លោក Kiatisuk Senamuang អតីតខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិថៃ ដែលសព្វថ្ងៃជាគ្រូបង្វឹកក្លិប Cong An Ha Noi លីគកំពូលវៀតណាម (V. League) ជាបេក្ខភាពមួយរូបក្នុងចំណោម៥រូប ដើម្បីក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម ជំនួសលោក Philippe Troussier។ យ៉ាងណាអតីតគ្រូថៃ អះអាងថាខ្លួនសព្វថ្ងៃ ផ្តោតអារម្មណ៍លើការងារនៅ V. League។
«ក្លាយជាអ្នកដឹកនាំក្រុមជម្រើសជាតិវៀតណាម ជាឱកាសសម្រាប់គ្រូបង្វឹកទាំងអស់ មិនមែនសម្រាប់តែខ្ញុំនោះទេ។ ខ្ញុំសង្ឃឹមថា បុគ្គលនោះនឹងយល់ពីបាល់ទាត់វៀតណាម និងនាំពួកគេទៅកាន់ World Cup»។ លោក Kiatisuk ប្រាប់អ្នកសារព័ត៌មាន ក្រោយជួយ Cong An Ha Noi ឈ្នះ Thanh Hoa FC ២-០ ក្នុងការប្រកួតលីគ ចុងសប្តាហ៍មុន។
បច្ចុប្បន្ន គ្រូបង្វឹករហស្សនាម Zico ជាបេក្ខភាពមួយរូបសម្រាប់តំណែងគ្រូជម្រើសជាតិវៀតណាម បន្ទាប់ពីសហព័ន្ធបាល់ទាត់វៀតណាម (FFA) បានបញ្ចប់កិច្ចសន្យាគ្រូសញ្ជាតិបារាំង Troussier ក្រោយដឹកនាំក្រុមមិនបានល្អនៅវគ្គជម្រុះ World Cup ដោយបរាជ័យ២លើកក្រោមថ្វីជើងឥណ្ឌូណេស៊ី។
បើទោះបានលើកឡើងជុំវិញតំណែងគ្រូវៀតណាម ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែអតីតខ្សែប្រយុទ្ធ និងគ្រូជម្រើសជាតិថៃ វ័យ៥០រូបនេះ នៅតែផ្តោលើការងារជាគ្រូបង្វឹកក្លិប Cong An Ha Noi នាពេលបច្ចុប្បន្ន។
«ខ្ញុំសូមអរគុណអ្នកគាំទ្រទាំងអស់នៅក្នុងប្រទេសវៀតណាម។ ក្នុងនាមខ្ញុំជាគ្រូបង្វឹក ខ្ញុំរីករាយណាស់ដែលបានធ្វើការនៅប្រទេសវៀតណាម។ ក្នុងវិស័យបាល់ទាត់ អ្វីៗក៏អាចកើតឡើងបានដែរ។ សម្រាប់ពេលបច្ចុប្បន្ន ខ្ញុំផ្តោតលើការដឹកនាំ Cong An Ha Noi ដើម្បីសម្រេចឱ្យបានលទ្ធផល»។ Kiatisuk បន្ថែម។
ក្រៅពី Zico គ្រូបង្វឹកដែលមានទេពកោសល្យមួយចំនួនទៀតដែលមានមូលដ្ឋាននៅ V. League ដែលរំពឹងថានឹងក្លាយជាគ្រូវៀតណាម មានដូចជាលោក Velizar Popov (Thanh Hoa), លោក Chu Dinh Nghiem (Hai Phong FC), លោក Vu Hong Viet (Nam Dinh FC) និង លោក Le Huynh Duc (Becamex Binh Duong)។
ក្រោមការដឹកនាំរបស់លោក Kiatisuk ក្រុម Cong An Ha Noi ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាង V. League បណ្តោះអាសន្ន ដោយមាន២៥ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Nam Dinh ៧ពិន្ទុ និងតាមពីក្រោយក្រុមលេខ២ Binh Duong ១ពិន្ទុ។
Kiatisuk ត្រូវបានគេចាត់ទុកជាវីរបុរសបាល់ទាត់ថៃ ដែលបានឈ្នះពានរង្វាន់ V. League ជាមួយ Hoang Anh Gia Lai កាលនៅប្រកបអាជីពជាកីឡាករ ក្នុងឆ្នាំ ២០០៣ និង ២០០៤។ នៅឆ្នាំ ២០២០ Kiatisuk បានត្រលប់ទៅ Hoang Anh Gia Lai វិញក្នុងនាមជាគ្រូបង្វឹក។ ក្រោយដឹកនាំ៤ឆ្នាំ លោកបានផ្លាស់ទៅ Cong An Ha Noi នៅឆ្នាំ២០២៤នេះ។
Kiatisuk Senamuang ធ្លាប់បង្ហាញខ្លួនឱ្យក្រុមដំរីសង្គ្រាម១៣៤ប្រកួត ចន្លោះពីឆ្នាំ ១៩៩៣ ដល់ ២០០៧ ដោយរកបានគ្រាប់ស៊ុតបញ្ចូលទី៧១គ្រាប។ Kiatisuk ឡើងជាគ្រូបង្វឹកក្រុមជម្រើសជាតិថៃពីឆ្នាំ ២០១៤-២០១៧ ដោយទទួលបានជោគជ័យបំផុត៕