ជាតិ
នាយករដ្ឋមន្ត្រី អរគុណប្រជាការពារ អ្នកអនាម័យ កម្លាំងស្ម័គ្រចិត្ត និងអាជ្ញាធរក្នុងការបំពេញការងារថ្ងៃ ចូលឆ្នាំថ្មី
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណក្រសួងស្ថាប័ន និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេសផងដែរ ដែលបានជួយសម្រួល ដល់ការលេងកម្សាន្ត របស់ប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ រយៈពេល៤ថ្ងៃកន្លងទៅនេះ។
ក្រោយចូលឆ្នាំប្រពៃណីជាតិ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានអរគុណចំពោះ ក្រសួងស្ថាប័ន និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជាកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្ត គ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការ បំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកម្សាន្ត របស់ប្រជាពលរដ្ឋ ដែលនាំឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្ដីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ។
«ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោក្រសួងស្ថាប័ន អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេសផងដែរ។ ខ្ញុំព្រះករុណា ក៏សូមប្រគេនពរ ដល់ព្រះតេជព្រះគុណ គ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបតែសុខភាពល្អ សុភមង្គល និងទទួលបានសិរីសួស្ដីគ្រប់ប្រការ»។ នេះជាការអរគុណរបស់សម្ដេច។
បន្ថែមពីនោះ សម្ដេចក៏ថ្លែងអំណរគុណដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមលេងកម្សាន្ត ប្រកបដោយភាពរីករាយ ព្រមទាំងថែរក្សាបាននូវ ប្រពៃណីវប្បធម៌ ដ៏ផូរផង់របស់ខ្មែរផងដែរ៕
Tag:
ចូលឆ្នាំ
អាជ្ញាធរ
នាយករដ្ឋមន្ត្រី
ឆ្នាំថ្មី
ក្រសួង
© រក្សាសិទ្ធិដោយ thmeythmey.com