ជាតិ
សង្គមជាតិ
បរទេស សរសើរ «ម្ហូបខ្មែរ» មានរសជាតិឆ្ងាញ់
18, Apr 2024 , 8:30 am        
រូបភាព
សៀមរាប៖ លោក ឌុក ដេត ជាម្ចាស់ជ័យលាភីលេខមួយ លើការចម្អិនមុខម្ហូបខ្មែរ «ហហ្មុក» ក្នុងការប្រកួតព្រឹត្តិការណ៍ «មហោស្រព និងពិពរណ៍ម្ហូបអាហារ ឆ្នាំ២០២១»។ លោក ឌុក ដេត មិនរំលង​ «ហហ្មុក» ទេ នាពេលលោកទៅប្រកួត និងបង្ហាញកមុ្មវិធីម្ហូបក្រៅប្រទេស។ មេចុងភៅរូបនេះ តែងតែនាំមុខម្ហូបរបស់ខ្មែរសំខាន់ៗ ទៅបង្ហាញអន្តរជាតិ។ ជាមួយគ្នានេះ លោក ឌុក ដេត ក៏មានថ្នាក់បង្រៀនរបៀបចម្អិនម្ហូបខ្មែរ ដល់បរទេសផងដែរ។





ក្នុងបេសកកម្មតាំងពិព័រណ៍ម្ហូបខ្មែរនៅប្រទេសម៉ាឡេស៊ី លោក ឌុក ដេត បាននាំយកនំបញ្ចុកសម្លខ្មែរ ហហ្មុក ឡុកឡាក់ ទៅឱ្យបរទេសភ្លក្ស។ ចុងភៅនៅភោជនីយដ្ឋានសួនមេអំបៅ ខេត្តសៀមរាប បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាអាហារអាស៊ាន (ASEAN Workshop on Food Packaging, Sustainability and Trade for the Global Market) តំណាងឱ្យកម្ពុជា ក្នុងចំណោមចុងភៅល្បីៗតំណាងឱ្យប្រទេសចំនួន៨ ក្នុងតំបន់អាស៊ាន។

លោក ឌុក ដេត បានយកម្ហូបខ្មែរ ដាក់បង្ហាញក្នុងកម្មវិធីសិក្ខាសាលារយៈពេល២ថ្ងៃ ដើម្បីផ្សព្វផ្សាយម្ហូបប្រពៃណីខ្មែរឱ្យគេបានស្គាល់កាន់តែច្រើន និងបានភ្លក្សរសជាតិម្ហូបខ្មែរផងដែរ។ ជាការឆ្លើយតប បរទេស ដែលបានពិសារម្ហូបខ្មែរ តែងតែប្រាប់លោក ឌុក ដេត ថា ម្ហូបខ្មែរ មានរសជាតិឆ្ងាញ់ និងងាយស្រួលពិសារ។

ម្ចាស់ភោជនីយដ្ឋានសួនមេអំបៅ និង ភោជនីយដ្ឋានពូ ក្នុងក្រុងសៀមរាប លោក ឌុក ដេត ទទួលបានភ្ញៀវបរទេសច្រើន ដែលចូលចិត្តពិសារម្ហូបអាហាររបស់ខ្មែរ។ លោក ឌុក ដេត បានច្នៃម្ហូបអាហាររបស់ខ្មែរតាមរសជាតិ និងតាមលក្ខខណ្ឌរបស់ភ្ញៀវបរទេស។ លោក ឌុក ដេត យល់ថា បរទេស មិនចូលចិត្តម្ហូប ដែលមានឆ្អឹង និងមានការតុបតែងច្រើនពេកនោះទេ។

«ភ្ញៀវអឺរ៉ុប មិនចូលចិត្តញុំាម្ហូប មានឆ្អឹង និងមានរសជាតិដិតខ្លាំង (មានគ្រឿង និងក្លិនខ្លាំង)។ បើយើងដាក់ឆ្អឹង ពួកគាត់ពិបាកញុំាខ្លាំង។ ភ្ញៀវអឺរ៉ុប មានវប្បធម៌ពិសារម្ហូប មិនមានឆ្អឹង។» នេះជាការបញ្ជាក់របស់លោក ឌុក ដេត។

លោក ឌុក ដេត មិនលើកទឹកចិត្តឱ្យចុងភៅច្នៃម្ហូបដាក់របស់ ឬបន្លែណា ដែលបរទេសញុំាមិនកើតនោះទេ។ អ្នកជំនាញចុងភៅរូបនេះ យល់ថា បរទេស មិនចូលចិត្តការតុបតែងខ្លាំងពេក តែញុំាមិនបាននូវអ្វីដែលមានក្នុងចានទាំងនោះ។ មេចុងភៅរូបនេះ ផ្ដល់យោបល់ថា ការតុបតែងក្នុងចាន គួរដាក់បន្លែ ឬអ្វី ដែលបរទេស ពិសារបានទាំងអស់៕


Tag:
 ឌុក ដេត
  ម្ហូបខ្មែរ
  នំបញ្ចុក
© រក្សាសិទ្ធិដោយ thmeythmey.com