ជាតិ
រដ្ឋមន្រ្តីកសិកម្ម ពិភាក្សាគម្រោងបង្កើនសន្តិសុខទឹក និងផលិតភាពកសិកម្មក្នុងអាងទន្លេ
22, Apr 2024 , 1:59 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិភាក្សាអំពី គម្រោងកែលម្អសន្តិសុខទឹក នាទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៨ ខែមេសា។ រូបពីក្រសួងកសិកម្ម
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិភាក្សាអំពី គម្រោងកែលម្អសន្តិសុខទឹក នាទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៨ ខែមេសា។ រូបពីក្រសួងកសិកម្ម
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិភាក្សាអំពីគម្រោងកែលម្អសន្តិសុខទឹក ឬហៅថា Water Security Improvement។ គម្រោងនេះ មានទិសដៅបង្កើនសន្តិសុខទឹក និងផលិតភាពកសិកម្មក្នុងអាងទន្លេ ដោយរួមបញ្ចូលទាំងយន្តការឆ្លើយតបបន្ទាន់សម្រាប់វិបត្តិផ្សេងៗ ជាពិសេសក្នុងបរិបទបម្រែបម្រួលអាកាសធាតុ។



នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែមេសា លោក ឌិត ទីណា បានគូសបញ្ជាក់ថា «គម្រោងកែលម្អសន្តិសុខទឹក» នឹងអាចជួយកាត់បន្ថយថ្លៃដើម ដែលធ្វើឱ្យកសិករទទួលបានផលចំណេញ ដោយមិនបន្ថែមបន្ទុកចំណាយដល់កសិករលើសេវាប្រើប្រាស់ទឹកឡើយ។ 
 
គម្រោងនេះ ទាមទារឱ្យមានការសិក្សាគ្រប់ជ្រុងជ្រោយ និងត្រូវពិនិត្យឱ្យបានស៊ីជម្រៅទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ ពិសេសស្របតាមគោលនយោបាយដែលបានដាក់ចេញដោយរដ្ឋាភិបាល។ ចំណែក ថវិកាវិញ ត្រូវប្រើប្រាស់ឱ្យចំទិសដៅ ដោយមិនត្រូវបង្កើតបញ្ហាណាមួយឡើយ។ នេះជាការណែនាំរបស់ លោក ឌិត ទីណា ដោយបង្ហើបថា «គម្រោងកែលម្អសន្តិសុខទឹក»នេះអាចចាប់ផ្ដើមពីក្រចេះ និងមណ្ឌលគិរី មុននឹងឈានទៅអនុវត្តជំហានបន្ទាប់នៅខេត្តកំពង់ធំ និងព្រះវិហារ។ 
 
ជាមួយគ្នា​នេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមពី គោលនយោបាយកសិកម្ម គឺជំរុញសហគមន៍កសិកម្មទំនើប ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ដែលការងារទាំងនេះកំពុងត្រូវការការសហការចូលរួមពីដៃគូអភិវឌ្ឍ ដើម្បីឈានទៅលើកកម្ពស់ជីវភាពពលរដ្ឋ៕ 
 
 
 
 

Tag:
 ឌិត ទីណា
  ក្រសួងកសិកម្ម
  សន្តិសុខទឹក
© រក្សាសិទ្ធិដោយ thmeythmey.com