អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមចូលសមុទ្រខាងកើត ក្រោយស្ងប់ស្ងាត់២សប្ដាហ៍
02, Apr 2024 , 9:59 am        
រូបភាព
កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមមួយគ្រាប់នៅព្រឹកថ្ងៃទី២ ខែមេសា បន្ទាប់ស្ងប់ស្ងាត់មិនបាញ់អាវុធអ្វីអស់២សប្ដាហ៍មកនោះ។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។

 
ការបាញ់មីស៊ីលចម្ងាយមធ្យមនៅថ្ងៃទី២ ខែមេសា ជាការសាកល្បងមីស៊ីលផ្លោងបាលីស្ទិកលើកទី៣ សម្រាប់ឆ្នាំ២០២៤នេះ។ កាលពីខែមីនា កូរ៉េខាងជើងបានបាញ់មីស៊ីលប្រើឥន្ធនៈរឹងមួយដែលត្រូវត្រួតពិនិត្យដោយផ្ទាល់ពីប្រមុខដឹកនាំកំពូល គីម ជុងអ៊ុន។ របបកុម្មុយនីស្តមួយនេះ ក៏បាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ដែរកាលពីខែមករា ដែលកាលមានបំពាក់ដោយក្បាលគ្រាប់ដែលមានល្បឿនលឿនជាងសំឡេងថែមទៀត។
 
បើតាមអគ្គសេនាធិការកងទ័ពកូរ៉េខាងត្បូង មីស៊ីលកូរ៉េខាងជើង ត្រូវបានចាប់ដានបាននៅម៉ោង៦ និង៥៣នាទី ដែលត្រូវសន្មត់ជាមីស៊ីលចម្ងាយមធ្យមបាញ់ចេញពីតំបន់ព្យុងយ៉ាងទៅសមុទ្រខាងកើត ឬសមុទ្រជប៉ុន។ មីស៊ីលនេះ​ ហោះបានចម្ងាយប្រហែល៦០០គីឡូម៉ែត្រ។ 
 
យោធាកូរ៉េខាងត្បូងអះអាងថា ខ្លួនបានបង្កើនការត្រួតពិនិត្យ និងកំពុងចែករំលែកព័ត៌មានពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយអាម៉េរិក និងជប៉ុន។ ទីក្រុងតូក្យូ ក៏បញ្ជាក់ពីការបាញ់មីស៊ីលនេះដែរ ដោយធ្លាក់នៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។
 
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា​ ហ្វូមីអូ ប្រាប់អ្នកយកព័ត៌មានថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀតនៅឆ្នាំនេះ ដែលវាជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងជាសកម្មភាពមិនអាចទទួលយកបានជាដាច់ខាត។
 
ការបាញ់មីស៊ីលលើកនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ីបោះឆ្នោតប្រឆាំងនៅអង្គការសហប្រជាជាតិ ដែលបានបញ្ចប់ការត្រួតពិនិត្យអ្នកជំនាញអន្តរជាតិលើការរំលោភលើទណ្ឌកម្មរបស់កូរ៉េខាងជើង៕

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com