ជាតិ
រកឃើញពងកន្ធាយក្បាលកង្កែបជិតផុតពូជ ៥៥គ្រាប់ នៅខេត្តស្ទឹងត្រែង ប្រជានេសាទភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក រកឃើញពងកន្ធាយក្បាលកង្កែបទាំង៥៥គ្រាប់ នៅព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង។ រូបភាព៖ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង
× ភ្នំពេញ៖ ពងកន្ធាយក្បាលកង្កែបជិតផុតពូជចំនួន៥៥គ្រាប់ ត្រូវបានប្រជានេសាទប្រទះឃើញនៅតាមដងទន្លេមេគង្គ ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង កាលពីថ្ងៃទី៤ ខែមីនា។ បច្ចុប្បន្ន ពងកន្ធាយកម្រទាំងនោះ ត្រូវបានមន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង យកទៅរក្សាទុក និងភ្ញាស់នៅកន្លែងសុវត្ថិភាព។
លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង នៅថ្ងៃទី៦ ខែមីនា បាននិយាយថា លទ្ធផលដ៏វិជ្ជមាននេះ កើតចេញពីការចូលរួមការពាររបស់ប្រជានេសាទ និងអ្នកពាក់ព័ន្ធទាំងអស់។ លោក បានសង្កត់ធ្ងន់ថា ប្រជានេសាទ បានរាយការណ៍ទៅកាន់មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ដើម្បីចុះពិនិត្យ និងប្រមូលពងកន្ធាយកម្រទាំងនេះទុក ជៀសវាងការបំផ្លិចបំផ្លាញពីមនុស្ស និងសត្វ។
នាយខណ្ឌរដ្ឋបាលជលផលរូបនេះ ប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖« នៅពេលដែលប្រជានេសាទរកឃើញ ហើយគាត់បានរាយការណ៍មកខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ដើម្បីទៅប្រមូលពងកន្ធាយក្បាលកង្កែបទុក។ សកម្មភាពនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងថែរក្សាប្រភេទសត្វជិតផុតពូជក្នុងភូមិសាស្រ្តទន្លេមេគង្គ។ ប្រសិនបើ គ្មានការចូលរួមពីប្រជានេសាទ ច្បាស់ណាស់ពងកន្ធាយទាំងនោះ អាចនឹងត្រូវសត្វស៊ី និងក៏ជនខិលខូចយកទៅបរិភោគ ជាដើម»។
បើតាមលោក វិចិត្រ នេះជាការលើកដំបូងក្នុងឆ្នាំ២០២៤ ដែលពងកន្ធាយក្បាលកង្កែប បង្ហាញវត្តមាននៅភូមិសាស្រ្តខេត្តស្ទឹងត្រែង។
កន្លងមក ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងឆ្មាំទន្លេ ផ្សព្វផ្សាយតាមសហគមន៍អំពីគ្រោះថ្នាក់ជិតផុតពូជនៃប្រភេទកន្ធាយក្បាលកង្កែប និងសត្វកម្រៗជាច្រើនទៀត ដែលរស់នៅទន្លេមេគង្គ។ ការងារផ្សព្វផ្សាយនេះ បានផ្ដល់ចំណេះដឹង និងបណ្ដុះឆន្ទៈពលរដ្ឋ ក៏ដូចជាប្រជានេសាទឱ្យចូលរួមកាន់តែច្រើន ក្នុងកិច្ចការងារអភិរក្ស។
សត្វកន្ធាយក្បាលកង្កែប ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ (IUCN) ជាប្រភេទរងគ្រោះជិតផុតនៅលើសាកលលោក និងស្ថិតក្នុងបញ្ជីនៃប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជា។ ពួកវាត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០៧ ទើបត្រូវបានគេរកឃើញសារជាថ្មីម្តងទៀតនៅដងទន្លេមេគង្គ ក្នុងបរិវេណ៤៨គីឡូម៉ែត្រ ចន្លោះខេត្តក្រចេះ និងស្ទឹងត្រែង៕
Tag:
កសិកម្ម
បរិស្ថាន
កន្ធាយក្បាលកង្កែប
© រក្សាសិទ្ធិដោយ thmeythmey.com