ជាតិ
អាកាធាតុក្តៅ ធ្វើឱ្យ ខាត់ណា មិនសូវល្អ និងលក់បានតម្លៃថោកជាងឆ្នាំមុន
22, Apr 2024 , 9:30 am        
រូបភាព
កសិករនៅភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង កំពុងប្រមូលផលខាត់ណាផ្កា។ រូបភាពហ្វេសប៊ុក Noun Sunnary- ស្រីអូន
កសិករនៅភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង កំពុងប្រមូលផលខាត់ណាផ្កា។ រូបភាពហ្វេសប៊ុក Noun Sunnary- ស្រីអូន
សៀមរាប៖ នារដូវក្ដៅនេះ ផលដំណាំកសិកម្ម មិនសូវបានផលប៉ុន្មានទេ។ ក្នុងនោះដំណាំខាត់ណាផ្កា ដែលដាំដុះនៅស្រុកប្រាសាទបាគង ក៏ជួបប្រទះបញ្ហានេះដែរ ដោយតម្លៃលក់បានថោក​ជាងឆ្នាំទៅមិញ។

  
កសិករដាំខាត់ណាផ្កា អ្នកស្រី ព្រី នួន បានរអ៊ូពីតម្លៃខាត់ណាផ្កាធ្លាក់ចុះជាងឆ្នាំទៅ ខណៈដែលរដូវនេះ កសិករដាំមិនសូវបានផលច្រើនក៏ដោយ។ ឆ្នាំទៅ កសិករភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង​រូបនេះ អះអាងថា ខាត់ណាផ្កាលក់ចេញបោះឱ្យឈ្មួញកណ្ដាល បានតម្លៃ៥០០០រៀល ក្នុងមួយគីឡូក្រាម រីឯឆ្នាំនេះបានតែ៣០០០រៀលប៉ុណ្ណោះ។ 
 

ការប្រមូលផលខាត់ណាផ្កា។ រូបភាពហ្វេសប៊ុក Noun Sunnary

ផ្តល់បទសម្ភាសឱ្យសារព័ត៌មានឌីជីថលថ្មីៗ តាមទូរសព្ទនាថ្ងៃទី១៩ មេសា កសិករ ព្រី នួន លើកឡើងដូច្នេះថា៖«ខ្ញុំឆ្ងល់ថា បន្លែផ្សេងៗឡើងថ្លៃ តែខាត់ណាផ្កាម៉េចមិនឡើងថ្លៃ»? 
 
មានវ័យ៤០ឆ្នាំ អ្នកស្រី ព្រី នួន បានប្រាប់ថា គ្រួសារអ្នកស្រីតែងដាំខាត់ណាផ្កានេះ មួយឆ្នាំ៣ដង ។ ខាត់ណាផ្កា អាចប្រមូលផលបាន​ ក្នុងរយៈពេល១ខែកន្លះ។ ដាំជាលក្ខណៈគ្រួសារ អ្នកស្រី ព្រី នួន ប្រាប់ថា ក្នុងវគ្គទី៣នេះ ខាត់ណាធ្លាក់ផលបន្ដិច គឺក្នុង១០រោង អ្នកស្រីកាត់លក់តែប្រមាណ៥០០គីឡូក្រាមប៉ុណ្ណោះ។ 
 
កសិករដដែល បានបញ្ជាក់ថា ទំនងអាកាសធាតុក្ដៅខ្លាំង រីឯទឹកស្រោចស្រពក៏មិនសូវហូរហៀរច្រើន ដូចឆ្នាំទៅមិញ ទើបផលធ្លាក់យ៉ាងដូច្នេះ។ ជាធម្មតា ក្រោយចប់រដូវខាត់ណា អ្នកភូមិតាត្រាវ បូករួមទាំងគ្រួសារអ្នកស្រី ព្រី នួន ផងនោះ រៀបចំដីដាំខ្ទឹមស្លឹកបន្តទៀត តែឆ្នាំនេះទំនងទុកដីចោល ព្រោះទឹកក្នុងស្រះបានគោករីងអស់។ ជាតំបន់ដែលមិនសូវមានទឹកក្រោមដីច្រើន អ្នកស្រី ព្រី នួន ប្រាប់ថា ប្រសិនបុកអណ្ដូងក៏​មានលទ្ធភាពចេញទឹកតិចតួចដែរ ដូច្នេះហើយទើបកសិករ រួមនិងគ្រួសារអ្នកស្រី មិនប្រថុយចំណាយប្រាក់បុកអណ្ដូង។
 
ជុំវិញខាត់ណាធ្លាក់ថ្លៃនារដូវនេះ អនុប្រធានការិយាល័យ អភិវឌ្ឍន៍ពាណិជ្ជកម្ម នៃមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប លោក ដួង វីរីយ៉ា ពន្យល់ថា ដោយសារឆ្នាំនេះក្ដៅខ្លាំង ទើបគុណភាពបន្លែ និងផ្ការីកមិនសូវបានល្អ ។ កសិករនៅស្រុកប្រាសាទបាគង ច្រើនដាំនៅទីវាល ស្របពេលអាកាសធាតុក្ដៅខ្លាំង ធ្វើឱ្យគុណភាពរៀងអន់បន្ដិច ធៀបនឹងបន្លែដែលដាំ​ក្នុងផ្ទះសំណាញ់ និងបន្លែនាំចូលពីប្រទេសជិតខាងមួយចំនួន។ 
 
យ៉ាងណាមន្រ្តីរូបនេះអះអាងថា តម្លៃខាត់ណាផ្កាចាប់ពី២០០០​ទៅ២៥០០រៀល គឺចំណេញ ហើយរដូវនេះលក់ចេញបាន​៣០០០រៀល គឺមិនខាតនោះទេ។ លោក ដួង វីរីយ៉ា បន្ថែមថា៖« ​​យើងបានទៅជួបកសិករ​ដែរនៅថ្ងៃម្សិលមិញ គាត់ថាខាត់ណាផ្កាលក់ចំណេញ គឺចាប់ពីមួយគីឡូ២០០០រៀល ទៅ២៥០០រៀល គឺចំណេញហើយ តែបើក្រោមនេះអាចខាត ដូច្នេះត្រឹម៣០០០រៀលអី អត់ខាតទេ»។
 
បើតាមលោក ដួង វីរីយ៉ា ខាត់ណាផ្កាមានទីផ្សារល្អ ​គឺឈ្មួញប្រមូលទិញអស់ៗ មិនមានភាពរាំងស្ទះឡើយ នារដូវនេះ៕

Tag:
 (ខាត់ណា
  កសិកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com