អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីនថា មន្រ្តីរដ្ឋាភិបាលគ្មានឯកសិទ្ធិបំពានច្បាប់ចរាចរណ៍
08, Apr 2024 , 10:16 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.។ រូបភាព AFP
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.។ រូបភាព AFP
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នៅថ្ងៃទី៧ ខែមេសា បានប្រាប់ប្រជាជនគ្រប់ៗរូបឱ្យគោរពច្បាប់ចរាចរណ៍ ស្របពេលស្ថានការណ៍ចរាចរណ៍ក្នុងក្រុងម៉ានីល មានលក្ខណៈអាក្រក់ខ្លាំង។ ទន្ទឹមនេះ មេដឹកនាំហ្វីលីពីន បានរម្លឹកថា មន្រ្តី ឬបុគ្គលិករដ្ឋាភិបាល គ្មានឯកសិទ្ធិបំពានច្បាប់ចរាចរណ៍ឡើយ ប៉ុន្តែពួកគេគួរតែធ្វើជាគំរូសម្រាប់ប្រជាជន។

 
ក្រុងម៉ានីល មានស្ថានភាពចរាចរណ៍ដ៏អាក្រក់ខ្លាំងមួយ ក្នុងចំណោមក្រុងផ្សេងទៀតលើពិភពលោក ស្របពេលអាជ្ញាធរអភិវឌ្ឍក្រុងម៉ានីល (MMDA) ធ្លាប់ទទួលស្គាល់ថា បញ្ហាកកស្ទះចរាចរណ៍ពីបញ្ហាដ៏ចំណាស់មួយ និងពិបាកក្នុងការដោះស្រាយ។ នៅក្នុងវីដេអូ Vlog លេខ ២៥៧ ដែលបង្ហោះលើប្រព័ន្ធ Youtube ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានជំរុញឱ្យប្រជាជន រួមទាំងមន្រ្តីរដ្ឋាភិបាលត្រូវតែគោរពច្បាប់ ដើម្បីកាត់បន្ថយ និងជួយសម្រួលចរាចរណ៍នៅក្នុងក្រុងម៉ានីល។ 
 
«ការរំលោភ និងបំពានច្បាប់ចរាចរណ៍ មិនមានជាឯកសិទ្ធិសម្រាប់បុគ្គលដែលបានស្បថបម្រើប្រជាជាតិហ្វីលីពីនឡើយ»។ លោក Marcos Jr. បានរម្លឹកបែបនេះ នៅថ្ងៃទី៧ ខែមេសា ដោយបន្តថា មន្រ្តីរដ្ឋាភិបាល ត្រូវតែធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ លោកប្រធានាធិបតី បានចាត់ទុកកាយវិការរបស់មន្រ្តីរដ្ឋាភិបាលគឺសំខាន់ ក្នុងការផ្សព្វផ្សាយពីវិន័យនៅលើដងផ្លូវ។ 
 
ទន្ទឹមនឹងរម្លឹកមន្រ្តីរដ្ឋាភិបាល មេដឹកនាំរូបនេះ បានបន្តថា ប្រជាជនហ្វីលីពីនជាច្រើននាក់ គឺខ្វះវិន័យលើដងផ្លូវ ជាពិសេសក្រុមអ្នកជិះម៉ូតូ។ បើតាមលោក Marcos Jr. ប្រជាជាតិហ្វីលីពីន នឹងមិនមានការរីកចម្រើនឡើយ បើសូម្បីតែច្បាប់ចរាចរណ៍ធម្មតា មិនត្រូវបានប្រជាជនគោរព។
 
សូមបញ្ជាក់ថា តាមវេបសាយកំណត់ចរាចរណ៍ TomTom ពាក់ព័ន្ធនឹងការវាយតម្លៃចរាចរណ៍នៅក្នុងក្រុងចំនួន ៣៨៧ ក្រុងម៉ានីល ហ្វីលីពីន ឈរលើកំពូលតារាងក្រុងដែលមានស្ថានភាពចរាចរណ៍អាក្រក់ជាងគេ ដោយធ្វើដំណើរ២៥នាទី និង៣០វិនាទី ក្នុងចម្ងាយ១០គីឡូម៉ែត្រ៕

Tag:
 ហ្វីលីពីន
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com