អន្តរជាតិ
នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាមន្រ្តីទប់ស្កាត់ភ្លើងឆេះព្រៃក្នុងពេលមានរលកកម្តៅ
05, Apr 2024 , 10:02 am        
រូបភាព
ភ្លើងឆេះព្រៃវៀតណាមមួយកន្លែងនៅក្នុងឆ្នាំ២០២២ និងលោកផាម មិញឈិញ នាយករដ្ឋមន្រ្តីវៀតណាម (រូបក្នុងរង្វង់)។ រូបភាព AFP និងTuoi Tre
ភ្លើងឆេះព្រៃវៀតណាមមួយកន្លែងនៅក្នុងឆ្នាំ២០២២ និងលោកផាម មិញឈិញ នាយករដ្ឋមន្រ្តីវៀតណាម (រូបក្នុងរង្វង់)។ រូបភាព AFP និងTuoi Tre
នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិញ នៅថ្ងៃទី៤ ខែមេសា បានបញ្ជាឱ្យមន្រ្តីនៅថ្នាក់ក្រសួង និងតំបន់ រួមទាំងទីភ្នាក់ងាររដ្ឋ ចាត់វិធានការពង្រឹង និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងពេលមានរលកកម្តៅ នៅក្នុងតំបន់។ ការបញ្ជានេះ ធ្វើឡើងក្រោយពីមានភ្លើងឆេះព្រៃជាបន្តបន្ទាប់នៅវៀតណាម និងខេត្តភាគខាងត្បូង ដែលជាប់ជាមួយកម្ពុជាផង។

 
មួយរយៈចុងក្រោយ បណ្តាប្រទេសនៅអាស៊ាន បានរងរលកកម្តៅយ៉ាងខ្លាំង ដោយសីតុណ្ណភាពកើនដល់ប្រមាណ ៣៨ ឬ៣៩អង្សាឯណោះ។ អាកាសធាតុដ៏ក្តៅបែបនេះ មានហានិភ័យខ្ពស់ក្នុងការបង្កឱ្យមានភ្លើងឆេះព្រៃ។ ដោយបារម្ភពីបញ្ហាដែលអាចបង្កឱ្យខូចខាតទ្រព្យសម្បត្តិនេះ ប្រមុខរដ្ឋាភិបាលវៀតណាម លោក ផាម មិញឈិញ បានបញ្ជាឱ្យមន្រ្តីថ្នាក់ក្រសួង តំបន់ រួមទាំងទីភ្នាក់ងាររដ្ឋពង្រឹង និងចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ។ 
 
«ដើម្បីបង្ការ, ប្រយុទ្ធនឹងភ្លើងឆេះព្រៃ និងកាត់បន្ថយផលប៉ះពាល់ដែលបង្កដោយភ្លើងឆេះព្រៃ នាយករដ្ឋមន្រ្តីវៀតណាម បានបញ្ជាឱ្យប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងក្រុងចាត់វិធានការបន្ទាន់ឱ្យទាន់ពេលវេលា»។ សារព័ត៌មាន Vietnam Plus បានចុះផ្សាយបែបនេះ នៅថ្ងៃទី៤ ខែមេសា។ 
 
ការសម្រេចរបស់នាយករដ្ឋមន្រ្តីវៀតណាម ធ្វើឡើងក្រោយវៀតណាមប្រឈមនឹងអាកាសធាតុក្តៅខ្លាំង។ កន្លងមក ភ្លើងឆេះព្រៃ បានកើតមាននៅក្នុងខេត្តភាគខាងជើងដូចជា ខេត្តLao Cai, ខេត្ត Son La, ខេត្ត Yen Bai, ខេត្តភាគកណ្តាលKhanh Hoa និងខេត្តភាគខាងត្បូងKien Giang ដែលជាប់ជាមួយកម្ពុជាផង។ 
 
អាជ្ញាធរនៃមជ្ឈមណ្ឌលជាតិព្យាករណ៍អាកាសធាតុ ធ្លាប់បានព្រមានថា អាកាសធាតុនៅក្នុងឆ្នាំ២០២៤ មានស្ថានភាពធ្ងន់ធ្ងរជាងឆ្នាំ២០២៣ ដោយសារតែបម្រែបម្រួលអាកាសធាតុ និងបាតុភូតEl Nino។ អាកាសធាតុដ៏ក្តៅបែបនេះ អាចបំផ្លាញព្រៃ ប៉ះពាល់ដល់បរិស្ថាន និងជះឥទ្ធិពលលើសុខភាពប្រជាជនជាដើម។ 
 
ទន្ទឹមនេះ នាយករដ្ឋមន្រ្តី បានរៀបចំឱ្យក្រសួង និងអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ពីករណីភ្លើងឆេះព្រៃ ដើម្បីបង្ការ និងគ្រប់គ្រងហេតុការណ៍នេះឱ្យបានល្អ និងបង្ការការខូតខាតទ្រព្យសម្បត្តិប្រជាជន៕ 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com