ប្រមាណ៤ឆ្នាំចុងក្រោយនេះ ការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ(Fin-Tech)នៅកម្ពុជា មានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់។ ជាពិសេស ភាពរីកចម្រើននៃប្រព័ន្ធទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីល។ ការណ៍នេះ កំពុងនាំកម្ពុជាចាកចេញពីប្រទេសដុល្លារូបនីយកម្មដោយសន្សឹមៗ តាមរយៈការជំរុញនូវការទូទាត់តាមប្រព័ន្ធឌីជីថល។
ក្នុងឆ្នាំ២០២៣កន្លងមក ចំនួនប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀលនិងដុល្លារអាមេរិក បានកើន ១,៧៨៦លានប្រតិបត្តិការ។ ចំនួននេះ គឺមានទំហំទឹកប្រាក់ ៤៩២ពាន់លានដុល្លារ ស្មើនឹង១៦ដងនៃផលិតផលក្នុងស្រុកសរុប(GDP)។ នេះយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)។
ប្រព័ន្ធបាគង
បាគង ជាប្រព័ន្ធទូទាត់បែបឌីជីថលទំនើបមួយ ត្រូវបានធនាគារជាតិដាក់ឱ្យដំណើរការជាផ្លូវការ ចាប់តាំពីចុងឆ្នាំ២០២០មក។ បច្ចុប្បន្ន អ្នកចុះឈ្មោះប្រើប្រាស់បប្រព័ន្ធបាគងមាន០,៦លានគណនី។ ប្រព័ន្ធនេះ បានជួយសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថាន បង្កើនប្រសិទ្ធភាពក្នុងប្រព័ន្ធទូទាត់សងប្រាក់ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដល់អតិថិជន ចំនួន១៩,៥ លានគណនី។
សាធារណជនដែលប្រើប្រាស់បាគង អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មនានា តាម KHQR Code និងទូទាត់ឆ្លងដែន បានយ៉ាងរហ័សហើយថែមទាំងមានសុវត្ថិភាពខ្ពស់ទៀត។
បើតាមរបាយការណ៍របស់ធនាគារជាតិ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ប្រតិបត្តិការតាមប្រព័ន្ធបាគងមានចំនួន២០០,៩៣លានប្រតិបត្តិការ កើនជាង៥ដង ធៀបនឹងឆ្នាំ២០២២។ ក្នុងនោះ មាន៦៨,៧៩ លានប្រតិបត្តិការ ជាប្រាក់រៀល និង ១៣២,១៤ លានប្រតិបត្តិការទៀត គឺជាប្រាក់ដុល្លារអាម៉េរិក។
បើក្រឡេកទៅមើល ទំហំទឹកប្រាក់ទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធបាគងនេះ គឺមានប្រមាណ៨១,០៥ ទ្រីលានរៀល (កើន ៣,៤ ដង) ខណៈការទូទាត់ជាប្រាក់ដុល្លារមានប្រមាណ៥៣,៧៦ពាន់លានដុល្លារ (កើនជិត ២,៤ ដង) ធៀបនឹង២០២២។
ការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនជារូបិយវត្ថុ តាមប្រព័ន្ធឌីជីថល
បច្ចុប្បន្នពលរដ្ឋដែលមានគណនីធនាគារជាប្រាក់រៀល គឺអាចទូទាត់ថ្លៃទំនិញ-សេវាកម្មនានា នៅប្រទេសថៃ ឡាវ និងវៀតណាម បានយ៉ាងងាយស្រួល តាមរយៈការស្កេនQR Code។ ជាមួយគ្នានេះ អ្នកមានគណនីធនាគារ ឬកាបូបលុយអេឡិចត្រូនិក(E-Wallet)ជាប្រាក់រៀល ក៏ចាយនៅប្រទេសចិន និងប្រទេសដៃគូនានាជុំវិញពិភពលោក ជាមួយក្រុមហ៊ុន Union Pay International (UPI) បាន ផងដែរ។
ការសម្រេចបាននូវកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនជាមួយប្រទេស-ក្រុមហ៊ុនខាងលើនេះ គឺធនាគារជាតិធ្វើឡើង ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យមានលក្ខណៈកាន់តែទូលំទូលាយ។ មិនត្រឹមតែអាចចំណាយជាប្រាក់រៀលនៅថៃ ឡាវ វៀតណាម និងចិនបាននោះទេ អាជីវករ ពាណិជ្ជករនានានៅកម្ពុជា ដែលប្រើប្រាស់KHQR Code របស់បាគង ក៏អាចទទួលបានការទូទាត់ជាប្រាក់រៀល តាមរយៈការស្កេនពីពលរដ្ឋបរទេសទាំងនោះបានដែរ។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ ជាមួយ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការនូវប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែនតាមឌីជីថល រវាងកម្ពុជា ជាមួយក្រុមហ៊ុន UPI របស់ចិន កាលចុងឆ្នាំ២០២៣។ រូបថត៖ NBC
កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែន តាមប្រព័ន្ធឌីជីថលនេះ គឺលើកទឹកចិត្តសម្រាប់តែអ្នកមានគណនីធនាគារជាប្រាក់រៀលប៉ុណ្ណោះ។ ហេតុដូច្នេះហើយ បានជាលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា តែងតែស្នើដល់ធនាគារក្នុងស្រុក ត្រូវជូនដំណឹង និងលើកទឹកចិត្តឱ្យពាណិជ្ជករ ជាអតិថិជនរបស់ខ្លួនបើកគណនីប្រាក់រៀល ហើយទទួលយកការទូទាត់ជាប្រាក់រៀល។
កន្លងមកលោកស្រី ជា សិរី បានបញ្ជាក់ថា ៖ « យន្តការនេះ គឺធ្វើឡើងតែដើម្បីលើកទឹកចិត្តការប្រើប្រាស់ប្រាក់រៀល ប៉ុណ្ណោះ។ សម្រាប់កម្ពុជា រាល់ប្រតិបត្តិឆ្លងដែននេះ នឹងធ្វើឡើងតាមរយៈ KHQR Code នៃប្រព័ន្ធបាគងរបស់ធនាគារជាតិ»។
ពង្រីកកិច្ចសហប្រតិបត្តិប្រព័ន្ធទូទាត់ឆ្លងដែន តាមប្រព័ន្ធឌីជីថល
ក្រៅពីកិច្ចសហការជាមួយប្រទេស និងក្រុមហ៊ុនខាងលើ ធនាគារជាតិនៃកម្ពុជា ក៏មានផែនការពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសចិន ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា ហ្វីជី រវ៉ាន់ដា និងកោះសូឡូម៉ុន ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ជំនួសឱ្យប្រាក់ដុល្លារ ក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម ផងដែរ។
កាលណា«ប្រាក់រៀល» ត្រូវបានប្រើប្រាស់ ឬចរាចរ កាន់តែទូលំទូលាយក្នុងចរន្តសេដ្ឋកិច្ច នឹងផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិ ដាក់អនុវត្តនូវនយោបាយរូបិយវត្ថុនានា មានប្រសិទ្ធភាព ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ។
លោកស្រី ជា សិរី ថ្លែងក្នុងសិក្ខាសាលាខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ «ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» កាលពីថ្ងៃទី២០មីនា ឆ្នាំ២០២៤។ រូបថត៖ NBC
បច្ចុប្បន្ន ទំហំប្រាក់រៀល ដែលចរាចរក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ មានប្រមាណ២០ភាគរយ ខណៈទំហំប្រាក់ដុល្លារ មានប្រមាណ៨០ភាគរយ។ តួលេខនេះ បង្ហាញថា កម្ពុជានៅតែមានកម្រិតដុល្លារូបនីយកម្មខ្ពស់។
ដូច្នេះហើយ ដើម្បីឱ្យដំណើរការចាកចេញពីដុល្លារូបនីយកម្មរបស់កម្ពុជា មានប្រសិទ្ធភាព និងរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច គ្រប់ភាគីទាំងអស់ត្រូវបង្កើនកិច្ចសហការជាមួយធនាគារជាតិ ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
កាលពីថ្ងៃទី២០មីនា ឆ្នាំ២០២៤ ក្នុងសិក្ខាសាលាខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ «ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» លោកស្រី ជា សិរី បានលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុន-សហគ្រាស ពិចារណាលទ្ធភាពក្នុងការបើកប្រាក់បៀវត្សរ៍បុគ្គល ជាប្រាក់រៀល។ លោកស្រី ជឿជាក់ថា ការចូលរួមពីវិស័យឯកជននេះ នឹងធ្វើឱ្យការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនក្នុងសេដ្ឋកិច្ច ដែលជួយដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ដោយនិរន្តរភាព៕