ជាតិ
រកឃើញផូស៊ីលដើមឈើ អាយុកាលជាង២០០លានឆ្នាំ នៅតំបន់ភ្នំត្បែង ខេត្តព្រះវិហារ
30, Mar 2024 , 1:59 pm        
រូបភាព
រូបពី ក្រសួងបរិស្ថាន
រូបពី ក្រសួងបរិស្ថាន
ភ្នំពេញ៖ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រកឃើញផូស៊ីលដើមឈើ នៅភ្នំស្រួចនៃតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាលចន្លោះពី២៥១ទៅ២៦៥លានឆ្នាំ។ 


 
បើតាមក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែមីនា ក្រុមការងារសិក្សាផូស៊ីល បានចុះធ្វើកំណាយស្រាវជ្រាវផូស៊ីលដើមឈើ នៅភ្នំស្រួចនៃតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី អ្នកជំនាញ ព្រះសង្ឃឧទ្យានុរក្ស និស្សិត និងពលរដ្ឋមួយចំនួន។
 
លទ្ធផលបានពីកំណាយដីជម្រៅ១.៥ម៉ែត្រ ទទឹង២ម៉ែត្រ បណ្តោយ៦ម៉ែត្រ បានរកឃើញផូស៊ីលឈើប្រវែង៣.៥ម៉ែត្រ ក្នុងនោះបំណែកមែកឈើជាច្រើនបានក្លាយធ្យូង។ ចំណែក បំណែកផូស៊ីលស្លឹកឈើ ត្រូវបានរកឃើញកប់ក្នុងស្រទាប់ថ្មភក់ ដែលជាស្រទាប់ផ្នែកខាងលើនៃភ្នំត្បែង។ តាមរយៈកំណាយនេះ អាចយល់បានថា ផូស៊ីលដើមឈើនេះអាចស្ថិតនៅស័ក Mesozoic សម័យកាល Jurassic - Cretaceous (២៥១-២៦៥លានឆ្នាំ)។ 


 
កន្លងទៅក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានរកឃើញផូស៊ីជាច្រើន រាប់ទាំងផូស៊ីលសត្វសមុទ្រ ផូស៊ីលឆ្អឹង, ផូស៊ីលសត្វ, ផូស៊ីលត្រី ដែលមានអាយុកាលរាប់លានឆ្នាំមុន។ 
 
ក្រុមការងារសិក្សាផូស៊ីល មានតួនាទី សិក្សា ស្រាវជា្រវ រៀបចំទិន្នន័យនានា ពិនិត្យ តាមដាន និងរាយការណ៍អំពីស្ថានភាពតំបន់បេតិកភណ្ឌធម្មជាតិ ការពារ អភិរក្ស ទប់ស្កាត់បទល្មើស ធនធានវប្បធម៌ និងស្តារធនធាន តំបន់បេតិកភណ្ឌធម្មជាតិឱ្យមាននិរន្តរភាព ក៏ដូចជាចូលរួមថែរក្សា ប្រពៃណី ទំនៀមទម្លាប់ ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ជនជាតិដើមភាគតិច ដែលរស់នៅក្បែរតំបន់បេតិកភណ្ឌធម្មជាតិ៕









Tag:
 ហ្វីស៊ីលដើមឈើ
  ក្រសួងបរិស្ថាន
  ភ្នំត្បែង
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com