RFI
អន្តរជាតិ
AIE៖ ឧស្សាហកម្ម​ផូស៊ីលបន្ត​​បញ្ចេញ​មេតានបំពុល​បរិយាកាស​ក្នុង​កំរិតឯតទគ្គកម្ម
14, Mar 2024 , 4:29 pm        
រូបភាព
ឧស្សាហកម្មផូស៊ីលបន្តបញ្ចេញមេតានបំពុលបរិយាកាសក្នុងកំរិតឯតទគ្គកម្ម GETTY IMAGES
ឧស្សាហកម្មផូស៊ីលបន្តបញ្ចេញមេតានបំពុលបរិយាកាសក្នុងកំរិតឯតទគ្គកម្ម GETTY IMAGES
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
នៅ​ឆ្នាំ​២០២៣ វិស័យ​ថាមពល​ផូស៊ីល​បាន​បញ្ចេញ​មេតាន ឧស្ម័ន​បំពុល​បរិយាកាស​ដ៏​អាក្រក់​ជាង​គេ​បំផុត​មួយ ក្នុង​កំរិត​ដ៏​ខ្ពស់​សឹង​បំបែក​ឯតទគ្គកម្ម​ថ្មី។ នេះ​បើ​តាម​របាយការណ៍​របស់ទី​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​ ​ចេញ​ផ្សាយ​នៅថ្ងៃ​ពុធ​ទី ១៣​មីនា​២០២៤។ បរិមាណ​​មេតាន​ដ៏​ខ្ពស់​​ក្នុង​បរិយាកាសនេះ​ ពិត​ជា​មិន​សម​ហេតុផល​​សោះ ព្រោះ​គេ​បាន​ដឹង​អំពីដំណោះស្រាយនិងអាច​​​​​បញ្ចៀស​ ដោយ​មធ្យោបាយ​ងាយធ្វើ​បាន​។

 
ផលិតកម្ម​​ថាមពល​ផូស៊ីល (ប្រេង ឧស្ម័ន​និង​ធ្យូងថ្ម) បាន​បញ្ចេញ​ឧស្ម័ន​មេតាន​ចំនួន​១២០​លាន​តោន​នៅឆ្នាំ​២០២៣ ពោល​គឺ​ច្រើន​ជាង​ឆ្នាំ​២០២២​ទៀត និងជាបរិមាណ​ដ៏​ច្រើន​ក្នុងកំរិត​​ឯតទគ្គកម្ម​។ នេះ​បើ​តាមការ​ទិន្នន័យ​វិភាគនៃ​របាយការណ៍ស្តីពី​ Global Methane Tracker ​របស់​ទី​ភ្នាក់ងារ​ថាមពល​អន្តរជាតិ ចេញ​ផ្សាយ​នៅថ្ងៃពុធ​នេះ។ បើ​តាម​ទីភ្នាក់ងារ​ដដែល ពីរ​ភាគ​បី​នៃ​ការ​បញ្ចេញ​ឧស្ម័ន​មេតាន​បំពុល​បរិយាកាស​ជា​ស្នាដៃ​របស់​មនុស្ស ហើយ​មួយ​ភាគ​ទៀត បញ្ចេញ​ដោយ​តំបន់​សើម​ធម្មជាតិ។
 
​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​សំខាន់​ទីពីរ បន្ទាប់​ពី​ឧស្ម័ន​កាបូនិក មេតានគឺ​ជាមូលេគុល​ឧស្ម័ន​ធម្មជាតិ ដែល​ធ្លាយ​ចេញ​ពី​ការ​បូម​ឧស្ម័ន ពី​ការ​ជីកយក​រ៉ែធ្យូងថ្ម និង​ពី​ការ​ចង្ក្រាន​ហ្កាស​ដាំស្លរបស់​ប្រជាពលរដ្ឋ​ទូទៅ ព្រមទាំង​បញ្ចេញ​ដោយ​សត្វ​គោ (ផោម) ការ​ធ្វើ​កសិកម្ម​ដាំស្រូវ​ និង​សំរាម។
 
