អន្តរជាតិ
បេក្ខភាពអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា ទៅដល់ដៃព្រឹទ្ធសភាហើយ
30, Mar 2024 , 2:29 pm        
រូបភាព
បេក្ខភាពលោក Robert William Forden ជាអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បានទៅដល់ដៃព្រឹទ្ធសភាអាម៉េរិក ក្រោយឆ្លងកាត់គណៈកម្មាធិការទំនាក់ទំនងបរទេសរួចមក។

 
លោក Robert William Forden ត្រូវបានលោកប្រធានាធិបតី ចូ បៃឌិន តែងតាំងជាប្រេសិតប្រចាំកម្ពុជាតាំងពីឆ្នាំ២០២២ ។ ប៉ុន្តែដំណើរការអនុម័តបេក្ខភាពរបស់លោកនៅព្រឹទ្ធសភា ហាក់មានសភាពយឺតយ៉ាវ ដែលធ្វើឱ្យលោក Patrick Murphy បន្តតំណែងជាអគ្គរដ្ឋទូតដល់សព្វថ្ងៃ។
 
គណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាម៉េរិក បានអនុម័តបេក្ខភាពលោក Forden កាលពីថ្ងៃទី២០ ខែមីនា ហើយបញ្ជូនសំណើបន្តទៅកាន់កិច្ចប្រជុំពេញអង្គព្រឹទ្ធសភាដើម្បីអនុម័ត។ គេមិនទាន់ដឹងថា ព្រឹទ្ធសភាអាម៉េរិក នឹងបើកកិច្ចប្រជុំដើម្បីអនុម័តបេក្ខភាពលោក Forden នៅពេលណាឡើយ។
 
ក្នុងការផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងបរទេសនៅថ្ងៃទី៧ ខែមីនា លោក Robert Forden បេក្ខជនអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានថ្លែងពីអាទិភាព និងកិច្ចការរបស់ខ្លួន មុនពេលមកបំពេញការងារនៅកម្ពុជា ដើម្បីជំនួសតំណែងលោក Murphy ។ 
 
លោក Forden បានប្តេជ្ញាពង្រឹងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបពហុបក្ស ប្រសិនបើត្រូវបានសភាគាំទ្រជាអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា។ ទន្ទឹមនេះ លោក Forden ក៏បានបង្ហាញជំនឿផងដែរថា មេដឹកនាំជំនាន់ថ្មីរបស់កម្ពុជា នឹងផ្តល់ឱកាសក្នុងការកែលម្អមុខមាត់របស់ប្រទេសលើឆាកអន្តរជាតិដូចជា និងការស្តារប្រជាធិបតេយ្យបែបពហុភាគី ការអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបើកឡើងវិញជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com