ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សាលាដំបូងរាជធានីភ្នំពេញ បដិសេធថា ពុំបានទារលុយ២០០០ដុល្លារ ជាថ្នូរដោះលែងជនជាប់ចោទឡើយ
22, Apr 2024 , 11:13 am        
រូបភាព
ដោយ៖ ញ៉ សុខហឿន 

ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ មេសា ឆ្នាំ​ ២០២៤​ បានចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបក្នុងករណីប្រាក់ ២០០០ ដុល្លារ ។ អ្នកនាំពាក្យ អះអាងថា ពុំមានចៅក្រម ក្រឡាបញ្ជី និងមន្ត្រីសាលាដំបូងណាម្នាក់បានជួប និងទារលុយ ដើម្បីជាថ្នូរក្នុងការដោះលែងជនត្រូវចោទនោះទេ។ ការបកស្រាយរបស់អ្នកនាំពាក្យនេះ ជាការឆ្លើយតបទៅកាន់គណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ដែលបានលើកឡើងថា « តើ​អ្នកណា​ទារលុយ​ ២០០០​ ដុល្លារ​ ដើម្បី​ជាថ្នូរ​ដោះលែងប្ដី​»?



យោងតាម​ការស្រាយបំភ្លឹរបស់អ្នកនាំពាក្យសាលាដំបូងសាលារាជធានីភ្នំពេញ ការទារលុយចំនួន ២០០០ ដុល្លារអាមេរិកនោះ គឺមេធាវីជាអ្នកទារថ្លៃសេវាកម្មមេធាវី ពោលគឺមិនពាក់ព័ន្ធនឹងចៅក្រម ក្រឡាបញ្ជី និងមន្ត្រីសាលាដំបូងណាឡើយ។ 
 
សាលាដំបូងរាជធានីភ្នំពេញ រៀបរាប់ដំណើររឿងថា សាលាដំបូង បានទទួលសំណុំរឿង ព្រហ្មទណ្ឌ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទឈ្មោះ លន ឡុង ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ ។ ក្រោយពីបានស្តាប់ចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងហើយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទនេះ នៅថ្ងៃទី០៣ ខែមេសា ដើម្បីបន្តចំណាត់ការស៊ើបសួរតាមនីតិវិធីច្បាប់។
  


ជាមួយគ្នានេះ សាលាដំបូង បានទទួលពាក្យសុំការពារសិទ្ធិឱ្យជនត្រូវចោទ និងសុំថត ចម្លងសំណុំរឿងរបស់មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ នៅថ្ងៃទី០៨ ខែមេសា។ ២ថ្ងៃក្រោយមក សាលាដំបូង បានទទួលពាក្យសុំដកពាក្យបណ្តឹងរបស់ឈ្មោះ អោក កុសល ជាអ្នកតំណាងឱ្យភាគីបើកបរម៉ូតូ ដោយមានជំនួយការមេធាវី ជាអ្នកយកពាក្យមកដាក់។ តែមកដល់ពេលនេះ ចៅក្រមស៊ើបសួរ ពុំទាន់បានទទួលពាក្យសុំឱ្យដោះលែងនៅក្រៅឃុំ ដើម្បីពិនិត្យចាត់ការតាមនីតិវិធីច្បាប់នៅឡើយ។
 
ឆ្លើយតបការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ នេះ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ដូច្នេះថា៖ «ផ្អែកតាមការសាកសួរព័ត៌មានដោយផ្ទាល់ពីប្រពន្ធជនត្រូវចោទ មេការឡាន ថៅកែឡាន រួមទាំងមេធាវី បានឆ្លើយបញ្ជាក់យ៉ាងច្បាស់ថា ការទារលុយ ចំនួន ២០០០ ដុល្លារអាមេរិកនេះ ប្រពន្ធជនត្រូវចោទថា បានឮពីមេការឡាន ហើយមេការឡានថាបានឮពីថៅកែឡាន ហើយថៅកែឡានថាបានឮពីមេធាវី ហើយមេធាវីបានទទួលស្គាល់ថាពិតជាបានទារលុយ ២០០០ ដុល្លារអាមេរិក ដែលជាលុយថ្លៃសេវាកម្មមេធាវី»។
 
សូមបញ្ជាក់ថា លោក ផែង វណ្ណៈ កាលពីថ្ងៃទី ២០ មេសា ឆ្នាំ​ ២០២៤ បានបង្ហោះសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា តើ​អ្នកណា​ទារលុយ​ ២០០០​ ដុល្លារ​ ដើម្បី​ជាថ្នូរ​ដោះលែងប្ដី​? រួមទាំងអត្ថន័យជាច្រើនបន្ថែមទៀត ក្នុងអត្តន័យឱ្យសាលាដំបូងរាជធានីភ្នំពេញ ចេញមកបកស្រាយបំភ្លឹ៕​



Tag:
 តុលាការ
  ផែង វណ្ណៈ
© រក្សាសិទ្ធិដោយ thmeythmey.com