មេតានមាន​​ចំណែកប្រមាណ​៣០% ក្នុង​ការឡើងកម្តៅ​សីតុណ្ហភាព​នៃ​ភពផែនដី។ ប៉ុន្តែ​បរិមាណ​មេតាន​បញ្ចេញ​ដោយ​ឧស្សាហកម្ម​ផូស៊ីល​ នៅ​តែ​ខ្ពស់​ត្រដែត តើ​ធ្វើ​ម្តេច​នឹងអាច​សម្រេច​កម្មវត្ថុ​អាកាសធាតុ​បាន។ 
 
ដើម្បី​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​អាកាសធាតុ​ត្រឹម​១,៥​អង្សា​ដូច​មាន​ចែ​ង​ក្នុង​កិច្ចព្រមព្រៀង​ប៉ារីស ឧស្សាហកម្ម​ថាមពល​ផូស៊ី​ល​ត្រូវ​កាត់​បន្ថយ​ការ​បញ្ចេញ​មេតាន​ឱ្យ​បាន​៧៥%​ នៅ​ឆ្នាំ​២០៣០។ ឯ​អ្នក​ជំនាញ​​​របស់ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​លោក​Christophe McGlade គណនា​ឃើញ​ថា បើបូក​​តាម​ពាក្យ​សន្យាបន្ថែម​​របស់​រដ្ឋនិង​ក្រុមហ៊ុនកាល​នៅ​COP២៨ និង​ក្នុង​ករណី​​គ្រប់​ភាគី​ធ្វើ​តាម​សំដី​របស់​ខ្លួន​ នោះ​បរិមាណ​មេតាន​អាច​ថយ​ចុះបាន​៥០%​ នៅ​ឆ្នាំ​២០៣០។ ហើយ​បើ​គិត​តាម​ស្ថានភាពជាក់​ស្តែង​នៅពេល​នេះ​ ពោល​គឺ​សេចក្តី​ប្រកាស​ភាគ​ច្រើន​គ្មាន​សកម្មភាព​ស្រប​តាម​ផែនការ​លម្អិត​វិញ នៅរវាង​ពី​ឆ្នាំ​២០២៣​ដល់​២០៣០ កំរិត​មេតានអាច​ថយ​ត្រឹម​តែ​២០%ប៉ុណ្ណោះ។
 
បន្ត​មាន​បរិមាណ​​មេតាន​ដ៏​ខ្ពស់​​ក្នុង​បរិយាកាសនេះ​ ពិត​ជា​មិន​សម​ហេតុផល​​សោះ ព្រោះ​គេ​បាន​ដឹង​អំពីដំណោះស្រាយនិងអាច​​​​​បញ្ចៀស​ ដោយ​មធ្យោបាយ​ងាយធ្វើ​បាន​។ គេ​អាច​
​​កាត់​​បន្ថយ​ការ​បញ្ចេញ​មេតាន​ក្នុង​បរិយាកាស​​បាន​ដល់​ទៅ​២ភាគ​បី​ឯណោះ​ តាម​រយៈ​បច្ចេកទេស​ដែល​គេ​ស្គាល់​ស្រាប់​និង​មិន​អស់​ថ្លៃ​ហើយ​អាច​នាំ​ចំនូល​បាន​ខ្លះ​ទៀត។ កាត់​បន្ថយ​មេតាន​៧៥% ធ្វើ​ឱ្យ​ចំណូល​របស់​ក្រុមហ៊ុន​ចុះមិន​ដល់៥%​ផង ហើយ​មាន​តែ​១០​ប្រទេស​តែប៉ុណ្ណោះ​ដែល​បញ្ចេញ​ឧស្ម័ន​ពុល​មេតាន​ច្រើន​ជាង​គេ​ គឺ​ចិន អាមេរិក ​បន្ទាប់​មក​រុស្ស៊ី។
 
តើ​២០២៤​ អាច​ជា​របត់​ថ្មី ព្រោះ​អ្នក​នយោបាយ​ចាប់​ផ្តើម​ដាក់​ឱ្យ​ដំណើរ​ផែនការ​អាកាសធាតុ​របស់​ខ្លួន ប្រកប​ដោយ​តម្លាភាព? ទី​ភ្នាក់ងារ​ថាមពលអន្តរជាតិ​ ក៏​បាន​អបអរ​ការ​បង្កើន​បរិមាណ​ផ្កាយរណប​តាមដាន​ការ​ធ្លាយ​មេតាន​បំពុល​បរិយាកាស៕

© រក្សាសិទ្ធិដោយ thmeythmey.com