កីឡាជាតិ
ជាតិ
កៅអីស្តាតអូឡាំពិកដំឡើងរួចរាល់ FFC ប្រកាសប្រើជាផ្លូវការសម្រាប់ប្រកួតអន្តរជាតិ រូបភាព៖ FFC
×
ពហុកីឡដ្ឋានជាតិអូឡាំពិក បានបំពាក់កៅអីមានបង្អែកស្របតាមគោលការណ៍សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រួចរាល់ ១០០ភាគរយហើយ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន អរគុណសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សម្រាប់ជំនួយថវិការដំឡើងកៅអីដ៏ស្រស់ស្អាត ស្របពេលពហុកីឡដ្ឋានជាតិ អាចដំណើរការប្រកួតអន្តរជាតិជាផ្លូវការ។
ក្រោយ FFC ទទួលបានកញ្ចប់ជំនួយពី AFF ការរចនា និងដំឡើងកៅអីមានបង្អែកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលអាចផ្ទុកទស្សនិកជនសរុបចំនួន ៣០,០០០នាក់ បានបញ្ចប់ជាស្ថាពរ ជាមួយរូបរាងថ្មីតាមរចនាបថខ្មែរ។
ដំណើរការបំពាក់កៅអីមានបង្អែកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ធ្វើឡើងបន្ទាប់ពី AFC និង FIFA តម្រូវឱ្យ FFC ដកកៅអីចាស់ដែលទើបបំពាក់អំឡុងស៊ីហ្គេម ដើម្បីអាចរៀបចំប្រកួតកម្រិតអន្តរជាតិ។ ពេលនោះ FFC បានប្រកាសរកអ្នកចង់បញ្ចេញស្នាដៃ រចនាប្លង់កៅអីពហុកីឡដ្ឋានជាតិអូឡាំពិក ហើយទីបំផុតក៏រកបានជ័យលាភីលោក ហោ មណីឬទ្ធិ ដែលជ្រើសរើសយករចនាបថក្បាច់ផ្កាចន្ទន៍។
នៅថ្ងៃទី១ ខែមេសា តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន FFC បានប្រកាសពីការរួចរាល់ទាំងស្រុង លើការបំពាក់កៅអីមានបង្អែកចំនួន២៥០០០កៅអី ស្របតាមគោលការណ៍ FIFA និង AFC។ រួចរាល់ បានន័យថា ពហុកីឡដ្ឋានជាតិអូឡាំពិក អាចទទួលដឹកនាំការប្រកួតជាអន្តរជាតិ ជាមួយកៅអីអង្គុយសរុប៣ម៉ឺនកៅអីជាផ្លូវការ។ កន្លងមក កីឡដ្ឋាននេះមានត្រឹមកៅអីអត់បង្អែក តែអាចទទួលរៀបចំស៊ីហ្គេម និងការប្រកួតអន្តរជាតិមួយចំនួន ក៏ដោយសារ FFC ទទួលបានការអនុគ្រោះពី AFC ប៉ុណ្ណោះ។
FFC បានបង្ហាញការអរគុណចំពោះ AFF ដែលបានផ្តល់ជំនួយជាកញ្ចប់ថវិកា ដើម្បីឲ្យគម្រោងតម្លើងកៅអីមានបង្អែកថ្មីនេះសម្រេចបាន១០០ភាគរយ។ ការចំណាយលើការបំពាក់កៅអីចំនួន ២៥០០០ កៅអីនេះ ប្រហែលជិត៥០ម៉ឺនដុល្លារ៕
Tag:
ពហុកីឡដ្ឋានជាតិអូឡាំពិក
FFC
© រក្សាសិទ្ធិដោយ thmeythmey.com