អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃត្រួតពិនិត្យបង្គន់ និងសេវាសាធារណៈ ក្នុងពេលសង្រ្កាន្ត
12, Apr 2024 , 1:59 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន ត្រួតពិនិត្យបង្គន់ និងចំណតរថយន្តក្រុងស្ថានីយរថយន្តក្រុង Mo Chit 2 ក្នុងក្រុងបាងកក នៅថ្ងៃទី១០ ខែមេសា។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន ត្រួតពិនិត្យបង្គន់ និងចំណតរថយន្តក្រុងស្ថានីយរថយន្តក្រុង Mo Chit 2 ក្នុងក្រុងបាងកក នៅថ្ងៃទី១០ ខែមេសា។ រូបភាព X_Srettha Thavisin
នាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១០ ខែមេសា បានត្រួតពិនិត្យបង្គន់ និងសេវាសាធារណៈផ្សេងៗ ក្នុងពេលសង្រ្កាន្ត។ ទន្ទឹមនេះ លោកសេដ្ឋា បានស្នើឱ្យបង្កើតផ្ទាំងLED ផ្សេងៗនៅកន្លែងរង់ចាំរថយន្តក្រុង ដើម្បីរកចំណូលបន្ថែម ក្នុងពេលសង្រ្កាន្តផង។



ដូចប្រពៃណីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដីគោកមួយចំនួនដែរ ថៃរៀបចំសង្រ្កាន្ត ដើម្បីអបអរចូលឆ្នាំប្រពៃណីខ្លួន។ មហាសង្រ្កាន្តពិភពលោកថៃ ត្រូវបានរៀបចំពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា នៅក្នុងក្រុងបាងកក។ នៅអំឡុងពេលសង្រ្កាន្តនេះ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី១០ ខែមេសា បានត្រួតពិនិត្យបង្គន់ និងសេវាសាធារណៈផ្សេងៗដូចជា កន្លែងរង់ចាំរថយន្តក្រុង ដើម្បីធានាសុវត្ថិភាព និងសុខមាលភាពដល់អ្នកដំណើរ។ 
 
«លោកសេដ្ឋា​ បានត្រួតពិនិត្យលើបង្គន់រៀបចំឡើងវិញ ដោយកត់សម្គាល់ពីអនាម័យ ដោយសារវាត្រូវបានប្រើប្រាស់ជាច្រើនពីសាធារណជន»។ សារព័ត៌មាន Pattaya Mail បានចុះផ្សាយបែបនេះ ពាក់ព័ន្ធនឹងទស្សនកិច្ចរបស់លោកសេដ្ឋា នៅស្ថានីយរថយន្តក្រុង Mo Chit 2 ក្នុងក្រុងបាងកក។ 
 
ទន្ទឹមនេះ លោកសេដ្ឋា​ បានកត់សម្គាល់ថា ការប្រើប្រាស់បង្គន់តាមរយៈការបង់ប្រាក់ប្រមាណ ១០បាត គឺវាសមរម្យ ហើយអាចជួយធ្វើឱ្យបង្គន់នៅតែស្អាត និងអនាម័យ។ ទន្ទឹមនេះ លោកសេដ្ឋា បានពិនិត្យមើលកន្លែងភ្ញៀវរង់ចាំរថយន្តក្រុងផងដែរ ដោយលោកបានស្នើឱ្យដាក់កៅអីរង់ចាំបន្ថែម។
 
នៅកន្លែងរង់ចាំរថយន្តក្រុងនោះ ប្រមុខរដ្ឋាភិបាល​ បានទទូចឱ្យមន្រ្តីដាក់ផ្ទាំង LED បន្ថែម ដើម្បីអាចទាញចំណូល តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម។ ចំណែកអ្នកបើកបររថយន្តក្រុងចាំបាច់ត្រូវតែមានការត្រួតពិនិត្យសុខភាពត្រឹមត្រូវ និងសារធាតុញៀន។ 
 
ការត្រួតពិនិត្យកន្លែងសាធារណៈនៅក្នុងប្រទេសនេះ ធ្វើឡើងក្រោយមេដឹកនាំថៃ បានប្រកាសផ្អាកធ្វើទស្សនកិច្ចនៅបរទេសរយៈពេល ២ខែ ដោយផ្តោតលើកិច្ចការក្នុងស្រុកវិញម្តង៕ 

Tag:
 អន្តរជាតិ
  សង្រ្កាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com