិត្តផងដែរ។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន មាន៣វិញ្ញាសា គឺវិញ្ញាសាចំណេះដឹងទូទៅ, វិញ្ញាសាជំនាញ និងវិញ្ញាសាភាសាអង់គ្លេស។ ការប្រឡងនេះ មានជំនាញរហូតដល់ទៅ១១ជំនាញ៕
Tag:
ក្របខណ្ឌ
ស្រ្តី
ពិការភាព
មុខងារសាធារណៈ
សាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com