អន្តរជាតិ
តៃវ៉ាន់ រិះគន់បូលីវីដែលទៅរំលែកទុក្ខជាមួយចិនជុំវិញគ្រោះរញ្ជួយដី
06, Apr 2024 , 5:59 pm        
រូបភាព
តៃវ៉ាន់ មិនសប្បាយចិត្តឡើយនៅពេលដែលបូលីវីទៅជាសម្ដែងការរំលែកទុក្ខជាមួយរដ្ឋាភិបាលចិនចំពោះគ្រោះរញ្ជួយដីដែលកើតនៅទឹកដីតៃវ៉ាន់ឯណេះ។ ប្រមុខការទូតតៃវ៉ាន់ Joseph Wu សរសរតាមបណ្ដាញសង្គមជាមួយពាក្យធ្ងន់ៗថា បូលីវីមិនគួរធ្វើជាអាយ៉ងចិនឡើយ។

 
មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និងជាង១០០០នាក់បានរងរបួសដោយសារគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ ដែលវាយប្រហារកោះតៃវ៉ាន់កាលពីថ្ងៃទី៣ ខែមេសា។ សាររំលែកទុក្ខជាច្រើន ត្រូវបានផ្ញើទៅកាន់តៃវ៉ាន់។ រដ្ឋអាម៉េរិកខាងត្បូងបូលីវី ក៏ចូលរួមរំលែកទុក្ខដែរ តែផ្ញើទៅរដ្ឋាភិបាលប៉េកាំងទៅវិញ ដែលទំនងជាបង្ហាញការគោរពនយោបាយចិនតែមួយ។
 
នៅថ្ងៃទី៥ ខែមេសា ក្រសួងការបរទេសបូលីវីបានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា ប្រទេសនេះបង្ហាញពីសាមគ្គីភាពជាមួយសាធារណរដ្ឋប្រជាមានិតចិន ប្រឈមមុខនឹងការបាត់បង់អាយុជីវិត និងការខូចខាតសម្ភារៈធ្ងន់ធ្ងរដែលបណ្តាលមកពីការរញ្ជួយដីដ៏ធំមួយដែលបានកើតឡើងនៅឯឆ្នេរសមុទ្ររបស់តៃវ៉ាន់។
 
មិនទុកយូរឡើយ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu ក៏តបវិញតាមបណ្ដាញសង្គម X នៅថ្ងៃទី៦ ខែមេសាថា បូលីវីមិនគួរជាអាយ៉ងដ៏កំសត់របស់ចិនដែលជាអ្នកវាតទីឡើយ។
 
«​ដូច​តៃវ៉ាន់​ដែរ បូលីវី មិន​មែន​ជា​ផ្នែក​នៃ​ចិន​កុម្មុយនីស្ត​ទេ។» លោក Wu បន្ថែមបែបនេះ។
 
ដោយឡែក ក្រសួងការបរទេសតៃវ៉ាន់ក៏បានថ្កោលទោសបូលីវីផងដែរ ដោយចោទរដ្ឋអាម៉េរិកខាងត្បូងមួយថា កំពុងធ្វើតាមរដ្ឋាភិបាលចិនដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតជាអន្តរជាតិ ដែលមើលងាយអធិបតេយ្យភាពរបស់តៃវ៉ាន់។
 
ទីក្រុងប៉េកាំងបានទាមទារកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនបោះបង់ជំហរប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងកោះនេះឡើយ។ តៃវ៉ាន់វិញ ក៏ខ្សត់ខ្សោយទំនាក់ទំនងការទូតរបស់ខ្លួនជាបន្តបន្ទាប់ ដោយមកទល់ពេលនេះនៅ​មាន​សម្ព័ន្ធមិត្ត​ការទូត​តែ១២ប្រទេសប៉ុណ្ណោះ៕

Tag:
 តៃវ៉ាន់
  ចិន
  បូលីវី
© រក្សាសិទ្ធិដោយ thmeythmey.com