សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃគ្រោងផ្តល់ថវិកា ១៣ពាន់លានដុល្លារដល់ប្រជាជនដើម្បីជំរុញសេដ្ឋកិច្ច
11, Apr 2024 , 10:50 am        
រូបភាព
នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន (កណ្តាល) នៅវិមានរដ្ឋាភិបាល។ រូបភាព ៖ X/@Thavisin
នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន (កណ្តាល) នៅវិមានរដ្ឋាភិបាល។ រូបភាព ៖ X/@Thavisin
ថៃគ្រោងនឹងជំរុញសេដ្ឋកិច្ចតាមរយៈមូលនិធិចំនួន ១៣,៧៥ពាន់លានដុល្លារ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រមាណ ៥០លាននាក់នៅត្រីមាសទី៤ ឆ្នាំ២០២៤។

 
នៅថ្ងៃទី១០ ខែមេសា នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានប្រកាសពីគម្រោងផ្តល់ប្រាក់ចំនួន ២៧៥ដុល្លារសម្រាប់ប្រជាជនម្នាក់ដែលគ្រប់លក្ខខណ្ឌ ដើម្បីចំណាយលើកការដោះស្រាយជីវភាពក្នុងតំបន់។ កម្មវិធីនេះមានទឹកប្រាក់រហូតដល់ ៥០០ពាន់លានបាត (១៣,៧៥ពាន់លានដុល្លារ) ភាគច្រើនត្រូវបានផ្តល់ពីមូលនិធិថវិកាជាតិឆ្នាំ២០២៤ និង២០២៥ ដែលនឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅត្រីមាសទី៤ ឆ្នាំនេះ។ នេះបើតាមកាសែត Bangkok Post ។ 
 
តាមការរំពឹងទុក ប្រជាជនជាតិថៃដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅដែលរកចំណូលបានតិចជាង ៧ម៉ឺនបាតក្នុងមួយខែ ហើយមានប្រាក់តិចជាង៥០ម៉ឺនបាតក្នុងគណនីធនាគារ នឹងទទួលបានការគាំទ្រពីរដ្ឋាភិបាលចំនួន១ម៉ឺនបាតតាមរយៈកញ្ចប់មូលនិធិ e-wallet ។ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យទាំងនេះ មនុស្សប្រមាណ ៥០លាននាក់នឹងទទួលកញ្ចប់ថវិកាទាំងនេះ។
 
បើ​តាម​លោក សេដ្ឋា គោលនយោបាយ​នេះ​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច (GDP)បន្ថែមពី ១,២ភាគរយទៅ ១,៦ភាគរយ។ លោកអះអាងម្តងហើយម្តងទៀតថា សេដ្ឋកិច្ចត្រូវការវិធានការជំរុញសំខាន់ៗដោយព្យាករថា អត្រាកំណើនអាចទាបជាង ១ភាគរយនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៤ បន្ទាប់ពីកំណើន ១,៧ភាគរយក្នុងត្រីមាសទី៤ ឆ្នាំ២០២៣។
 
ផែនការនេះ ក៏មានគោលបំណងដើម្បីសម្រេចបាននូវការសន្យាដែលបានធ្វើឡើងនៅក្នុងយុទ្ធនាការបោះឆ្នោតគណបក្សភឿថៃរបស់លោក សេដ្ឋា កាលពីឆ្នាំមុនដែរ។ យ៉ាងណាមិញអ្នកជំនាញបារម្ភថា ការផ្តល់ប្រាក់មិនមែនជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាពនោះទេ។
 
កាលពីសប្តាហ៍មុន គណៈរដ្ឋមន្ត្រីថៃបានអនុម័តផែនការបង្កើនឱនភាពថវិកានៅឆ្នាំក្រោយចំនួន ១៥២,៧ពាន់លានបាត (៤,១៧ពាន់លានដុល្លារ) ដោយលើកឡើងពីតម្រូវការថវិកាបន្ថែមទៀតដើម្បីជំរុញសេដ្ឋកិច្ច។ អ្នកសេដ្ឋកិច្ចមានការព្រួយបារម្ភថា ផែនការផ្តល់ប្រាក់អាចប៉ះពាល់ដល់តម្លៃប្រាក់បាត និងធ្វើឱ្យប៉ះពាល់ដល់វិន័យរូបិយវត្ថុ និងសារពើពន្ធ ក៏ដូចជាបន្ទុកបំណុលសាធារណៈ។
 
ទាក់ទិនរឿងនេះដែរ ទេសាភិបាលធនាគារថៃ Sethaput Suthiwartnaruput បានអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងស្ថិតនៅលើផ្លូវនៃភាពប្រសើរឡើងវិញបន្ទាប់ការរាលដាលជំងឺកូវីដ-១៩ ហើយមិនស្ថិតក្នុងភាពអាសន្នដែលតម្រូវឱ្យមានកញ្ចប់ថវិកាជំរុញច្រើនលើសលប់នោះទេ៕

Tag:
 ថៃ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com