អន្តរជាតិ
សភាតំណាងអាម៉េរិកអនុម័តសំណើច្បាប់ជំរុញTikTok លក់ក្រុមហ៊ុនឱ្យខ្លួន ឬបិទចោល
14, Mar 2024 , 8:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
សភាតំណាងរាស្ត្រអាម៉េរិក នៅថ្ងៃទី១៣ ខែមីនា បានអនុម័តសេចក្តីព្រាងច្បាប់ ដែលនឹងបង្ខំឱ្យក្រុមហ៊ុនTikTok លក់បណ្តាញសង្គមមួយនេះ ទៅក្រុមហ៊ុនអាម៉េរិក ឬត្រូវបិទចោល។ ការអនុម័តនេះ ធ្វើឡើងក្រោមហេតុផល សន្តិសុខជាតិ។

 
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងមហាអំណាចអាម៉េរិក និងចិន មានភាពតានតឹងជាខ្លាំង ដោយមានចាប់ពីសង្រ្គាមពាណិជ្ជកម្ម ជំងឺឆ្លង បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតជាដើម។ ចុងក្រោយ អាម៉េរិក ចង់រឹតបន្តឹងបណ្តាញសង្គមTikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance ថែមទៀត តាមរយៈការអនុម័តសេចក្តីព្រាងច្បាប់មួយពីសភាតំណាងរាស្រ្ត។ 
 
សេចក្តីព្រាងច្បាប់នោះ ត្រូវបានសភាតំណាងរាស្រ្តអាម៉េរិក អនុម័តក្នុងសំឡេងគាំទ្រ៣៥៣ ទល់សំឡេងប្រឆាំង៦៥។ ការគាំទ្រពីសំណាក់សមាជិកសភាអាម៉េរិកដ៏ច្រើនបែបនេះ ដោយសារតែព្រួយបារម្ភពីបណ្តាញសង្គមនេះ អាចប្រមូលទិន្នន័យអ្នកប្រើប្រាស់អាម៉េរិកឱ្យទៅរដ្ឋាភិបាលចិន។ ប្រសិនបើសេចក្តីព្រាងច្បាប់មួយនេះ ត្រូវបានប្រធានាធិបតីអាម៉េរិកចុះហត្ថលេខាឱ្យប្រើប្រាស់ ក្រុមហ៊ុនTikTok នឹងមានរយៈពេល ៦ខែ ដើម្បីតវ៉ាផ្នែកច្បាប់ ឬលក់ឱ្យក្រុមហ៊ុនអាម៉េរិក។ 
 
បន្ទាប់ពីសភាតំណាងរាស្រ្តអនុម័ត នាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានប្រតិបត្តិកម្មយ៉ាងខ្លាំង និងប្តេជ្ញាតតាំងផ្នែកច្បាប់ ដើម្បីបង្ការការបិទក្រុមហ៊ុន ឬលក់ឱ្យក្រុមហ៊ុនអាម៉េរិក។ បើតាម លោកShou Zi Chew ក្រុមហ៊ុននឹងធ្វើឱ្យអស់លទ្ធភាព ដើម្បីការពារវេទិកា រួមទាំងអនុវត្តសិទ្ធិរបស់ខ្លួនតាមច្បាប់។ បើតាមនាយកប្រតិបត្តិរូបនេះ ការបិទTikTik នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកបង្កើតមាតិកានៅអាម៉េរិកជាច្រើននាក់ ហើយវានឹងធ្វើឱ្យការងារចំនួន ៣០ម៉ឺនកន្លែង ស្ថិតក្នុងស្ថានភាពមានហានិភ័យ។ 
 
TikTok ជាប្រព័ន្ធបណ្តាញសង្គមមួយ ដែលមាតិកាវិដេអូខ្លីៗ។ ទោះមានជនជាតិអាម៉េរិកប្រើប្រាស់ជាង ១៧០ លាននាក់ រដ្ឋាភិបាលគិតថាបណ្តាញសង្គមនេះអាចគម្រាមកំហែងដល់សន្តិសុខសង្គម។ នេះដោយសារតែ TikTok គឺបង្កើតឡើងដោយក្រុមហ៊ុនចិន ByteDance ក្នុងឆ្នាំ២០១៧។ ភាគហ៊ុនរបស់ TikTok មាន ByteDance តែ២០% និង សល់ប៉ុន្មានគឺជារបស់បុគ្គលិក។ ByteDance ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ចិន និងមានទីស្នាក់ការកណ្តាលនៅក្រុងប៉េកាំង។ 
 
