អន្តរជាតិ
ចិនប្រាប់អាម៉េរិកបញ្ឈប់ការគាបសង្កត់លើ TikTok
15, Mar 2024 , 3:44 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី១៤ ខែមីនា បានទទូចឱ្យអាម៉េរិកឈប់គាប់សង្កត់លើក្រុមហ៊ុន TikTok ដោយគ្មានហេតុផល។ ការឆ្លើយតបបែបនេះ ធ្វើឡើងក្រោយសភាតំណាងរាស្ត្រអាម៉េរិក បានអនុម័តសេចក្តីព្រាងច្បាប់ដែលត្រូវលក់ឱ្យក្រុមហ៊ុនអាម៉េរិក ឬបិទចោលទាំងស្រុង។

 
នៅថ្ងៃទី១៣ ខែមីនា សភាតំណាងរាស្រ្តអាម៉េរិកបានបោះឆ្នោតគាំទ្រលើការហាមឃាត់ ក្រុមហ៊ុន TikTok ប្រសិនជាមិនលក់ក្រុមហ៊ុននេះឱ្យអាម៉េរិក។ នេះដោយសារតែ TikTok គឺបង្កើតឡើងដោយក្រុមហ៊ុនចិន ByteDance ក្នុងឆ្នាំ២០១៧ ដែលមានហ៊ុន២០ភាគរយ។ 
 
បន្ទាប់ពីការអនុម័តនេះ ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញការខកចិត្តយ៉ាងខ្លាំង។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បានជំរុញឱ្យអាម៉េរិកគោរពទីផ្សារសេរី និងគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌។ 
 
«ចិន នឹងចាត់វិធានការគ្រប់យ៉ាង ដើម្បីការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់ខ្លួន»។ ទីភ្នាក់ងារព័ត៌មាន Xinhua បានស្រង់សម្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបែបនេះ នៅថ្ងៃទី១៤ ខែមីនា ដោយបន្តទទូចឱ្យអាម៉េរិកឈប់កៀបសង្កត់លើក្រុមហ៊ុនមកពីបណ្តាប្រទេសផ្សេងជាពិសេសក្រុមហ៊ុន TikTok។ 
 
ក្នុងថ្ងៃដដែលនោះ ក្រសួងការបរទេសចិន បានចាត់ទុកទង្វើអាម៉េរិកលើក្រុមហ៊ុនTikTok ជាការកៀបសង្កត់ និងជាចោរ។ ទន្ទឹមនេះ លោក Wang Wenbin បានជំរុញឱ្យអាម៉េរិករកស៊ីប្រកបដោយភាពត្រឹមត្រូវថែមទៀត។ 
 
គួរបញ្ចាក់ នៅអាម៉េរិក អ្នកប្រើប្រាស់ TikTok មានជាង ១៧០លាននាក់ រួមមានអ្នកធ្វើមាតិកា ម្ចាស់អាជីវកម្មខ្នាតតូច។ បើតាមនាយកប្រតិបត្តិ TikTok លោក Shou Zi Chew ការងារចំនួន ៣០ម៉ឺនកន្លែង នឹងស្ថិតក្នុងស្ថានភាពមានហានិភ័យ បើTikTok ត្រូវបានបិទ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន TikTok បានចំណាយលុយជាង ១៥០០លានដុល្លាលើ Project Texas ដើម្បីការពារទិន្នន័យអ្នកប្រើប្រាស់អាម៉េរិកពីការលូកដៃចិនថែមទៀត។ 
 
យ៉ាងណាក៏ដោយ អាម៉េរិកនៅតែបារម្ភពីការបណ្តាញសង្គមមួយនេះ ខ្លាចការលូកលាន់ពីរដ្ឋាភិបាលចិន។ កាលបើ TikTok ស្ថិតក្រោមក្រុមហ៊ុនអាម៉េរិក ទើបរដ្ឋាភិបាលអាចដកដង្ហើមបានស្រួល។
 
តាមច្បាប់គ្រប់គ្រងការនាំចេញ ការលក់បច្ចេកវិទ្យាចិនណាមួយទៅក្រុមហ៊ុនអាម៉េរិក គឺត្រូវឆ្លងកាត់ពីចិនសិន។ កាលពីឆ្នាំមុន ចិនដាច់អហិង្កាប្រឆាំងនឹងការលក់បង្ខំ ByteDance៕ 

Tag:
 ចិន
  អាម៉េរិក
  TikTok
© រក្សាសិទ្ធិដោយ thmeythmey.com