អន្តរជាតិ
តើរលកកម្តៅផ្តល់ផលប៉ះពាល់អ្វីខ្លះដល់មនុស្ស?
30, Apr 2024 , 2:59 pm        
រូបភាព
រូបភាព SOY Rathanakvisal
រូបភាព SOY Rathanakvisal
បណ្តាប្រទេសអាស៊ាន កំពុងប្រឈមនឹងរលកកម្តៅ ខណៈសីតុណ្ណភាពនៅកម្ពុជា មានរហូតដល់ ៤០អង្សា នៅម៉ោង២ ថ្ងៃទី៣០ ខែមេសា។ ជាការពិត កម្តៅដ៏ក្តៅបែបនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងលើប្រជាជន ហើយវាអាចបង្កហានិភ័យដល់សុខភាពថែមទៀត ជាពិសេសក្រុមមនុស្សងាយរងគ្រោះ និងកុមារ។ តើរលកកម្តៅប៉ះពាល់អ្វីខ្លះដល់សុខភាពមនុស្ស?

 
មួយរយៈចុងក្រោយ រលកកម្តៅ បានជះឥទ្ធិពលខ្លាំងលើតំបន់អាស៊ីអាគ្នេយ៍ ដែលបង្កហានិភ័យដល់សុខភាពប្រជាជន និងដំណាំ។ ទាក់ទិននឹងបញ្ហានេះ ហ្វីលីពីន បានសម្រេចបិទសាលារៀនជាច្រើន ដើម្បីបង្ការរលកកម្តៅជះឥទ្ធិពលលើសុខភាពរបស់សិស្ស។ ខាងក្រោមនេះជាផលវិបាកមួយចំនួន ដែលជះលើមនុស្ស។
 
ហានិភ័យបាត់បង់ជីវិតលើមនុស្សចាស់ និងអ្នកមានជំងឺ
 
អ្នកជំងឺ ដែលប្រើថ្នាំព្យាបាលជំងឺជាប្រចាំ មានហានិភ័យខ្ពស់ និងអាចប្រឈមនឹងមរណភាពថែមទៀត ក្នុងពេលមានរលកកម្តៅ។ ទន្ទឹមនេះ មនុស្សចាស់ និងកុមារក៏រងផលប៉ះពាលផងដែរ។ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO)។ 
 
គ្រាន់តែនៅក្នុងរដូវក្តៅនៅអឺរ៉ុប ក្នុងឆ្នាំ២០២២ មនុស្សប្រមាណ ៦ម៉ឺននាក់ បានបាត់បង់ជីវិតពាក់ព័ន្ធនឹងកម្តៅ។ ក្នុងការស្រាវជ្រាវមួយចេញផ្សាយនៅក្នុងឆ្នាំ២០២៣ ករណីស្លាប់ភាគច្រើន គឺបង្កឡើងដោយសារកម្តៅ បានទប់ស្កាត់ប្រព័ន្ធរាងកាយ មិនឱ្យទប់ទល់ជាមួយជំងឺសួត និងបេះដូង។ ទន្ទឹមនេះ ករណីស្លាប់មួយភាគតូច គឺបណ្តាលមកពីការឡើងកម្តៅក្នុងខ្លួនខ្លាំងពេក។ 
 
ចំណែកនៅបារាំងក្នុងឆ្នាំ២០២៣ ករណីស្លាប់លើសពី ៥ពាន់នាក់ ដោយក្នុងនោះអ្នកស្លាប់មានអាយុលើសពី ៧៥ឆ្នាំ។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារសុខាភិបាលបារាំង។ 
 
