ជាតិ
នគរបាលអន្តោប្រវេសន៍៨រូបទៀត ត្រូវបានបណ្តេញចេញពីក្របខណ្ឌ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
× លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្តាញមន្ត្រីនគរបាល៨រូបទៀតពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខណ្ឌនគរបាលជាតិ ជាមួយនឹងការដកហូតមុខតំណែង ឋានន្តរស័ក្ត។ មន្ត្រីទាំងនោះ ដែលមានឋានៈពីអនុសេនីយ៍ឯកដល់វរសេនីយ៍ទោ ត្រូវបានរកឃើញថា ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។
តាមប្រកាសដែលចុះហត្ថលេខា កាលពីថ្ងៃទី១ ខែមីនា មន្ត្រីដែលត្រូវបានបណ្តេញចេញនោះ មាន២រូប ឈ្មោះ ជិន វ៉េងលាង និង ស្វាយ ពិសិដ្ឋ នាយរងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី, ឈ្មោះ អាន សុខលាភ នាយកផ្នែកគ្រប់គ្រងពលករខ្មែរក្រៅប្រទេស នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន។
ឈ្មោះ ទឹម វឌ្ឍនៈ ជានាយរងផ្នែកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងឈ្មោះ ហុក ឆៃយ៉ាថេត នាយរងផ្នែកច្បាមការពារប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង នៃនាយកដ្ឋានច្រកទ្វារទី២។
ឈ្មោះ ថន សុទ្ធារិទ្ធ នាយរងផ្នែកបែបបទចេញប៉ុស្តិ៍នគរបាលច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃនាយកដ្ឋានច្រកទ្វារទី១ និង២រូបទៀតជាមន្ត្រី ដែលមានឈ្មោះ អ៊ុំ មករា និងជាម សុនូ។
មន្ត្រីទាំង៨រូប នឹងត្រូវលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិចាប់ពីខែមិថុនា ឆ្នាំ២០២៤តទៅ រីឯប្រាក់បៀវរត្ស និងរបបឧបត្ថម្ភផ្សេងៗ ក៏ត្រូវបានកាត់ផ្តាច់ផងដែរ៕
Tag:
ស សុខា
អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com