RFI
អន្តរជាតិ
សង្គ្រាម​នៅ​ហ្កាហ្សា​ ធ្វើ​ឲ្យ​កញ្ចប់​ថវិកា​ជាតិ​អ៊ីស្រាអែល​ប៉ោង​ខ្លាំង
02, Apr 2024 , 8:29 am        
រូបភាព
អគ្គទេសាភិបាលធនាគារជាតិអ៊ីស្រាអែល លោក អាមៀរ យ៉ារ៉ុន បានប្រកាសអំពីការបង្កើតគណៈកម្មាការ១ នៅពេលឆាប់ៗនេះ ដើម្បីនឹងរៀបចំកញ្ចប់ថវិកាយោធា ទៀតផង។ REUTERS - Kevin Lamarque
អគ្គទេសាភិបាលធនាគារជាតិអ៊ីស្រាអែល លោក អាមៀរ យ៉ារ៉ុន បានប្រកាសអំពីការបង្កើតគណៈកម្មាការ១ នៅពេលឆាប់ៗនេះ ដើម្បីនឹងរៀបចំកញ្ចប់ថវិកាយោធា ទៀតផង។ REUTERS - Kevin Lamarque
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
 
អគ្គទេសាភិបាល​ធនាគារជាតិ​អ៊ីស្រាអែល​​ កាលពី​ថ្ងៃអាទិត្យ​ ទី​៣១មីនា បាន​អំពាវនាវ​ជំរុញ​ឲ្យ​ ​រដ្ឋាភិបាល​អ៊ីស្រាអែល ​ត្រូវ​​​កាត់បន្ថយ​ការ​ចំណាយ​ផ្សេងៗ​ដែល​មិន​ពាក់ព័ន្ធ​នឹង​វិស័យ​យោធា ដើម្បី​ប៉ះប៉ូវ​ការ​ចំណាយ​ក្នុងសង្គ្រាមដែល​ចេះ​តែ​កើន​ឡើង​​ជា​លំដាប់​។ ​សង្គ្រាម​​ប្រឆាំង​ពួក​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​ រយៈពេល៦ខែនេះ តម្រូវ​ឲ្យ​អ៊ីស្រាអែល​​បង្កើន​កញ្ចប់​ចំណាយយោធា​យ៉ាងច្រើនសន្ធឹក​ ស្រប​ពេល​ដែល​ឱនភាព​ថវិកា​ជាតិ​ក៏​កាន់តែ​កើន​ឡើង​​ដែរ ពោល​គឺ​ឡើង​ខ្ពស់​ជាងការ​គ្រោង​ទុកនៅមុន​ពេល​សង្គ្រាម​ទៅ​ទៀត​​។



អគ្គទេសាភិបាល​ធនាគារជាតិ​អ៊ីស្រាអែល​ លោក អាមៀរ យ៉ារ៉ុន បាន​​ជំរុញ​ឲ្យ​ ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល ​និងអ្នក​ទទួល​ខុសត្រូវ​ក្រសួង​ស្ថាប័ន​ជាតិ​ទាំងឡាយ​ ត្រូវសើរើ​កញ្ចប់​ថវិកា និងត្រូវ​​​កាត់បន្ថយ​ការ​ចំណាយ​នានា ​ដែល​មិន​ពាក់ព័ន្ធ​នឹង​វិស័យ​យោធា ដើម្បី​ប៉ះប៉ូវ​ការ​ចំណាយ​ក្នុងសង្គ្រាមដែល​ចេះ​តែ​កើន​ឡើង​ ខ្ពស់ទៅៗ​។ ថ្នាក់ដឹកនាំ​ធនាគារជាតិ​អ៊ីស្រាអែល ក៏​បាន​ប្រកាស​អំពី​ការ​បង្កើត​គណៈ​កម្មាការ​១ នៅពេល​ឆាប់ៗនេះ ដើម្បី​នឹង​រៀបចំ​កញ្ចប់​ថវិកា​យោធា​ ទៀតផង។​
 
នៅក្នុង​លិខិត​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​នានា និង​សមាជិករដ្ឋសភា​អ៊ីស្រាអែល អគ្គទេសាភិបាល​ធនាគារជាតិ​អ៊ីស្រាអែល​ លោក អាមៀរ យ៉ារ៉ុន បាន​ពន្យល់ថា វាចាំបាច់ណាស់​ដែល​ត្រូវ​ អ៊ីស្រាអែល​ ត្រូវ​កំណត់​ពី​តម្រូវ​ការ​យោធា​ជាថ្មី​ ហើយ​និង​សើរើ​កែប្រែ​កញ្ចប់​ចំណាយ​សម្រាប់​ប៉ុន្មាន​ឆ្នាំទៅមុខ ដើម្បី​ឲ្យ​​សមស្រប​ទៅនឹង​ទម្ងន់​ប៉ះពាល់​ដល់​សេដ្ឋកិច្ច។​ ទន្ទឹម​នឹង​នោះ ជាការ​ចាំបាច់​ណាស់ដែរ ដែល​ត្រូវ​បង្កើនចំណាយ​លើ​វិស័យ​យោធាបន្ថែមទៀត ​ទៅលើ​អ្វី​ដែល​បាន​សម្រេច​ហើយ។
 