តាមគេហទំព័រ ByteDance បានឱ្យដឹងថា ភាគហ៊ុននៃក្រុមហ៊ុនរបស់ខ្លួន ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋចិន ១ភាគរយនៃ Douyin ដែលជាបណ្តាញសង្គមចិន។ តែ Douyin និង TikTok មិនធ្វើការចូលគ្នាទេ។
 
នេះមិនមែនជាលើកទីមួយទេ ដែលអាម៉េរិកចង់ហាមTikTokលើទឹកដីខ្លួន។ អតីតប្រធានាធិបតី លោក ត្រាំ ធ្លាប់បានគម្រាមហាមឃាត់ TikTok ម្តងហើយ ដោយចេញបញ្ជាប្រតិបត្តិឱ្យលក់ក្រុមហ៊ុននេះទៅឱ្យក្រុមហ៊ុន អាម៉េរិក។ យល់ឃើញថាគ្មានយុត្តិធម៌ TikTokបានប្តឹងរដ្ឋាភិបាលអាម៉េរិក ប្រកែកថាគ្មានព័ស្តុតាងច្បាស់លាស់។ TikTok ឈ្នះរឿងក្តីនេះ ហើយរឿងលក់ក្រុមហ៊ុន ឬបិទទ្វារ ត្រូវពន្យារពេល។  
 
ចំណែកទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan បានចោទជាសំណួរថា៖ «តើយើងចង់ឱ្យ TikTok ជាវេទិកាមួយ គ្រប់គ្រងដោយក្រុមហ៊ុនអាមេរិក ឬគ្រប់គ្រងដោយប្រទេសចិន? តើយើងចង់ឱ្យទិន្នន័យ (ទិន្នន័យរបស់កុមារ, មនុស្សពេញវ័យ) ស្ថិតនៅក្នុងដៃអាមេរិក ឬចិន?»។ កន្លងមក ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ក៏ធ្លាប់បានសន្យាចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះដែរ។ 
 
នីតិវិធីបន្ទាប់ សេចក្តីព្រាងច្បាប់រឹតត្បិតបណ្តាសង្គមTikTok ខាងលើ នឹងបន្តទៅព្រឹទ្ធសភា ដែលសមាជិកយល់ឃើញផ្សេងៗគ្នាលើចំណាត់ការចំពោះក្រុមហ៊ុន TikTok។ តាមការបញ្ជាក់តំណាងរាស្រ្តលោក Mike Gallagher សមាជិកសភាសាធារណៈរដ្ឋ និង តំណាងរាស្ត្រ លោក Raja Krishnamoorthi សមាជិកប្រជាធិបតេយ្យ សំណើនេះគឺមិនមែនហាមទាំងស្រុងទេ តែតម្រូវឱ្យTikTokដកខ្លូនចេញពី ByteDance ប្រសិនជាចង់បន្តដំណើរការនៅអាម៉េរិក។ សមាជិកសភាអាមេរិកមួយចំនួនធំ មិនជឿថា TikTok ឯករាជ្យពីទីក្រុងប៉េកាំង បើទោះបីជាមានទីស្នាក់ការនៅក្រៅប្រទេសចិនក៏ដោយ។
 
ចំណែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ក៏មិននៅស្ងៀមដែរ ហើយបានរិះគន់សេចក្តីព្រាងច្បាប់នោះ។ បើតាមលោកWang ទោះបីជាមិនបានរកឃើញព័ស្តុតាងណាមួយដែលTikTok គំរាមកំហែងដល់សន្តិសុខជាតិក៏ដោយ អាម៉េរិកមិនព្រមលែងបណ្តាញសង្គម TikTok នោះទេ៕

Tag:
 អាម៉េរិក TikTok ចិន
© រក្សាសិទ្ធិដោយ thmeythmey.com