កីឡាអន្តរជាតិ
អន្តរជាតិ
Messi, Suarez ជួយក្រុមផ្តួល SKC ចំពោះមុខអ្នកគាំទ្រ ៧,៣ម៉ឺននាក់
14, Apr 2024 , 5:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi និងមិត្តរួមក្រុម Luis Suarez បានរួមគ្នាជួយក្រុម Inter Miami ប្រកួតយកឈ្នះលើក្រុម Sporting Kansas City លទ្ធផល ៣-២ នៅចំពោះមុខអ្នកគាំទ្រប្រមាណជាង ៧,៣ម៉ឺននាក់ នៅក្នុងកីឡដ្ឋាន Arrowhead ក្នុងទីក្រុង Kansas រដ្ឋ Missouri។



ជ័យជម្នះទល់ Kansas City គឺជាការវិលត្រឡប់មកវិញនៅក្នុងការប្រកួតក្របខណ្ឌ Major League Soccer លើកដំបូងចាប់តាំងពីថ្ងៃទី២ ខែមីនា មកម្ល៉េះ ដោយការខកខានព្រោះតែរបួស។ វិលមកការប្រកួតវិញ Messi ស៊ុតបាល់ពីចម្ងាយ ដោយប្រើប្រាស់ជើងឆ្វេងដ៏ប៉ិនប្រសប់ ទម្លុះសំណាញ់ទីគូប្រកួត រួមចំណែករកគ្រាប់បាល់ដល់ Inter Miami។
 
២គ្រាប់ផ្សេងទៀតរបស់ Miami ធ្វើបានដោយកីឡាករមិត្តរួមក្រុមរបស់ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ រួមមានកីឡាករ Diego Gomez នៅនាទី១៨ និង Luis Suarez នៅនាទី៧១។ Messi និង Suarez រួមចំណែកជួយក្រុមយកឈ្នះការប្រកួតក្នុងលីគ MLS ក្រោយពេលក្រុមបានធ្លាក់ចេញពីពានរង្វាន់ CONCACAF Champions Cup ក្រោយចាញ់ក្រោមថ្វីជើង Monterrey លទ្ធផលសរុបទាំង ២ជើង ៥-២។
 
ព្រោះតែវត្តមានរបស់ Messi កីឡដ្ឋានដ៏ធំមួយប្រចាំអាម៉េរិក​ Arrowhead បានផ្ទុកមនុស្សដល់ទៅជាង ៧,៣ម៉ឺននាក់ ក្នុងការប្រកួតនោះ ដែលក្លាយជាកំណត់ត្រាការប្រកួតបាល់ទាត់លីគ MLS ដែលមានមនុស្សចូលទស្សនាច្រើនបំផុតទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ MLS រយៈពេល ២៨ឆ្នាំ មកនេះ។ 
 
តាមពិតទៅកីឡដ្ឋានផ្លូវការរបស់ក្រុម Sporting Kansas City គឺអាចផ្ទុកមនុស្សបានត្រឹមតែ ១៨,៥០០នាក់ប៉ុណ្ណោះ មានឈ្មោះថា Children’s Mercy Park ស្ថិតក្នុងទីក្រុង Kansas ដដែល។ តែយ៉ាងណាចាប់តាំងពីមានវត្តមាន Messi ជាមួយនឹងក្រុម Inter Miami រួចមក អ្នកគាំទ្របាល់ទាត់ក្នុងប្រទេសអាម៉េរិកជាច្រើន តែងតែចង់ឃើញការលេងរបស់ Messi ក្នុងទីលាន។ 
 
ការផ្លាស់ប្តូរកីឡដ្ឋានទៅកាន់ទាំងតាំងធំ ក៏បានជួយផ្តល់ផលប្រយោជន៍ដ៏ធំសម្រាប់ក្រុមម្ចាស់ផ្ទះដោយពួកគេអាចរកបានប្រាក់ចំណូលច្រើនសន្ធឹកសន្ធាប់ពីការលក់សំបុត្រទស្សនាការប្រកួតដែលមានវត្តមានរបស់ខ្សែប្រយុទ្ធម្ចាស់ពាន World Cup 2022៕

Tag:
 Lionel Messi
  Luis Suarez
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com