ជាតិ
មន្ទីរពេទ្យទំនើបតម្លៃ១១លានដុល្លារនឹងត្រូវសាងសង់ក្នុងខណ្ឌដង្កោ
06, Apr 2024 , 11:11 pm        
រូបភាព
មន្ទីរពេទ្យបង្អែកទំនើបដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងត្រូវសាងសង់នៅលើទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈគម្រោងលើកកម្ពស់សេវាសុខភាពសាធារណៈ នៃមន្ទីរ បង្អែកដង្កោ។ នេះជាគម្រោងសហប្រតិបត្តិការថ្មីមួយ រវាងរដ្ឋបាលសាលារាជធានីភ្នំពេញ និង KOICA។

 
នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី Yung Yeon SHIN នាយករងនៃទីភ្នាក់ងារKOICA បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំពិភាក្សាលើ គម្រោងនេះ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
 
លោក នួន ផារ័ត្ន បានសរសរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖«អគារមន្ទីរពេទ្យដ៏ធំនឹងលេចរូបរាងឡើង នៅទីតាំងមន្ទីរពេទ្យបង្អែកដង្កោ តាមរយៈជំនួយឥតសំណងរបស់ទីភ្នាក់ងារ KOICA ដែលមានទំហំទឹកប្រាក់ ១១ លានដុល្លារ។ សមិទ្ធផលនេះ កើតមកពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារយើង អស់រយៈពេលជាង ២ ឆ្នាំមកនេះ។»។


 
យោងតាមសេចក្ដីប្រកាសព័ត៌មានដែលត្រូវបានផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់ KOICA គម្រោងពង្រីកមន្ទីរពេទ្យបង្អែកដង្កោ ដែលមានរយៈពេល៦ឆ្នាំ (២០២៤ ដល់ ២០២៩) ដែលមានតម្លៃ១១លានដុល្លារនេះ នឹងធ្វើឱ្យមន្ទីរបច្ចុប្បន្ននេះ ក្លាយជាមន្ទីរពេទ្យទំនើបដែលត្រូវបំពាក់ដោយគ្រឿងបរិក្ខារវេជ្ជសាស្ត្រដែលប្រើប្រព័ន្ធបច្ចេកវិទ្យាឈានមុខ និងគ្រូពេទ្យដែលមានជំនាញ និងវិជ្ជាជីវៈខ្ពស់។
 
សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា មន្ទីរពេទ្យទំនើបថ្មីនោះនឹងផ្ដល់សេវាជាច្រើនដូចជា ការវះកាត់កម្រិតមធ្យម សម្ភព សេវាថែទាំសុខភាពកុមារ ជាដើមសម្រាប់ប្រជាជននៅក្នុងខណ្ឌដង្កោ និងប្រជាជននៅតំបន់ជុំវិញផងដែរ។
 



កាសែត ខ្មែរថាមស៍ បានស្រង់ប្រសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលពន្យល់អំពីមូលហេតុនៃរាជធានីភ្នំពេញសម្រេចចិត្តពង្រីកនិងអភិវឌ្ឍមន្ទីរពេទ្យបង្អែកដង្កោ។ លោកអភិបាលបានអធិប្បាយថា ខណ្ឌដង្កោនេះ គឺជាទីតាំងល្អសម្រាប់ការពង្រីកសេវាសុខាភិបាលនៅក្នុងរាជធានីភ្នំពេញ ពីព្រោះ តំបន់នេះមានរោងចក្រ សហគ្រាស និងកម្មករកម្មការិនីច្រើន ហើយថានៅក្នុងឆ្នាំ២០២៥ខាងមុខ អាកាសយានដ្ឋានអន្តរជាតិថ្មីនឹងត្រូវសម្ពោធ ដែលនឹងធ្វើឱ្យតំបន់នេះកាន់តែមានមនុស្សច្រើន។
 
លោកស្រី Yung Yeon SHIN អនុប្រធាន KOICA បានប្រសាសន៍ប្រាប់កាសែតខ្មែរថាមស៍ថា មកដល់ពេលនេះ KOICA អនុវត្តគម្រោងជំនួយដល់កម្ពុជាចំនួន១៣គម្រោងហើយ ដោយមានទឹកប្រាក់សរុបប្រមាណ៨៣លានដុល្លារ។ រីឯគម្រោងសាងសង់ពង្រីកមន្ទីរពេទ្យបង្អែកដង្កោនេះ គឺជាគម្រោងទី១៤៕
 
 





© រក្សាសិទ្ធិដោយ thmeythmey.com