អន្តរជាតិ
វៀតណាមបញ្ជូនពលករជាង ៣ម៉ឺននាក់ទៅបរទេសត្រឹមត្រីមាសទីមួយ
10, Apr 2024 , 7:39 pm        
រូបភាព
រូបភាព VnExpress
រូបភាព VnExpress
ត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៤ វៀតណាម បានបញ្ជូនពលករក្រោមកិច្ចសន្យាច្រើនជាង ៣៥៩០០នាក់ ទៅបរទេស។ នេះបើតាមទិន្នន័យដែលផ្តល់ដោយនាយកដ្ឋានពលករនៅបរទេស នៃក្រសួងការងារវៀតណាម។ យ៉ាងណាមិញ តួលេខនេះ គឺមានការថយចុះបើធៀបនឹងរយៈពេលដដែលនៅក្នុងឆ្នាំ២០២៣។



នៅក្នុងឆ្នាំ២០២៣ វៀតណាមបានបញ្ជូនពលករទៅបរទេសប្រមាណ ១៥៩០០នាក់ ដោយកើនឡើង៣៣,៣ភាគរយនៃគោលដៅប្រចាំឆ្នាំ។ នេះជាតួលេខដ៏ខ្ពស់បំផុតក្នុងរយៈពេលដប់ឆ្នាំចុងក្រោយ។ ក្នុងចំនួននោះ នៅត្រីមាសទីមួយនៃឆ្នាំ២០២៣ វៀតណាម បានបញ្ជូនពលករចំនួន ៣៧៩២៣នាក់។
 
យ៉ាងណាមិញ ចំនួនពលករ ដែលវៀតណាមបញ្ជូនទៅបរទេសនៅត្រីមាសទី១ ក្នុងឆ្នាំ២០២៤ បានថយចុះមកត្រឹម ៣៥៩០០នាក់ប៉ុណ្ណោះ។ 
 
«ជប៉ុន និងតៃវ៉ាន់ បន្តជាប្រទេសទទួលពលករវៀតណាមដ៏ធំបំផុត»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាមចុះផ្សាយនៅថ្ងៃទី៩ ខែមេសា ដោយយកទិន្នន័យពីក្រសួងការងារវៀតណាម។ មិនតែប៉ុណ្ណោះ វៀតណាម ក៏បានបញ្ជូនពលកររបស់ខ្លួនទៅកូរ៉េខាងត្បូង ចិន សិង្ហបុរី ថៃ ម៉ាកាវ ហុងគ្រី និងបណ្តាប្រទេសផ្សេងទៀតផងដែរ។ 
 
កន្លងមក ក្រសួងការងារវៀតណាម បានដាក់គោលដៅបញ្ជូនពលករទៅធ្វើការនៅបរទេសឱ្យបានចំនួន ១២៥០០០នាក់ នៅក្នុងឆ្នាំ២០២៤។ គោលដៅបញ្ជូនពលករទៅបរទេសជារៀងរាល់ឆ្នាំមានចន្លោះពី១២ម៉ឺននាក់ ទៅជាង​១៤ម៉ឺននាក់។ ជារៀងរាល់ឆ្នាំ ពលករវៀតណាមទាំងនោះ តែងផ្ញើប្រាក់ទៅផ្ទះប្រមាណពី ៣,៥ពាន់លានដុល្លារ ទៅ៤ពាន់លានដុល្លារ។ 
 
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក្រសួងការងារវៀតណាម បានស្វះស្វែងរកការបញ្ជូនពលករទៅបណ្តាប្រទេសជាច្រើន រួមទាំងផ្តល់ព័ត៌មានការជ្រើសរើសពលករទៅប្រជាជនខ្លួនជាដើម។ ការបញ្ជូនពលករទៅបរទេសជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលនៅក្នុងបរិបទថ្មី៕ 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com