ជាតិ
កម្ពុជា​ សហការជាមួយកូរ៉េខាងត្បូង ដើម្បីពង្រីកកិច្ចសហការលើវិស័យការងារ
17, Mar 2024 , 9:29 am        
រូបភាព
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយលោក ឆ្វេ មូនស៊ូន អភិបាលស្រុកហ្វាឆន់ ខេត្តកាំងវ៉ុនដូនៃប្រទេសកូរ៉េ។
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយលោក ឆ្វេ មូនស៊ូន អភិបាលស្រុកហ្វាឆន់ ខេត្តកាំងវ៉ុនដូនៃប្រទេសកូរ៉េ។
ភ្នំពេញ៖ កម្ពុជាបានពង្រីកកិច្ចសហការជាមួយប្រទេសកូរ៉េខាងត្បូងក្នុងការបញ្ចូនពលករទៅធ្វើការនៅក្នុងប្រទេសអភិវឌ្ឍមួយនេះ។  កិច្ចសហការនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងលោក ហេង សួរ​ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ជាមួយលោក ឆ្វេ មូនស៊ូន អភិបាលស្រុកហ្វាឆន់ ខេត្តកាំងវ៉ុនដូនៃប្រទេសកូរ៉េ នាថ្ងៃទី១៥មីនា។

 
បន្ទាប់ពីអនុស្សរណៈយោគយល់គ្នានេះ រដ្ឋបាលស្រុកហ្វាឆន់ នឹងទទួលយកពលករពីកម្ពុជា។ ជាមួយនេះ  លោក ហេង សួរ ក៏បានស្នើឱ្យលោក​ ឆ្វេ មូនស៊ូន ពិនិត្យលទ្ធភាពក្នុងការទទួលយកពលករជំនាញរបស់កម្ពុជា លើប្រភេទវីសា(E7)ពីសំណាក់វិស័យឯកជន ផងដែរ។​
 
លើសពីនេះ លោករដ្ឋមន្ត្រីការងារ ក៏បានបានស្នើលោក ឆ្វេ មូនស៊ូន ឱ្យគិតគូនិងមើលថែពីសុខទុក្ខរបស់ពលរដ្ឋខ្មែរដែលនឹងត្រូវធ្វើការនៅក្នុងស្រុកហ្វាឆន់ នៃប្រទេសកូរ៉េខាងមុខក្រោយការចុះអនុស្សរណៈដ៏សំខាន់នាពេលនេះ។
 
សម្រាប់កិច្ចសហការនេះ លោក ឆ្វេ មូនស៊ូន ជឿជាក់លើក្រសួងការងារ ដែលមានបទពិសោធន៍គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ(EPS)រួមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបញ្ជូនពលកររដូវកាលជាមួយក្រុងនិងស្រុករបស់សាធារណរដ្ឋកូរ៉េជាច្រើន មកហើយ។ ​
 
សូមបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាទៅក្រៅប្រទេសទាំងអស់ រួមទាំងកម្មវិធីពលកររដូវកាលទៅសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាពីប្រសិទ្ធភាព និងការគាំពារសិទ្ធិរបស់ពលករ៕

Tag:
 ក្រសួងការងារ
© រក្សាសិទ្ធិដោយ thmeythmey.com