អន្តរជាតិ
ករណីឆបោកប្រាក់រាប់សិបលានដុល្លារធំៗទាំង៣ នៅលើពិភពលោក
06, Apr 2024 , 9:29 am        
រូបភាព
លោក Sam Bankman-Fried (ខាងឆ្វេង), លោកBernard Madoff (កណ្តាល) និងលោកស្រីVan Thinh Phat។ រូបភាព AFP, Bloomberg និងBao Ve Phap Luat
លោក Sam Bankman-Fried (ខាងឆ្វេង), លោកBernard Madoff (កណ្តាល) និងលោកស្រីVan Thinh Phat។ រូបភាព AFP, Bloomberg និងBao Ve Phap Luat
ជាអ្នកធុរកិច្ចធំៗ និងធ្លាប់មានឈ្មោះល្បី បុគ្គល ៣នាក់ ត្រូវបានតុលាការកំពុងបន្តនីតិវិធី និងសម្រេចដាក់ពន្ធនាគារជាច្រើនឆ្នាំ ពាក់ព័ន្ធនឹងបទឆបោកប្រាក់ ដែលធ្វើឱ្យអ្នកវិនិយោគអស់ប្រាក់ច្រើនពាន់លានដុល្លារ។ ខាងក្រោមនេះ ជារឿងរ៉ាវឆបោកចំនួន ៣ករណីធំៗ ដែលកើតមាននៅវៀតណាម និងអាម៉េរិក។

-
 
រឿងក្តីដកប្រាក់ពីធនាគារ ១២,៥ពាន់លានដុល្លារនៅវៀតណាម
 
ជាសំណុំរឿងដ៏ធំបំផុតនៅវៀតណាម លោកស្រី Van Thinh Phat ប្រធានក្រុមហ៊ុនអចលនទ្រព្យ និងមានភាគហ៊ុនរហូតដល់ ៩០ភាគរយក្នុងធនាគារពាណិជ្ជ Saigon បានរងបទចោទការដកប្រាក់រហូតដល់ ១២,៥ពាន់លានដុល្លារ នៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០២២។ អតីតមហាសេដ្ឋិនីរូបនេះ បានរងបទចោទផ្សេងទៀត ពាក់ព័ន្ធការបង្កើតក្រុមហ៊ុនខ្មោចជាច្រើន, សូកប៉ាន់មន្រ្តីរដ្ឋាភិបាល និងបំពានបទបញ្ញត្តិធនាគារជាដើម។ 
 
ក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរវៀតណាម ជនរងគ្រោះចំនួន ៤២០០០នាក់ ដែលជាម្ចាល់មូលបត្របំណុលរបស់ធនាគារ Saigon មិនបានទទួលការប្រាក់ និងអាចដកប្រាក់ដើមរបស់ពួកគេបាន។ 
 
ក្នុងរឿងក្តីដែលមានចុងចោទរហូតដល់ ៧៨នាក់ ខណៈ៨រូប កំពុងរត់គេចខ្លួន តុលាការកំពុងតែបើកសវនាការ ហើយត្រូវបានរំពឹងថា នឹងបញ្ចប់នៅចុងខែមេសា។ កន្លងមក រដ្ឋអាជ្ញាវៀតណាម បានស្នើកាត់ទោសប្រហារជីវិតលើ លោកស្រី Van Thinh Phat។ ទឹកប្រាក់ប្រមាណ ១២,៥ពាន់លានដុល្លារនេះ គឺមានទំហំស្ទើតែជិត ៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម នៅក្នុងឆ្នាំ២០២២។ 
 
ប្រសិនបើតុលាការរកឃើញកំហុស សំណុំរឿងមួយនេះ នឹងក្លាយជាករណីឆបោកប្រាក់ដ៏ធំនៅក្នុងអាស៊ាន។ កន្លងមក​ រឿងអាស្រូវពុករលួយ 1MDB នៅម៉ាឡេស៊ី មានទំហំប្រមាណ ៤,៥ពាន់លានដុល្លារប៉ុណ្ណោះ។ 
 
 
រឿងអាស្រូវវិនិយោគ Madoff នៅអាម៉េរិក
 
រឿងរ៉ាវបោកប្រាក់ Madoff ជាសំណុំរឿងដ៏ធំមួយនៅក្នុងប្រវត្តិសាស្រ្តអាម៉េរិក ដោយលោក Bernard Madoff បានកេងបន្លំប្រាក់របស់អ្នកវិនិយោគប្រមាណ ៦៤,៨ពាន់លានដុល្លារ តាមរយៈផែនការផ្តល់ការប្រាក់ដ៏ខ្ពស់ទៅអ្នកវិនិយោគ (Ponzi Scheme) ។ គម្រោង Ponzi Scheme ជាការកៀកគរអ្នកវិនិយោគចាស់ៗ ដោយផ្តល់ការប្រាក់ខ្ពស់ ដែលទទួលបានពីអ្នកវិនិយោគថ្មីៗ។ ផែនការមួយនេះ តែងត្រូវបានអ្នកបោកប្រាស់បញ្ចុះបញ្ចូលឱ្យទទួលបានការប្រាក់ខ្ពស់ និងមានហានិភ័យក្នុងការវិនិយោគតិចតួច។ 
 
ការឆបោករបស់លោក Madoff ដើម្បីទាក់ទាកអ្នកវិនិយោគឱ្យដាក់ប្រាក់ ដើម្បីទទួលការប្រាក់ដ៏ច្រើនសន្ធឹក បានប្រព្រឹត្តជាច្រើនឆ្នាំ មុនពេលលោកបានសារភាពនៅក្នុងឆ្នាំ២០០៨ ដែលអ្នកវិនិយោគទាមទារដកប្រាក់ ក្នុងពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោក។ 
 
