អន្តរជាតិ
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងប្រកាសលាលែង ក្រោយបក្សប្រឆាំងឈ្នះការបោះឆ្នោតសភា
11, Apr 2024 , 2:04 pm        
រូបភាព
លោក Lee Jae-myung (កណ្តាល) មេបក្សប្រជាធិបតេយ្យកូរ៉េ (DPK) ដែលទទួលបានអាសនៈភាគច្រើននៅក្នុងសភា។ រូបភាព AFP
លោក Lee Jae-myung (កណ្តាល) មេបក្សប្រជាធិបតេយ្យកូរ៉េ (DPK) ដែលទទួលបានអាសនៈភាគច្រើននៅក្នុងសភា។ រូបភាព AFP
បក្សប្រជាធិបតេយ្យ (DP) ដែលជាបក្សប្រឆាំងដ៏ធំនៅកូរ៉េខាងត្បូង បានបន្តទទួលអាសនៈភាគច្រើននៅក្នុងរដ្ឋសភា បន្ទាប់ពីការបោះឆ្នោតរៀបចំឡើងនៅថ្ងៃទី១០ ខែមេសា។ មេដឹកនាំបក្សអំណាចប្រជាជន (PPP) ដែលជាបក្សកាន់អំណាចកូរ៉េខាងត្បូង លោក Han Dong-hoon បានលាលែងពីតំណែង ដើម្បីបង្ហាញពីការទទួលខុសត្រូវ។​ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង ក៏ប្រកាសលាលែងពីតំណែងផងដែរ។

 
តាមលទ្ធផលពីគណៈកម្មការរៀបចំការបោះឆ្នោតជាតិកូរ៉េខាងត្បូង (NEC) បក្សប្រជាធិបតេយ្យ និងបក្សរួបរួមប្រជាធិបតេយ្យ (DUP) ដែលជាបក្សរណប ទទួលបានកាន់កាប់អាសនៈចំនួន ១៧៥អាសនៈ។  ចំណែកបក្សអំណាចប្រជាជន (PPP) របស់លោកយូន សុកយ៉ល និងបក្សរណបអនាគតប្រជាជន (PFP) ទទួលបានអាសនៈចំនួន ១០៨។ អាសនៈសភាកូរ៉េខាងត្បូងសរុបមានចំនួន ៣០០។
 
ការទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភានេះ ជាលើកទីបីហើយសម្រាប់បក្សប្រជាធិបតេយ្យកូរ៉េ បន្ទាប់ពីការបោះឆ្នោតនៅក្នុងឆ្នាំ២០១៦ និង២០២០។ 
 
បក្សកំណែទម្រង់កូរ៉េ (RKP) ដែលដឹកនាំដោយអតីតរដ្ឋមន្រ្តីយុត្តិធម៌ Cho Kuk ទទួលបាន ១២អាសនៈ ខណៈបក្សនយោបាយផ្សេងទៀត ទទួលបានអាសនៈតិចតួចប៉ុណ្ណោះនៅក្នុងសភា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times។ 
 
លទ្ធផលបោះឆ្នោតបែបនេះ បានបង្ហាញឱ្យឃើញពីការមិនពេញរបស់ប្រជាជនលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី យូន សុកយ៉ល ជុំវិញការឡើងថ្លៃចំណាយប្រចាំថ្ងៃ, ថ្លៃទំនិញ, និងរឿងអាស្រូវភរិយារបស់លោកជាដើម។ លើសពីនេះ រដ្ឋាភិបាលរបស់លោកយូន នឹងបន្តប្រឈមការលំបាកដូចជាការដាក់ចេញគោលនយោបាយ និងការអនុម័តច្បាប់ផ្សេងៗ។ 
 
បន្ទាប់ពីបក្សប្រឆាំងទទួលបានសំឡេងភាគច្រើននៅក្នុងសភា លោក Han Dong-hoon ប្រធានបក្សអំណាចប្រជាជន បានប្រកាសចុះចេញពីតំណែង ដើម្បីបង្ហាញការទទួលខុសត្រូវ។
 
«ខ្ញុំសុំទោសប្រជាជនតំណាងឱ្យបក្សរបស់យើង ដែលមិនទទួលបានការគាំទ្រភាគច្រើនពីប្រជាជន»។ លោក Han បានប្រកាសបែបនេះ នៅក្នុងសន្និសីទបក្សនៅក្រុងសេអ៊ូល នៅថ្ងៃទី១១ ខែមេសា។ 
 
ក្រៅពីមេដឹកនាំបក្សកាន់អំណាច នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោកHan Duck-soo និងមនុស្សជំនិតប្រធានាធិបតីកូរ៉េខាងត្បូង៣នាក់ ក្នុងនោះមានប្រធានខុទ្ទកាល័យប្រធានាធិបតី លោកLee Kwan-seop ក៏បានលាលែងពីតំណែងផងដែរ។
 
ក្រោយភាពបរាជ័យពីបក្សរបស់ខ្លួន លោកប្រធានាធិបតីយូន បានប្តេជ្ញាធ្វើកំណែទម្រង់កិច្ចការរដ្ឋ ដើម្បីបង្ហាញឱ្យស្របតាមឆន្ទៈរបស់ប្រជាជន រួមទាំងសន្យាធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ច និងការលម្អជីវភាពប្រជាជន។ 
 
ប្រជាជនប្រមាណ ៦៧ភាគរយ បានចេញទៅបោះឆ្នោតសភាឆ្នាំ២០២៤ ក្នុងចំណោមប្រជាជនមានសិទ្ធិបោះឆ្នោត៤៤,២៨លាននាក់។ នេះជាចំនួនដ៏ខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្តបោះឆ្នោតសភាកូរ៉េខាងត្បូង ក្នុងរយៈពេល ៣២ឆ្នាំមកនេះ។
 
យ៉ាងណាមិញ ជ័យជម្នះរបស់បក្សប្រឆាំងនៅក្នុងសភា មិនគ្រប់សំឡេង ២ភាគ៣នៅក្នុងសភាឡើយ ដើម្បីធ្វើវិសោធនកម្មច្បាប់ ឬរដ្ឋធម្មនុញ្ញ និងធ្វើឱ្យអំណាចប្រធានាធិបតីមានអព្យាក្រឹត៕ 

Tag:
 កូរ៉េខាងត្បូង
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com