កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍ជិះកង់ ពីភ្នំពេញទៅ សៀមរាប ប្រើពេល១ថ្ងៃ ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ
18, Apr 2024 , 9:29 pm        
រូបភាព
ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ កីឡាទោចក្រយាន រូបពីសហព័ន្ធកីឡាទោចក្រយានកម្ពុជា
ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ កីឡាទោចក្រយាន រូបពីសហព័ន្ធកីឡាទោចក្រយានកម្ពុជា
សហព័ន្ធកីឡាទោចក្រយានកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្នុងរយៈចម្ងាយ ៣១០គីឡូម៉ែត្រ ពីភ្នំពេញទៅកាន់ខេត្តសៀមរាប។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បង្ហាញគោលដៅបង្កើតព្រឹត្តិការណ៍នេះឡើង ដើម្បីប្រមូលជាសម្ភារៈ ថវិការជួយមន្ទីរពេទ្យកុមារអង្គរ និងបំផុសចលនាជិះកង់ទៅខេត្តទេសចរណ៍មួយនេះ។



នៅថ្ងៃទី១ ខែមិថុនា ដែលជាទិវាកុមារអន្ដរជាតិ សហព័ន្ធកីឡាទោចក្រយានកម្ពុជា នឹងរៀបចំការជិះកង់ ដែលមានចម្ងាយ ៣១០គីឡូម៉ែត្រ ពីភ្នំពេញ ទៅក្រុងសៀមរាប។ លោក នូ ចំរើន បានប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមថា នេះ គឺជាលើកដំបូងដែលសហព័ន្ធរៀបចំព្រឹត្តិការណ៍នេះ ដោយមានគោលដៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ និងបំផុសចលនាកីឡាទោចក្រយានទៅកីឡាករ-កីឡាការិនី ក្នុងការជិះកង់ទៅខេត្តសៀមរាប។
 
«សហព័ន្ធមានគោលបំណង រៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីកៀរគរជាសម្ភារៈ និងថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងបំផុសចលនាដល់ក្រុមកីឡាករ-កីឡាការិនីជិះកង់ទៅកាន់ខេត្តសៀមរាប។»។ លោក នូ ចំរើន បាននិយាយដូច្នេះ។
 
ចំពោះការជិះកង់ចម្ងាយ៣១០គីឡូម៉ែត្រនេះ សហព័ន្ធ បានត្រៀមលក្ខណៈរួចជាស្រេចចំពោះសុវត្ថភាព និងបញ្ហាការពារផ្សេងៗ ទាំងសុខមាលភាពអ្នកចូលរួមជាដើម។ អគ្គលេខាធិការសហព័ន្ធរូបនេះ បញ្ជាក់ថា មានឡានពេទ្យ និងឡានស៊ឺរ៉ែន បើកផ្លូវជូនដល់កីឡាករ-កីឡាការិនី។ អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា អះអាងថា៖«យើងមានរៀបចំក្បូនឡានគាំទ្រ ឡានពេទ្យ និងឡានស៊ឺរ៉ែនបើកផ្លូវជូនកីឡាករ ហើយក្រៅពីឡាន យើងមានក្រុមម៉ូតូគាំទ្រការធ្វើចរាចរ និងគាំទ្រកីឡាករ ដើម្បីហុចទឹក ភេសជ្ជៈ និងអាហារសម្រន់។»។ 
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជិះកង់នេះ មិនបានកំណត់តម្លៃ និងគុណភាពកង់ទេ។ នោះ មានន័យថាកង់ប្រភេទណាក៏អាចចូលរួមបានដែរ។ ចម្ងាយ៣១០គីឡូម៉ែត្រនេះ គឺត្រូវជិះរយៈពេលមួយថ្ងៃ ហើយចេញដំណើរចាប់ពីម៉ោង ៤:៣០ព្រឹក ដោយគ្រោងទៅដល់មន្ទីរពេទ្យកុមារអង្គរ នៅម៉ោង៧:៣០យប់៕

Tag:
 ជិះកង់
  នូ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com