ផែនការរបស់លោក Madoff ជាការកៀងគរប្រាក់វិនិយោគទៅក្នុងក្រុមហ៊ុន Madoff Investment Securities ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០។ ដើម្បីទទួលបានប្រាក់ លោក Madoff និងដៃគូ បានបោកអ្នកវិនិយោគតាមរយៈការគៃបន្លំឯកសារ ដើម្បីបង្ហាញមានការវិនិយោគត្រឹមត្រូវ។ ទោះការវិនិយោគហាក់មើលទៅមានភាពស្របច្បាប់ ប៉ុន្តែវាមិនដូច្នោះឡើយ ព្រោះលោក Madoff មិនមានគម្រោងវិនិយោគជាក់ស្តែងនោះទេ។
 
ក្រុមហ៊ុន​លោក Madoff បានផ្តល់ការប្រាក់ ដែលបានមកពីអ្នកវិនិយោគថ្មីៗ ទៅអ្នកវិនិយោគចាស់ៗ ដើម្បីធ្វើឱ្យដូចការពិតថា មានការវិនិយោគពិតមែន។ 
 
យ៉ាងណាមិញ ការបោកប្រាស់របស់លោក Madoff បានបែកធ្លាយជាសាធារណៈនៅក្នុងឆ្នាំ២០០៨ ក្នុងពេលមានវិបត្តិសេដ្ឋកិច្ចសកល។ ក្នុងអំឡុងពេលនោះ អ្នកវិនិយោគចាស់ៗ បានទាមទារដកប្រាក់ ខណៈលោក Madoff ពិបាករកអ្នកវិនិយោគថ្មីៗ។ នៅចុងឆ្នាំនោះ លោក Madoff ត្រូវបានចាប់ខ្លួន ហើយត្រូវបានតុលាការទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១៥០ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌចំនួន ១១។ មុនទទួលមរណភាពនៅឆ្នាំ២០២១ លោក Madoff ក៏បានសារភាព និងទទួលខុស ចំពោះការបោកប្រាក់ពីអ្នកដទៃផងដែរ។ 
 
រឿងក្តីទីផ្សារជួញដូរគ្រីតូ FTX
 
ក្រុមហ៊ុន FTX ជាទីផ្សារជួញដូររូបិយប័ណ្ណដ៏ល្បីមួយនៅក្នុងឆ្នាំ២០២២ ក្រោយបង្កើតឡើងបានរយៈពេល ៣ឆ្នាំ ដោយលោក Sam Bankman-Fried។ នៅក្នុងខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន FTX មានតម្លៃរហូតដល់ ៣២ពាន់លានដុល្លារ មុនពេលក្រុមហ៊ុនដួលរលំនៅចុងឆ្នាំដដែលនោះ។ ការដួលរលំរបស់ក្រុមហ៊ុន FTX បានធ្វើឱ្យអ្នកវិនិយោគជាច្រើននាក់ ខាតបង់ប្រាក់ជាច្រើនពាន់លានដុល្លារ។
 
ការដួលរលំរបស់ក្រុមហ៊ុនFTX ធ្វើឡើងក្រោយសារព័ត៌មាន CoinDesk បានចុះផ្សាយពីក្រុមហ៊ុន Alameda Research ដែលមានលោក Sam Bankman-Fried ជាម្ចាស់ បានកាន់កាប់រូបិយប័ណ្ណគ្រីបតូ FTT យ៉ាងច្រើនសន្ធឹក។ កាសគ្រីបតូ FTT ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនFTX។ ទន្ទឹមនេះ អត្ថបទដដែល ត្រូវបានសរសេរថា ក្រុមហ៊ុន Alameda Research បានខ្ចីប្រាក់ដ៏ច្រើនសន្ធឹកពីក្រុមហ៊ុន FTX ដោយក្រោយមកប្រាក់ទាំងនោះ គឺបានមកពីអ្នកវិនិយោគ។ 
 
ដោយសារការបង្ហាញពីភាពជិតស្និទ្ធនៃក្រុមហ៊ុនទាំងពីរ និងគ្រប់គ្រងដោយបុគ្គលតែម្នាក់ អ្នកវិនិយោគភាគច្រើន បានសម្រេចលក់គ្រីបតូ FTT ជាបន្តបន្ទាប់ ដែលធ្វើឱ្យតម្លៃកាសមួយនេះ ធ្លាក់ចុះយ៉ាងគំហុក។ នៅក្នុងខែឧសភា ឆ្នាំ២០២២ កាស FTT មានតម្លៃប្រមាណ ៣៦ដុល្លារ មុនពេលធ្លាក់មកត្រឹម ០,២ដុល្លារ នៅក្នុងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំដដែល។ នេះបើតាមតម្លៃលើCoinDesk។ 
 
ក្រោយពីនីតិវិធីតុលាការជាច្រើនខែ លោក Bankman-Fried នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ត្រូវបានតុលាការកាត់ឱ្យជាប់ពន្ធនាគារពីបទលួចប្រាក់ពីអ្នកនិយោគកាសគ្រីបតូប្រមាណ ៨ពាន់លានដុល្លារ។ កន្លងមក រដ្ឋអាជ្ញាអាម៉េរិក​ បានចាត់ទុកករណីក្រុមហ៊ុន FTX ជាការបោកបន្លំដ៏ធំមួយនៅក្នុងប្រវត្តិសាស្រ្តអាម៉េរិក៕ 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com