កីឡាអន្តរជាតិ
អន្តរជាតិ
Man City ឡើងឈរកំពូលតារាង ក្រោយបំបាក់ Luton ឯ Spurs ចាញ់
14, Apr 2024 , 2:59 pm        
រូបភាព
ក្រុមការពារជើងឯក Manchester City បានវិលត្រឡប់ឡើងឈរលើកំពូលតារាងក្របខណ្ឌ Premier League ឡើងវិញ ក្រោយបំបាក់ក្រុមលំដាប់បាតតារាង Luton Town លទ្ធផល ៥-១។ ចំណែកក្រុម Tottenham Hotspur បន្តថយឱកាសប្រជែងកៅអីក្របខណ្ឌ UEFA Champions League ក្រោយពេលបរាជ័យក្រោមថ្វីជើង Newcastle United លទ្ធផល ៤-០។



Man City ឡើងឈរកំពូលតារាងបណ្តោះអាសន្នប៉ុណ្ណោះ ទល់បីជាមាន ៧៣ពិន្ទុ ដ្បិតក្រុម Arsenal និង Liverpool ទាំងពីរត្រូវប្រកួតរៀងៗខ្លួននាថ្ងៃទី១៤ ខែមេសា ក្នុងជំនួបក្របខណ្ឌ Premier League។ ទាំង Arsenal ធ្លាក់ទៅលេខ ២ និង Liverpool លេខ ៣ មាន ៧១ពិន្ទុ ដូចគ្នា។
 
យ៉ាងណាការឡើងឈរកំពូលតារាងឡើងវិញ គឺជាសញ្ញាប្រាប់ថា Man City កំពុងតែបង្ហាញថាខ្លួនក៏ស្រែកឃ្លានក្នុងការការពារតំណែងជើងឯក ក៏ដូចជាស្វែងរកការឈ្នះពានលីគកំពូលអង់គ្លេសលើកទី៤ ជាប់គ្នា។ ពានរង្វាន់ Premier League រដូវកាល ២០២៣-២៤ តម្រូវឱ្យ Man City, Arsenal និង Liverpool ត្រូវឆ្លងកាត់ការប្រកួតល្អបំផុតជាមួយជ័យជម្នះជាដាច់ខាត ប្រសិនបើក្រុមទាំង ៣ នេះចង់លើកពាន។
  


ដោយឡែក Tottenham Hotspur ដែលមានក្តីរំពឹងចំណាត់ថ្នាក់ក្រុមកំពូលតារាងទាំង ៤ ដើម្បីកៅអី UCL រដូវកាលក្រោយ កំពុងតែមានភាពរង្គោះរង្គើ ក្រោយចាញ់ការប្រកួត ៤-០ ត្រូវ Newcastle United បំបាក់។ Newcastle United ឡើងមកឈរតំណែងលេខ ៦ ខណៈខ្លួនក៏ជាក្រុមមានក្តីរំពឹងសម្រាប់កៅអីពានរង្វាន់អឺរ៉ុបដូចគ្នា។
 
Manchester United បន្តទម្លាក់ពិន្ទុ ធ្លាក់ទៅឈរនៅលេខ ៧ ក្រោយពេលប្រកួតស្មើលទ្ធផល ២-២ ទល់នឹងក្រុម AFC Bournemouth។ កីឡាករប្រធានក្រុម Bruno Fernandes ស៊ុតបាល់ ២គ្រាប់ ដើម្បីជួយដណ្តើម ១ពិន្ទុ​សម្រាប់ក្រុមដឹកនាំដោយលោក Erik ten Hag។
 
នាតំបន់ខាងក្រោមវិញ Brentford ស្វែងរកបាន ៣ពិន្ទុ ដោយងាយដើម្បីគេចចេញពីបញ្ហាអង្គុយក្បែតំបន់កាត់ចោល ក្រោយពេលបំបាក់លើក្រុមបាតតារាង Sheffield United ដែលត្រូវបានគេដឹងថាអស់ឱកាសរួចទៅហើយនោះ។ 
 
ក្រុម Nottingham Forest ក៏បានខកខានឱកាសខ្លួនដូចគ្នាក្នុងការស្វែងរកពិន្ទុ ដើម្បីគេចចេញពីតំបន់គ្រោះថ្នាក់ បន្ទាប់ពីខ្លួនប្រកួតស្មើ Wolverhampton Wanderer លទ្ធផល ២-២។ Forest ស្ថិតនៅចំណាត់ថ្នាក់លេខ ១៧ ដោយមានគម្លាត​ ១ពិន្ទុ ពីក្រុម Luton Town លេខ ៣ បាតតារាង និង ៦ពិន្ទុពីក្រុម Burnley លេខ ២ បាតតារាង ក្រោយពួកគេស្មើ ១-១ Brighton & Hove Albion៕

Tag:
 Manchester City
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com