លោក Carlo Ancelotti ទាមទារឱ្យកីឡាករ Real Madrid ធ្វើឱ្យបានល្អ នៅជើងទី២ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ UEFA Champions League។ អ្នកចាត់ការសញ្ជាតិអ៊ីតាលី បានអះអាងថា ក្រុមទាំងមូលនឹងរក្សាទម្រង់លេងល្អដដែល ក្រោយពេលពួកគេបានព្យាយាមប្រកួតរហូតតាមស្មើក្រុម Manchester City លទ្ធផល ៣-៣ ក្នុងជំនួបជើងទីមួយ។
ខ្សែបម្រើ Bernardo Silva ជាអ្នកបង្កើតឱកាសស៊ុតបាល់នាំមុខសម្រាប់ក្រុម Man City តាំងតែនាទី២ មុនពេល ១០នាទីក្រោយ ខ្សែការពារ Ruben Dias បានភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯង ហើយខ្សែបម្រើប្រយុទ្ធវ័យក្មេង Rodrygo ស៊ុតគ្រាប់ទី២ ឱ្យក្រុមម្ចាស់ផ្ទះនាំមុខវិញ នៅវគ្គទីមួយ។
ការស៊ុតដ៏ល្អពីសំណាក់ Phil Foden ក្នុងនាទី៦៦ និង Josko Gvardiol ជួយដល់ក្រុមការពារជើងឯក បើកការនាំមុខជាថ្មីទៅលើម្ចាស់ផ្ទះ ប៉ុន្តែនាំមុខមិនដល់ ៨នាទីផង ពោលនាទី៧៩ ខ្សែបម្រើ Federico Valverde អាចស៊ុតស្វែងរកគ្រាប់បាល់តាមស្មើ ៣-៣។
ជាមួយលទ្ធផលប្រកួតប្រទាញប្រទង់គ្នា អ្នកចាត់ការសញ្ជាតិអ៊ីតាលី បានសង្កេតឃើញថា ក្រុមរបស់លោកនឹងទទួលបានលទ្ធផលល្អជាងនេះ នៅក្នុងការប្រកួតជំនួបជើងទីពីរនៅសប្តាហ៍ក្រោយ ទោះជាការប្រកួតក្រៅទឹកដីក៏ដោយក្តី។
«យើងចង់មានប្រៀប តែត្រូវតែពេញចិត្តលទ្ធផល ព្រោះយើងបានប្រកួតរួចរាល់ហើយ។ ប្រសិនបើយើងធ្វើវានៅក្នុង Manchester រឿងល្អនឹងអាចកើតឡើង។ ដរាបណាយើងមានកម្លាំងក្នុងការដេញតាមដាក់សម្ពាធដណ្តើមបាល់ និងធ្វើឱ្យពួកគេគ្មានភាពងាយស្រួលនោះ យើងនឹងធ្វើបានល្អ ហើយវាក៏ជាការប្រកួតដែលយើងអាចឈ្នះ យើងមានឱកាសយកបាន ៣-១ តែយើងក៏នឹងអាចត្រូវចាញ់ដូចគ្នា។»។ លោក Ancelotti បាននិយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
រំឮកពីរដូវកាលមុន នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ក្រុមម្ចាស់ពាន ១៤សម័យ Real Madrid បានប្រកួតស្មើទល់នឹងក្រុម Man City លទ្ធផល ១-១ នេះដូចគ្នានៃជំនួបជើងទីមួយ ក្នុងកីឡដ្ឋាន Santiago Bernabeu មុនពេលក្រុមដឹកនាំដោយលោក Pep Guardiola យកឈ្នះក្នុងលទ្ធផល ៤-០ នៅជើងទី២។
ខុសពីបង្ហាញក្តីរំពឹងរបស់គ្រូ Real Madrid ប៉ុន្តែលោក Pep Guardiola បានរិះគន់ស្ថានភាពទីលានរបស់កីឡដ្ឋាន Santiago Bernabeu ថា ពិបាកលេង ខណៈការកសាងកែលម្អកីឡដ្ឋានកំពុងតែបន្ត។
លោក Guardiola បាននិយាយបែបនេះ៖«កីឡដ្ឋានពិតជាគួរចាប់អារម្មណ៍ ពេលនេះពួកគេត្រឹមតែត្រូវការមើលថែទៅលើស្មៅប៉ុណ្ណោះ។ ពួកគេត្រូវតែធ្វើបានឱ្យបានល្អ រឿងដែលបារម្ភតែមួយសម្រាប់ពួកគេគឺរឿងស្មៅមួយប៉ុណ្ណោះ។ ហើយរឿងនេះជាអ្វីដែលកីឡាកររបស់ខ្ញុំបាននិយាយ។»។
ដោយឡែកការប្រកួតនៅក្នុងកីឡដ្ឋាន Emirate របស់កាំភ្លើងធំ Arsenal វិញ ក្រុម Bayern Munich បានត្រឹមប្រកួតស្មើទល់នឹងក្រុមម្ចាស់ផ្ទះ លទ្ធផល ២-២ នៃជំនួបជើងទីមួយ UCL វគ្គ ៨ក្រុមចុងក្រោយ៕