ក្នុង​ន័យ​នេះ ​​អគ្គទេសាភិបាល​ធនាគារជាតិ​អ៊ីស្រាអែល ចង់​សំដៅ​ដល់​ការ​អនុម័ត​កញ្ចប់​ថវិកា​ជាតិ ១៦០ពាន់លាន​ដុល្លារ​ ដែល​រដ្ឋសភា​អ៊ីស្រាអែល​បាន​សម្រេចរួច​ហើយ​​នៅ​ថ្ងៃទី​១៣មីនា និងដែល​ចែង​កំណត់​អំពីការ​បង្កើនកញ្ចប់​ថវិក​​ ​ ៥ ពាន់​លាន​អឺរ៉ូ​ ​សម្រាប់វិស័យ​ការពារជាតិ​។ បាន​សេចក្តីថា ​​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​ មាន​កញ្ចប់​ចំណាយ​ ២៧ ពាន់​លាន​អឺរ៉ូ ហើយ​និងត្រូវ​ថែម​ ៥ ពាន់​លាន​អឺរ៉ូ​បន្ថែមទៀត សម្រាប់​ឆ្នាំទៅមុខ។​ លើសពីនេះ​ លោក អាមៀរ យ៉ារ៉ុន ចង់ឲ្យ​រឹតត្បិត​វិស័យ​ផ្សេងៗ​ ដើម្បី​​​បង្កើនលុយ​ក្នុង​​​វិស័យ​យោធាឲ្យរឹងរឹត​តែ​កើន​ខ្ពស់​ជាងនេះទៀត​។​
 
​សង្គ្រាម​ច្បាំង​ប្រឆាំង​​ពួក​ហាម៉ាស​ប៉ាឡេស្ទីនផ្ទុះ​ចាប់​ឡើង​ពី​ថ្ងៃទី​៧តុលា​ឆ្នាំទៅមិញ តម្រូវ​ឲ្យ​អ៊ីស្រាអែល​បញ្ជាទិញ​អាវុធមីស៊ីល​​និងគ្រាប់​ច្រើន​សន្ធឹក។ ​ក្រុមហ៊ុន​ផលិត​អាវុធ​អ៊ីស្រាអែល​ ផ្គត់​ផ្គង់​មិនទាន់ និង​ត្រូវ​បញ្ជាទិញ​បន្ថែម​ពី​សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក​បាន​ដឹក​សម្ភារៈ​យោធាតាម​យន្តហោះ ទម្ងន់​ ១៧ ០០០ តោន​ឲ្យ​អ៊ីស្រាអែល ដែល​ស្មើ​នឹង​តម្លៃទឹកប្រាក់ ៣៣ ពាន់​លានដុល្លារ ក្នុង​ពេល​៣ខែ​ដំបូង​នៃសង្គ្រាម​។​ នេះបើតាមទិន្នន័យ​របស់​​កាសែត​បារាំង​ Les Echos ផ្សាយ​ដើម​ឆ្នាំ។​​
 
សង្គ្រាមជះ​ផលវិបាក​ដល់​សេដ្ឋកិច្ច។ ធនាគារជាតិ​អ៊ីស្រាអែល បាន​ព្យាករ​អំពី​ឱនភាព​ថវិកា​ជាតិ ក្នុង​ឆ្នាំ​២០២៤ ដែល​បាន​កើនឡើង​ខ្ពស់ ដល់ទៅ ៦,៦% ខុស​ឆ្ងាយ​ពីពេល​មុន​សង្គ្រាម ដែល​មាន​ត្រឹមតែ​ ២,២៥% ប៉ុណ្ណោះ។ ទន្ទឹម​នឹងគ្នានេះ  អគ្គទេសាភិបាល​ធនាគារជាតិ​អ៊ីស្រាអែល​ បា​នទទួល​ស្គាល់​ដែរថា សេដ្ឋកិច្ចជួប​ការ​លំបាក​ មាន​សន្ទុះ​កំណើន​ទាប ត្រឹមតែ​២%ប៉ុណ្ណោះ ក្នុង​ឆ្នាំ២០២៣។​ សេដ្ឋកិច្ច​​អ៊ីស្រាអែលជួល​ការលំបាក ត្រូវលោក អាមៀរ យ៉ារ៉ុន ពន្យល់ថា មកពី​ផលិត​កម្ម​ការងារធ្លាក់​ចុះ​ខ្សោយ ហើយ​និង​កង្វះ​សមត្ថភាព​គ្រប់គ្រាន់ នៃ​ក្រុម​ស្ត្រី​អារ៉ាប់​និងក្រុម​ប្រុសៗ​ជ្វីហ្វ​និយម​​​សាសនាអុកតូដុក​ប្រកាន់​តឹង​​ ដែល​លំបាក​សម្រប​ខ្លួន​ចូល​ទីផ្សារការ​​ងារ៕

© រក្សាសិទ្ធិដោយ thmeythmey.com