ជាតិ
វីដេអូ
សេដ្ឋកិច្ច
ប្រធានសមាគមធនាគារ ជឿជាក់ថា ការប្រើប្រាស់«ប្រាក់រៀល»នឹងមានកំណើនថែមទៀត លោក រ័ត្ន សោភ័ណ ប្រធានថ្មីសមាគមនធនាគារនៅកម្ពុជា(ABC) ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី ខួបលើកទី៣០ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា នាថ្ងៃទី១០មេសា ឆ្នាំ២០២៤។
× ការប្រើប្រាស់ ឬការទូទាត់ជា«ប្រាក់រៀល» នឹងមានកំណើនជាបន្តបន្ទាប់ ដោយរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចជាតិ។ លោក រ័ត្ន សោភ័ណ ប្រធានសមាគមនធនាគារនៅកម្ពុជា(ABC) បង្ហាញសុទិដ្ឋិនិយមបែបនេះ ព្រោះមើលឃើញ ការទូទាត់ជាលុយខ្មែរ ទាំងសាច់ប្រាក់ក្តី ទាំងប្រព័ន្ធឌីជីថលក្តី គឺមានភាពទូលំទូលាយ។
សព្វថ្ងៃ កម្ពុជាមានប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា និងប្រព័ន្ធផ្សេងៗទៀត ដែលផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រាក់រៀល។ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏បានចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការបង្កើតនូវផលិតផលថ្មីៗសម្រាប់សាធារណជន ដូចជា៖ ការសន្សំជាប្រាក់រៀល ទទួលបានអត្រាការប្រាក់ខ្ពស់ជាងដុល្លារ និងកម្ចីជាប្រាក់រៀល មានការប្រាក់ទាបជាដើម។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីខួបលើកទី៣០ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា នាថ្ងៃទី១០មេសា លោក រ័ត្ន សោភ័ណ បានបញ្ជាក់ថា៖ « រហូតដល់ពេលនេះ [ការ]ផ្តល់ឥណទានជាប្រាក់រៀលក្នុងវិស័យធនាគារយើងមានប្រហែល១១ភាគរយ ហើយប្រាក់បញ្ញើជារៀល ក៏មានចំនួនគួរសម បើយើងធៀបនឹង១០-២០ឆ្នាំមុន ចំនួនលុយរៀល[ក្នុងវិស័យធនាគារ] គឺមានចំនួនតិចតួចមែនទែន»។
ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែមានភាពទូលំទូលាយ គឺទាមទារចាំបាច់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងដំណើរផ្លាស់ប្តូរនូវឥរិយាបថសាធារណជន ពីការប្រើប្រាស់ប្រាក់ដុល្លារ មកប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិវិញ ដោយមិនរំខានដល់សកម្មភាព ឬការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឡើយ។ លោក រ័ត្ន សោភ័ណ ជឿជាក់ថា ការចូលរួមពីសាធារណជន នឹងធ្វើឱ្យទំហំប្រាក់រៀល ក្នុងចរន្តសេដ្ឋកិច្ចជាតិ កាន់តែមានកំណើនល្អប្រសើរ៕
Tag:
ហិរញ្ញវត្ថុ
ប្រាក់រៀល
លោក រ័ត្ន សោភ័ណ
© រក្សាសិទ្ធិដោយ thmeythmey.com