កីឡាអន្តរជាតិ
អន្តរជាតិ
កងរង្វង់អូឡាំពិក នឹងដាក់លើប៉ម ​Eiffel អំឡុងព្រឹត្តិការណ៍អូឡាំពិកប៉ារីស ២០២៤
10, Apr 2024 , 8:29 am        
រូបភាព
​កងរង្វង់តំណាងកីឡាអូឡាំពិក នឹងត្រូវដាក់បង្ហាញនៅលើប៉ម ​Eiffel អំឡុងការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤។ នេះបើតាមសម្តីរបស់ប្រធានក្រុមហ៊ុនប្រតិបត្តិការរបស់វិមាន (SETE)។



លោក Jean-Francois Martins បាននិយាយថាការដំឡើងកងរង្វង់និមិត្តសញ្ញាកីឡាអូឡាំពិកនៅលើប៉ម Eiffel អាចនឹងត្រូវចាប់ផ្តើមនៅចុងបញ្ចប់ខែមេសា បន្ទាប់ពីភ្លើងគប់អូឡាំពិក ចាប់ផ្តើមចេញដំណើរពី​ទីក្រុងបុរាណអូឡាំពិក ក្នុងប្រទេសក្រិក។ 
 
កងរង្វង់អូឡាំពិក នឹងដាក់បង្ហាញនៅម្ខាងប៉ម Eiffel ដែលបែរមុខចំទៅនឹងដងទន្លេរសែន (Seine)។ 
 
ប៉ម Eiffel ដែលតំណាងឱ្យប្រទេសបារាំង នឹងក្លាយជាផ្នែកកណ្តាលមួយនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ដោយវិញ្ញាសារត់ចម្ងាយម៉ារ៉ាតុន ប្រវែង ៣៨គីឡូម៉ែត្រនឹងត្រូវចាប់ផ្តើមត្រង់ចំណុចប៉មមួយនេះ ខណៈការប្រកួតបាល់ទះឆ្នេរខ្សាច់វិញ គឺស្ថិតក្នុងបរិវេណប៉ម Eiffel ផ្ទាល់តែម្តង។
 
ដោយឡែកអណ្តាតភ្លើងអូឡាំពិកដែលបានយកមកពីប្រទេសក្រិក ក៏នឹងត្រូវដាក់ដម្កល់នៅក្នុងវិមាន Jardin des Tuileries ក្បែទៅនឹងសារមន្ទី Louvre ស្ថិតក្នុងទីក្រុងប៉ារីស។​
 
គួររម្លឹកថា ​ព្រឹត្តិការណ៍ Paris 2024 នឹងត្រូវចាប់ផ្តើមការប្រកួតប្រជែងផ្លូវការ ពីថ្ងៃទី២៦​ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែតុលា។ 
 
កម្មវិធីបើកព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ត្រូវបានគេរំពឹងថានឹងធ្វើនៅក្រៅកីឡដ្ឋានលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយប្តូររៀបចំនៅតាមដងទន្លេសែន (Seine) ប៉ុន្តែផែនការនេះក៏នឹងអាចផ្លាស់ប្តូរទៅកាន់កាលៈទេសៈ ព្រោះតែប្រទេសបារាំងបានដាក់ក្តីបារម្ភទៅលើបញ្ហាភេរវកម្មអាចនឹងកើតឡើងមិនបានដឹងមុន៕

Tag:
 Paris 2024
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com