ជាតិ
ជួលដីគេធ្វើស្រូវដំណើប លោក ហួន ដានី មិនបារម្ភពីបញ្ហាទីផ្សារ
30, Mar 2024 , 8:59 pm        
រូបភាព
សៀមរាប៖ ស្រូវដំណើបរបស់លោក ហួន ដានី បានប្រមូលផលរួចហើយ កាលពីពេលថ្មីៗនេះ។ ពោរពេញដោយស្នាមញញឹម កសិកររូបនេះ ប្រាប់ថា ស្រូវដំណើបឆ្នាំនេះបានផលគួរសម និងមានតម្លៃល្អ។

 
ខុសពីកសិករដទៃ លោក ហួន ដានី ហៅគា បានធ្វើស្រូវដំណើប ដោយមានក្រុមហ៊ុនធានាទិញច្បាស់លាស់។ លោក គា បានចាប់ផ្តើមធ្វើស្រូវដំណើបនេះ២ឆ្នាំហើយ ព្រោះមានឈ្មួញ ចាំជួយទុនខ្លះពេលធ្វើ និងប្រមូលទិញភ្លាមៗក្រោយច្រូតកាត់ ដោយមិនឱ្យលោកបារម្ភពីបញ្ហាទីផ្សារឡើយ។ 
 
ក្នុងឆ្នាំនេះ ស្រូវដំណើបសើមតម្លៃ៩១០រៀលក្នុងមួយគីឡូក្រាម។ ក្នុងផ្ទៃដីស្រែដែលជួលគេមួយហិកតា កសិកររូបនេះ អាចប្រមូលផលស្រូវដំណើបបានខ្ទង់៦តោនដែរ។ ដ្បិតថា ផលឆ្នាំនេះរៀងធ្លាក់បន្ដិច តែកសិករវ័យ៦៤ឆ្នាំរូបនេះយល់ថា នៅតែចំណេញជាងធ្វើស្រូវធម្មតា។ 


ការប្រមូលស្រូវដំណើបរបស់កសិករ ហួន ដានី នៅសង្កាត់ចុងឃ្នៀស នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។
 
ធ្លាប់ជាជាងផ្ទះ អ្នកភូមិចុងឃ្នៀសរូបនេះ បានជួលដីគេក្នុងមួយហិកតាតម្លៃ១៥០ដុល្លារ។ លោក គា យល់ថា ស្រូវដំណើបងាយស្រួលដាំដុះ ពូជល្អ ផ្លែថ្លោស និងជាប្រភេទស្រូវស្រាល។ កំពុងមមាញឹកដេរមាត់ការ៉ុងបណ្ដើរ និយាយបណ្ដើរ ក្បែរផែកាណូតទេសចរណ៍ចុងឃ្នៀស លោក គា ពោលថា៖« មិនបារម្ភទីផ្សារទេ គេប្រមូលទិញទាំងអស់ ពូជក្រុមហ៊ុនឱ្យ និងមានកម្ចីឱ្យពលរដ្ឋទៀត វាល្អដែរ មិនចាំបាច់ចេញទុនទេ»។
 
បទពិសោធន៍ជាកសិករច្រើនឆ្នាំ លោក គា មើលឃើញសញ្ញាល្អនៃតម្លៃស្រូវអង្ករនៅឆ្នាំនេះ ដែលមានតម្លៃចន្លោះពី១០០០រៀលទៅ១៣០០រៀល។ ញញឹមបណ្ដើរនិយាយបណ្ដើរ លោក គា ថ្លែងដូច្នេះថា៖« បើបានថ្លៃអ៊ីចឹងរាល់ឆ្នាំ វាល្អដែរ កសិករមានទឹកមាត់លេបខ្លះ»៕
 







Tag:
 កសិកម្ម
  ស្រូវដំណើប
© រក្សាសិទ្ធិដោយ thmeythmey.com