ស្ត្រីម្នាក់អូសកង់ នៅក្នុងតំបន់មួយក្នុងក្រុងភ្នំពេញ។ រូបភាព SOY Rathanakvisal

ផលប៉ះពាល់លើសុខភាព
 
កម្តៅដ៏ខ្លាំង អាចធ្វើឱ្យមនុស្សរងប៉ះពាល់ជាខ្លាំងដូចជា ខ្យល់គរដោយសារកំដៅខ្លាំងពេក និងអាការៈសន្លប់​ដោយសារ​កម្ដៅជាដើម។ លក្ខខណ្ឌបែបនេះ កើតមានដោយសាររាងកាយមនុស្សមិនអាចទប់ទល់ជាមួយនឹងសីតុណ្ណភាពខ្ពស់បាន រួមជាមួយស្បែកស្ងួត និងក្តៅ។ បញ្ហាបែបនេះ ភាគច្រើនកើតលើមនុស្សចាស់។ 
 
មិនតែប៉ុណ្ណោះ រលកកម្តៅអាចធ្វើឱ្យមនុស្សខ្វះទឹកក្នុងខ្លួន (Dehydration) ដោយសារមិនទទួលទានទឹកគ្រប់គ្រាន់ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាដើម។ ទាក់ទិននឹងបញ្ហារលកកម្តៅនេះ គឺវាអាស្រ័យលើសមត្ថភាពរបស់មនុស្សក្នុងការសម្របខ្លួននឹងបរិកាស ហើយវាចាំបាច់ ក្នុងការយកចិត្តទុកដាក់នៅពេលមានសីតុណ្ណភាពកើនខ្ពស់។ 
 
ផលប៉ះពាល់លើផ្លូវចិត្ត និងខួរក្បាល
 
តាមការសិក្សាមួយនៅក្នុងក្រុងញូវយ៉ក សីតុណ្ណភាពដ៏ខ្ពស់ អាចប៉ះពាល់បែបអវិជ្ជមានលើសុខភាពផ្លូវចិត្ត។ អាកាសធាតុដ៏ក្តៅ អាចបង្កឱ្យគ្រោះថ្នាក់ខ្ពស់ពាក់ព័ន្ធនឹងជំងឺថប់បារម្ភ ជំងឺ​​វិកលចរិត រួមទំាងជំងឺភ្លេចភ្លាំងច្រើន។ 
 
បន្ថែមពីនេះ អាកាសធាតុក្តៅខ្លាំង អាចធ្វើឱ្យសិស្សធ្វើកិច្ចការមិនបានល្អផងដែរ។ លោកJoshua Goodman សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច និងអប់រំ នៅសកលវិទ្យាល័យBoston បានអះអាងថា ការសិក្សាមួយបានរកឃើញថា រលកកម្តៅមានផលប៉ះពាល់ដ៏ខ្លាំងលើសិស្សដែលចូលរៀនក្នុងបន្ទប់សិស្សដែលខ្វះម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្យល់។ 
 
សាស្រ្តាចារ្យរូបនេះ បានទទួលស្គាល់ថា វាពិតជាមានភាពខុសគ្នាលើអាទិភាពនៃការសិក្សានៅតាមបណ្តាប្រទេសនីមួយៗ ប៉ុន្តែវាជាការពិត គឺសិស្សពិបាក ក្នុងការរៀន នៅពេលមានអាកាសធាតុក្តៅ។ 
 
ដ្បិតរលកកម្តៅជាបញ្ហាប្រឈមដ៏ខ្លាំងមួយ វិធានការមួយចំនួនគួរតែត្រូវបានអនុវត្ត ដើម្បីកាត់បន្ថយលើមនុស្សជាច្រើននាក់ ដោយក្នុងនោះមានមនុស្សចាស់ផង។ ចំណាត់ការទាំងនោះមានដូចជា ការផ្សព្វផ្សាយព័ត៌មានឱ្យយល់ពីគ្រោះថ្នាក់ និងវិធានការកាត់បន្ថយហានិភ័យ ការដាំដើមឈើបន្ថែមនៅក្នុងទីក្រុង ការរកសីតុណ្ណភាពឱ្យមានកម្រិតល្អសម្រាប់មនុស្សចាស់ រួមទាំងការបរិភោគទឹកឱ្យបានច្រើនជាដើម៕

Tag:
 រលកកម្តៅ
© រក្សាសិទ្ធិដោយ thmeythmey.com