ជាតិ
ម៉ាស៊ីនថតរូប អាយុ១០០ឆ្នាំមួយគ្រឿង ត្រូវបានដាក់តាំងនៅមណ្ឌលបុប្ផាណា
× ភ្នំពេញ៖ មនុស្សម្នាកាន់តែច្រើន បានចាប់អារម្មណ៍វត្ថុប្រើប្រាស់ចាស់ៗ ហើយបានយកវត្ថុបុរាណទាំងនោះតាំងលម្អគេហដ្ឋាន ទីតាំងអាជីវកម្ម ឬបម្រើសកម្មភាពសង្គមរបស់ខ្លួន។មជ្ឈមណ្ឌលធនធានសោតទស្សបុប្ផាណា ដែលមានសកម្មភាពក្នុងវិស័យភាពយន្ដ ក៏មានដាក់តាំងវត្ថុបុរាណទាក់ទងនឹងការថតរូប និងថតភាពយន្តដែរ។ នៅទីនេះ មានម៉ាស៊ីនថតរូបដ៏ធំ ១គ្រឿង ផលិតកាលពី១០០ឆ្នាំមុន។ មិនអាចកាន់វាថតបានទេ គឺត្រូវដាក់វាលើជើងឈើ។ មិនអាចប្រើវាបានទេ ពីព្រោះសម័យបច្ចុប្បន្ន គ្មានហ្វីលស្តង់ដារបុរាណនោះ ដែលថ្មីទៀតទេ។ ខាងក្នុង ច្បាស់ហើយវាមានដែក និងកែវ ក៏ប៉ុន្តែទ្រង់ទ្រាយរបស់វា ធ្វើអំពីឈើតែម្ដង។
សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ ដូចតទៅ៖
ពលរដ្ឋសញ្ជាតិបារាំងលោក NIÈPCE Nicéphore បានបង្កើតការថតរូបនាឆ្នាំ១៨២៦។ ឆ្នាំ១៨៦១ គេបង្កើតការថតរូបដែលមានពណ៌។ ហើយឆ្នាំ១៩៦៩ គេបង្កើតការថតរូបតាមបច្ចេកទេសឌីជីថល ដែលប្រើរហូតដល់សព្វថ្ងៃនេះ។
មជ្ឈមណ្ឌលធុនធានសោតទស្សបុប្ផាណា មានតួនាទីប្រមូលបន្សំទុកធនធានសោតទស្ស ពីសម័យមុន និងសម័យបច្ចុប្បន្ន ដែលទាក់ទងនឹងប្រទេសកម្ពុជា បណ្ដុះបណ្ដាលវិជ្ជាជីវៈអំពីភាពយន្ដ ផលិតរឿងកុន ហើយរៀបចំព្រឹត្តិការណ៍នានា ដូចជាតាំងពិព័រណ៍ និងផ្សាយខ្សែភាពយន្ដ។ មណ្ឌលបុប្ផាណា នៅក្នុងអគារមួយ ស្ថាបនាពី៧០ឆ្នាំមុន។ វាស្ថិតនៅលេខ៦៤ វិថី ឧកញ៉ា ម៉ែន (ផ្លូវ២០០) ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទីតាំងនេះ បើកពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ និងពីម៉ោង២រសៀល ដល់ម៉ោង៦ល្ងាច។ ថ្ងៃសៅរ៍ ពីម៉ោង២រសៀល ដល់ម៉ោង៦ល្ងាច។ សាធារណជន អាចចូលទស្សានដោយឥតគិតថ្លៃ៕
Tag:
ម៉ាស៊ីនថតរូប
វត្ថុបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com