ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
វៀតណាមប្រឈមនឹងការខាតបង់ផលកសិកម្មជិត៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារការឡើងកំពស់ទឹកសមុទ្រដែលគំរាមកំហែងជន់លិចដីស្រែ ដីដាំដំណាំហូបផ្លែ។ តាមការសិក្សារបស់ក្រសួងបរិស្ថានរបស់ប្រទេសនេះ ដែលចុះផ្សាយដោយកាសែតក្នុងស្រុកវៀតណាម កាលពីថ្ងៃអាទិត្យទី ១៧ មីនា តំបន់ដែលតាទន្លេមេគង្គ ភាគខាងត្បូងវៀតណាម ដែលគេចាត់ទុកជាចានបាយរបស់ប្រជាជនវៀតណាម អាចរងការខូចខាតធ្ងន់ធ្ងរជាងគេដោយសារទឹកសមុទ្រហូរចាក់ចូលស្រែ និងជន់លិចដីចំការ។
វៀតណាមកំពុងប្រឈមនឹងការខាតបង់កសិកម្ម ទំហំជិត ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារតែការប្រែប្រួលអាកាសធាតុ និងការឡើងកំពស់ទឹកសមុទ្រ។ តាមការសិក្សារបស់ក្រសួងបរិស្ថានវៀតណាម វៀតណាមនឹងខាតបង់ផលិតផលកសិកម្ម ព្រោះថា ដីស្រែ ដីកសិកម្មកាន់តែច្រើននឹងត្រូវជន់លិចដោយសារកម្រិតទឹកប្រៃដែលចេះតែកើនឡើងជាលំដាប់ ដោយសារការឡើងកំពស់ទឹកសមុទ្រ។
តំបន់ដែលរងគ្រោះខូចខាតធ្ងន់ធ្ងរជាងគេ ដោយសារ ការឡើងកំពស់ទឹកសមុទ្រ និងអាកាសធាតុក្តៅស្ងួតហួតហែងខ្លាំង គឺតំបន់ដែលតា ទន្លេមេគង្គនៅភាគខាងត្បូងវៀតណាម ដែលគេចាត់ទុកជាចានបាយរបស់វៀតណាម។ ចានបាយ ព្រោះវាជាតំបន់ដែលបញ្ចេញផលិតផលកសិកម្មចិញ្ចឹមមនុស្សច្រើនរាប់លាននាក់។
តាមការសិក្សារបស់វិទ្យាស្ថានវិទ្យាសាស្រ្តធនធានទឹក ជាទូទៅ កម្រិតទឹកប្រៃតែងឡើងខ្ពសនៅរដូវក្តៅ ប៉ុន្តែ នៅប៉ុន្មានឆ្នាំមកនេះ គេសង្កេតឃើញវាចេះតែឡើងខ្ពស់ជាបន្តបន្ទាប់ មិនព្រមធ្លាក់ថយចុះ ដោយសារតែការឡើងកំពស់ទឹកសមុទ្រ អាកាសធាតុក្តៅខ្លាំង ខ្វះទឹកភ្លៀងទឹកសាប។
តាំងពីខែកុម្ភៈ តំបន់ដែលតាទន្លមេគង្គភាគខាងត្បូងវៀតណាមរងរលកកំដៅក្តៅយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យបណ្តាញប្រលាយទឹកដ៏ចាំបាច់សម្រាប់ធ្វើស្រែ និងសម្រាប់ជាផ្លូវចរាចរណ៍ដឹកជញ្ជូនទំនិញកសិកម្មរីងហួតស្ទើរទាំងស្រុង។ តាមអាជ្ញាធរវៀតណាម ប្រលាយជាង៨០នៅក្នុងខេត្តCa Mau បានរីង។ ដំណាំស្រូវមួយភាគធំនឹងមិនផ្តល់ផលល្អ ដោយសារខ្វះទឹក។
នៅខែមីនានេះ នាយកដ្ឋានធនធានទឹកវៀតណាមបានព្រមានថា ការឡើងកំពស់ទឹកសមុទ្រនឹងធ្វើឲ្យទឹកប្រៃជន់លិចបំផ្លាញដីស្រែ និងដីចំការផ្លែឈើ ប្រមាណ៨ម៉ឺនហិចតា នៅតំបន់ដែលតាទន្លេមេគង្គ។ ជាក់ស្តែង ខេត្ត Ca Mauនឹងអាចខាតបង់ក្នុងទំហំទឹកប្រាក់ជាង ៦៦៥លានដុល្លារ។ យោងតាមការសិក្សារបស់វិទ្យាស្ថានធនធានទឹកវៀតណាម បើសិនសេណារីយ៉ូបែបនេះចេះតែនៅបន្តមាន ពោលគឺ ដីស្រែត្រូវជន់លិចដោយសារទឹកប្រៃ នោះ គេប៉ាន់ប្រមាណថា នៅតំបន់ដែលតាទន្លេមេគង្គ ដើមឈើហូបផ្លែប្រមាណ ២៩%នឹងត្រូវបំផ្លាញ។
ផលិតផលកសិកម្មផ្សេងទៀតនឹងធ្លាក់ថយចុះ២៧% ចំណែកស្រូវ ប្រមាណ ១៤%ត្រូវខូចខាត។ ការកើនឡើងបរិមាណទឹកប្រៃនៅក្នុងដែនដីវៀតណាមដោយសារការឡើងកំពស់ទឹកសមុទ្រនឹងធ្វើឲ្យឧស្សាហកម្មចិញ្ចឹមត្រីវៀតណាមខាតបង់ផងដែរទឹកប្រាក់៨៤០លានដុល្លារ ក្នុងមួយឆ្នាំៗ។
នៅពេលការខាតបង់ដោយសារបរិមាណទឹកប្រៃក្នុងដីកសិកម្មនៅវៀតណាមមានទំហំជិត ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ទំហំខាតបង់នៅតំបន់ដែលតាទន្លេមេគង្គតែមួយនឹងកើនឡើងជាបន្តបន្ទាប់ នៅថ្ងៃអនាគត ដល់ជាង ៣១០០លានដុល្លារ។ នេះបើតាមការវាយតម្លៃរបស់អ្នកសិក្សាវៀតណាម៕