កីឡាជាតិ
ជាតិ
ប្រធាន AFF គ្រោងដាក់ VAR ក្នុងការប្រកួតជើងឯកអាស៊ាន និងជើងឯក Shopee Cup
10, Apr 2024 , 9:59 pm        
រូបភាព
លោក ខៀវ សាម៉េត ប្រធានសហព័ន្ធបាល់ទាត់អាស៊ាន និងជាអនុប្រធានសហព័ន្ធបាល់ទាត់កម្ពុ។ រូបភាព៖ FFC
លោក ខៀវ សាម៉េត ប្រធានសហព័ន្ធបាល់ទាត់អាស៊ាន និងជាអនុប្រធានសហព័ន្ធបាល់ទាត់កម្ពុ។ រូបភាព៖ FFC
លោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ពិចារណាក្នុងការដាក់ VAR ក្នុងការប្រកួតជើងឯកក្នុងតំបន់ ដូចជា AFF Championship និងជើងឯក Shopee Cup ដែលទើបបង្កើតថ្មី។ ដោយសារបញ្ហាកាត់ក្តីរបស់អាជ្ញាកណ្ដាលកន្លងមក ប្រធាន AFF ថែមទាំងណែនាំឲ្យមន្ដ្រីអាជ្ញាកណ្ដាល ត្រូវទទួលយកការរិះគន់ ដើម្បីស្ថាបនា និងពង្រឹងចំណុចខ្វះខាតរបស់ខ្លួន។



ក្នុងការប្រកួតលីគកម្ពុជា នាចុងរដូវកាលនេះ បញ្ហា ដែលកើតពីការមិនពេញចិត្តចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល ក្លាយជាប្រធានបទដ៏ក្ដៅមួយ ត្រូវបានអ្នកគាំទ្រជាច្រើនរិះគន់។ លោក ខៀវ សាម៉េត និយាយថា AFF គ្រោងនឹងដាក់ប្រព័ន្ធជំនួយការអាជ្ញាកណ្តាល VAR ក្នុងការប្រកួតជើងឯកក្លិបអាស៊ាន លើកទី១ Shopee Cup ដែលនឹងចាប់ផ្ដើមនៅអំឡុងខែកក្កដា ហើយនិងការប្រកួតជើងឯកអាស៊ាន ឆ្នាំ២០២៤។ បើទោះជាមាន VAR ក្នុងការប្រកួតក៏ដោយ អនុប្រធាន FFC រូបនេះ យល់ថាមិនអាចបញ្ចប់បញ្ហាទាំងស្រុងទេ ចំពោះការតវ៉ាផ្សេងៗ ពីក្លិប កីឡាករ និងអ្នកគាំទ្រ។ 
 
លោក ខៀវ សាម៉េត បានលើកឧទាហរណ៍ថា ការប្រកួតនៅ English Premier League ដែលប្រើប្រព័ន្ធ VAR ប៉ុន្ដែបញ្ហានៅតែកើតមាន។ បញ្ហានោះ គឺគ្រាន់តែតិច ហើយច្រើនប៉ុណ្ណោះ។ 
 
«ខ្ញុំកំពុងពិចារណាដាក់ VAR សម្រាប់ការប្រកួតអាស៊ានក្រុមបុរស ប៉ុន្ដែត្រូវចំណាយច្រើន។ ហើយបើទោះជាមាន VAR ក៏យើងមិនទាន់មានអ្នកចេះ ប្រើដែរ។»។ លោក ខៀវ សាម៉េត បាននិយាយដូច្នេះ។
 
ដោយឡែក អនុប្រធានរូបនេះ សង្កត់ធ្ងន់ថា អាជ្ញាកណ្ដាលត្រូវទទួលយកអ្វី ដែលគេរិះគន់ ដើម្បីស្ថាបនាខ្លួន ពង្រឹងសមត្ថភាពខ្លួន។ លោក ខៀវ សាម៉េត ចាត់ទុកអាជ្ញាកណ្ដាលដូចជាអាណាព្យាបាល របស់ក្រុមបាល់ទាត់នីមួយ នៅអំឡុងពេលប្រកួត។ ដូច្នេះហើយ អាជ្ញាកណ្ដាលទាំងនោះ ត្រូវកាត់ក្ដីជាកណ្ដាល មិនលម្អៀងទៅកាន់ក្រុមណាមួយឡើយ។
 
«បញ្ហាកើតឡើង យើងត្រូវបើកចំហរក្នុងការដោះស្រាយទាំងអស់គ្នា។ យើង មិនអាចប្រកែក ប៉ុន្ដែយើងត្រូវទទួលយកទាំងអស់ទាំងការស្ថាបនា និងការរិះគន់។ បើយើងធ្វើជាឪពុកម្ដាយរបស់គេ យើងលម្អៀងរួចទៅហើយ គ្មានអ្នកណាគេគោរពយើងទេ។ យើង ធ្វើជាអាជ្ញាកណ្ដាល បើគេថាយើងខុសហើយ យើងសុខចិត្តបើចំហរកែប្រែនូវអ្វី ឲ្យមានវិជ្ជមាន។ ហើយគេដាក់ឲ្យ យើងចេះតែប្រកែករហូត។ យើង ធ្វើមេគេកុំលម្អៀងឲ្យសោះ។ យើងត្រូវឲ្យមានភាពសើ្មគ្នា។»។ ប្រធាន AFF រូបនេះ បានសង្កត់ធ្ងន់ដូច្នេះ៕

Tag:
 បាល់ទាត់
  VAR
  ខៀវ សាម៉េត
© រក្សាសិទ្ធិដោយ thmeythmey.com