អន្តរជាតិ
ខេត្តថៃជាប់ទន្លេមេគង្គព្រមានប្រជាជន ក្រោយមានអាស៊ីតធ្លាក់ចូលទន្លេនៅឡាវ
08, Apr 2024 , 12:02 pm        
រូបភាព
អ្នកនេសាទម្នាក់ រកត្រីតាមដងទន្លេមេគង្គ។ រូបភាព AFP
អ្នកនេសាទម្នាក់ រកត្រីតាមដងទន្លេមេគង្គ។ រូបភាព AFP
រដ្ឋាភិបាលថៃ កំពុងពិនិត្យលើគុណភាពទឹកទន្លេមេគង្គនៅក្នុងខេត្តចំនួន៧ បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅឡាវ ដែលបណ្តាលឱ្យធ្លាក់អាស៊ីតស៊ុលផួរិច​ (sulphuric acid) ចូលក្នុងទន្លេនៅក្រុងហ្លួងព្រះបាង។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី៧ ខែមេសា។

 
គ្រោះថ្នាក់ចរាចរណ៍នៃរថយន្តដឹកអាស៊ីតស៊ុលផួរិចច្រើនជាង៣០តោន នៅក្រុងហ្លួងព្រះបាងរបស់ឡាវ បានធ្វើឱ្យសារធាតុគីមីដ៏គ្រោះថ្នាក់មួយនេះ ធ្លាក់ចូលទៅក្នុងទន្លេ Nam Khan ដែលជាដៃទន្លេមេគង្គ។ អាស៊ីតស៊ុលផួរិច អាចធ្វើឱ្យប៉ះពាល់ដល់ស្បែក ភ្នែក សួត និងធ្មេញជាដើម។ ក្នុងករណីប៉ះពាល់ជាមួយសារធាតុមួយនេះខ្លាំង មនុស្សអាចប្រឈមនឹងការខ្វាក់ ឬអាចឈានដល់ស្លាប់។ 
 
ដោយបារម្ភពីផលប៉ះពាល់ អាជ្ញាធរថៃ ណែនាំឱ្យខេត្តជាប់ទន្លេមេគង្គទាំងអស់ប្រុងប្រយ័ត្នកម្រិតខ្ពស់។ «ការិយាល័យធនធានទឹកជាតិ បានណែនាំខេត្តចំនួន៧ ជាប់ទន្លេមេគង្គដូចជា Loei, Nong Khai, Bueng Kan, Nakhon Phanom, Mukdahan, Amnat Charoen និងUbon Ratchathani ត្រួតពិនិត្យគុណភាពទឹក ដែលហូរកាត់បន្ទាប់ពីមានគ្រោះថ្នាក់នៅហ្លួងព្រះបាង»។ កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយបែបនេះ នៅថ្ងៃទី៧ ខែមេសា ដោយអាជ្ញាធររំពឹងថា ទឹកមានសារធាតុគីមីនោះ អាចហូរកាត់ស្រុក Chiang Khan ក្នុងខេត្ត Loei ចន្លោះថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីនវានុវត្តន៍ និងស្រាវជ្រាវវិទ្យាសាស្រ្តអប់រំថ្នាក់ឧត្តម លោកស្រី ​Supamas Isarabhakdi បានបញ្ជាឱ្យក្រុមឆ្លើយតបបន្ទាន់មួយពីនាយកដ្ឋានវិទ្យាសាស្រ្ត ឱ្យជួយគាំទ្រលើការឃ្លាំមើលគុណភាពទឹក និងវាយតម្លៃពីផលប៉ះពាល់លើបរិស្ថាន។ 
 
ដើម្បីកាត់បន្ថយផលប៉ះពាល់លើប្រជាជន និងបរិស្ថាន លោក Rungruang Kitphati អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្រ្ត បានបញ្ជាក់ថា អាជ្ញាធរថៃ បានទំនាក់ទំនងជាមួយអាជ្ញាធរឡាវឱ្យបញ្ចេញទឹកពីទំបន់វារីអគ្គិសនី Xayaburi ដើម្បីកាត់បន្ថយសារធាតុគីមីដ៏គ្រោះថ្នាក់នោះនៅក្នុងទន្លេ។ 
 
បន្ថែមពីនេះ អាជ្ញាធរសុខាភិបាល បានជូនដំណឹងទៅកាន់ប្រជាជនក្នុងខេត្តចំនួន ៧ខាងលើឱ្យប្រុងប្រយ័ត្ន និងណែនាំពីរបៀបការពារខ្លួន រួមទាំងឆាប់រួសរាន់ទៅមន្ទីរពេទ្យ ប្រសិនបើមានប៉ះពាល់ជាមួយទឹកផ្ទុកសារធាតុអាស៊ីតស៊ុលផួរិច។
 
ក្រោយពីហេតុការណ៍អាស៊ីតធ្លាក់ចូលទន្លេនៅក្រុងលួងព្រះបាងនៅពេលកន្លងមក អាជ្ញាធរឡាវ ក៏បានជូនដំណឹងទៅកាន់ប្រជាជនកុំឱ្យនេសាទ និងប៉ះពាល់ទឹកនៅក្បែរតំបន់កើតហេតុ។ លើសពីនេះ ត្រីជាច្រើនក្បាលបានងាប់ ក្រោយអាស៊ីតស៊ុលផួរិចធ្លាក់ចូលក្នុងទន្លេNam Khan៕ 
 

Tag:
 ឡាវ
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com