ជាតិ
ក្រសួងអប់រំ រៀបចំការ​ប្រឡងសិស្សពូកែទូទាំងប្រទេស នៅថ្ងៃទី១៣ ខែឧសភា
20, Apr 2024 , 8:00 am        
រូបភាព
រូបភាពសិស្សចូលរួមពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នៅខេត្តបាត់ដំបង ថ្ងៃទី១៨_ ខែមិថុនា ឆ្នាំ២០២៣។ រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
រូបភាពសិស្សចូលរួមពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នៅខេត្តបាត់ដំបង ថ្ងៃទី១៨_ ខែមិថុនា ឆ្នាំ២០២៣។ រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងសិស្សពូកែទូទាំងប្រទេស នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ ការប្រឡងនេះ​ ធ្វើឡើងដើម្បីជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្បខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២។



បើតាមសេចក្ដីអំពាវនាវរបស់ក្រសួងអប់រំ ពិធីបើកការប្រឡង នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែឧសភា នាវេលាម៉ោង៨ព្រឹក។ ឯពិធីបិទ និងចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែឧសភា នាវេលាម៉ោង ១៤:០០រសៀល នៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ ។ 
 
ការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ ក្រសួងអប់រំ រៀបចំឡើងដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹង និងលើកកម្ពស់ជំនាញប្រកបដោយសមត្ថភាពខ្ពស់។
 
ជាមួយគ្នានេះ ក្រសួងអប់រំ បានអំពាវនាវ ដល់សាធារណជនឱ្យជួយឧបត្ថម្ភជាថវិកា សម្ភារៈ សម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែម ដល់ម្ចាស់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ដើម្បីជំរុញចលនានេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅឆ្នាំបន្ទាប់៕

Tag:
 ប្រឡងសិស្សពូកែ
 ក្រសួងអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com